មេដឹកនាំជាង៥០ប្រទេស ប្រជុំគ្នាដើរនៅប៉ារីស ប្រឆាំងភេវរកម្មនិងការរើសអើង
- ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី១១ មករា ២០១៥
- កែប្រែចុងក្រោយ: January 11, 2015
- ប្រធានបទ: ភេវរកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចាប់ពីម៉ោង៣រសៀលនេះទៅ ពលរដ្ឋបារាំងនិងបរទេសជាច្រើនម៉ឺននាក់ បានប្រមូលគ្នានៅកណ្ដាលរដ្ឋធានីប៉ារីស ដើម្បីដើរសុំសន្ដិភាពបន្ទាប់ពីភេវរកម្មកាលពីថ្ងៃពុធ ទី៧ ខែមករា ឆ្នាំ២០១៥កន្លងមក ទៅលើទស្សនាវដ្ដីបារាំងឈ្មោះ ឆារលីអេបដូ (Charlie Hebdo) ដែលធ្វើឲ្យមានស្លាប់១២នាក់ និង៥នាក់ នៅថ្ងៃបន្តបន្ទាប់មក។ ប៉ុន្តែជាការជួបជុំដើរសម្ដែងមតិ ប្រកបដោយកិច្ចការពារសន្ដិសុខ យ៉ាងខ្លាំងក្លាជាទីបំផុត។ កិច្ចការពារសន្ដិសុខដ៏ខ្លាំងសម្រាប់អ្នកចូលរួមទាំងអស់ ក៏ដូចជាការពារសុវត្ថិភាពឲ្យប្រធានាធិបតីបារាំង និងមេដឹកនាំធំៗមកពីប្រទេសជាច្រើន ទាំងនៅក្នុងតំបន់ទាំងមកពីទ្វីបផ្សេងទៀត ដែលមកចូលរួមដែរនោះ។
កាលពីថ្ងៃសុក្រទី៩ ខែមករា ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ (François Hollande) បានអំពាវនាវទៅពលរដ្ឋបារាំងទាំងអស់ ឲ្យងើបឈរឡើង នៅថ្ងៃអាទិត្យនេះ ដើម្បីលើកស្ទួយតម្លៃនៃលិទ្ធិប្រជាធិបតេយ្យ និងសេរីភាព។ សូមរំលឹកដែរថា នៅមុនរជ្ជកាលរបស់លោក ហូឡង់ មានតែប្រធានាធិបតីបារាំងតែមួយគត់ ដែលបានចូលរួមក្នុងការប្រមូលផ្ដុំដ៏ធំសម្បើមរបៀបនេះ បើគិតរាប់ពីប្រទេសបារាំងបានឈ្នះសង្គ្រាមលោកលើក២ ក្នុងឆ្នាំ១៩៤៥នោះមក។ ប្រធានាធិបតីតែមួយនោះ គឺលោក ហ្វ្រង់ស៊័រ មីតេរ៉ង់ (François Mitterrand) ដែលបានចូលរួមនៅក្នុងការប្រមូលផ្ដុំដ៏សម្បើមដូច្នេះ នៅថ្ងៃទី១៤ ខែឧសភាព ឆ្នាំ១៩៩០ ដើម្បីប្រឆាំងនឹងការប្រកាន់ពូជសាសន៍ និងការរើសអើង។
គណបក្សស្ដាំនិយមជ្រុលបារាំង ហៅកាត់ថា FN មិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងការដើរនេះទេ។ អ្នករៀបចំកម្មវិធី បានវាយតម្លៃថា គណបក្សមួយនេះបានបង្កឲ្យមានការបែងចែកប្រទេសបារាំង និងបង្កឲ្យមានការប្រកាន់រើសអើង រវាងពលរដ្ឋដែលកាន់សាសនាអ៊ីស្លាម ព្រមទាំងប្រើប្រាស់នូវការបំភិតបំភ័យ ដើម្បីចំណេញនយោបាយរបស់ក្រុមខ្លួន។ ប៉ុន្តែការលើកឡើងនេះ ត្រូវបានប្រធានគណបក្ស លោកស្រី ម៉ារីន ឡឺពែន (Marine Le Pen) បដិសេធ និងបរិហាពីការចាត់ទុកក្រុមលោកស្រី ដាច់ដោយឡែកពីគ្នានេះ។ លោកស្រីនិយាយថា «គ្មានការបង្រួបបង្រួមជាតិទេ»។ ចំណែកអនុប្រធានគណបក្សរបស់លោកស្រីវិញ បានវាយតម្លៃទៀតថា ការដើរនៅថ្ងៃនេះ គ្រាន់តែជាជួបប្រជុំគ្នារវាងក្រុមបក្សពួកមួយក្រុមប៉ុណ្ណោះ។
ចំពោះមេដឹកនាំបរទេសវិញ គេសង្កេតឃើញប្រទេសនៅជុំវិញបារាំង សុទ្ធតែបានមកចូលរួមក្នុងការដើរនេះទាំងអស់ ក្នុងនោះ រាប់តាំងពីមេដឹកនាំនៃប្រទេសប៊ែលហ្សិក ប្រទេសហូឡង់ ជាពិសេសអគ្គទេសាភិបាលអាល្លឺម៉ង់ លោកស្រី អង់ជឺឡា ម៉ែរគែល (Angela Merkel) និងប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលី លោក ម៉ាតេអូ រ៉េនហ្សី (Matteo Renzi) បូករួមនឹងមេដឹកនាំនៃសហគមន៍អ៊ឺរ៉ុបជាច្រើននាក់។ រីឯនាយករដ្ឋមន្ត្រីនៃប្រទេសអេស្ប៉ាញ លោក ម៉ារីយ៉ាណូ រ៉ាហ័យ (Mariano Rajoy) និងនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស លោក ដេវីដ កាមើរូន (David Cameron) ដែលសុទ្ធសឹងជាតំណាងឲ្យប្រទេសដែលធ្លាប់រងគ្រោះ នឹងការវាយប្រហារដោយភេវរកម្មនោះ ក៏បានមកចូលរួមដែរ។
ចំពោះសហរដ្ឋអាមេរិកវិញ បានបញ្ជូនតំណាងរបស់ខ្លួនមកមួយរូប នោះគឺរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមហាផ្ទៃ លោក អេរិច ហូដ័រ (Eric Holder) ខណៈសហព័ន្ធរ៉ូស្សីបានបញ្ជូនលោកប្រមុខការទូត រដ្ឋមន្ត្រីការបរទេស លោក ស៊ែហ្គៃ ឡាវ្រៅ (Sergueï Lavrov) មកចូលរួមក្នុងពិធីនេះ តាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង។ មិនត្រឹមតែប៉ុណ្ណឹង នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្ត្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ប្រធានរដ្ឋប៉ាឡេស្ទីន លោក ម៉ាមូដ អាបាស (Mahmoud Abbas) មេដឹកនាំមួយចំនួនទៀត នៅក្នុងតំបន់មជ្ឈឹមបូពា និងប្រធានាធិបតី នៃប្រទេសចំនួន៨ នៅទ្វីបអាហ្វ្រិក ក៏បានចូលមកដើររួមគ្នានៅប៉ារីសថ្ងៃនេះដែរ។ នេះគេមិនទាន់រាប់ផងទេ ពីអង្គការអន្តរជាតិជាច្រើនទៀត ដូចជាអង្គការសហប្រជាជាតិ អង្គការអូតង់ សម្ព័ន្ធអារ៉ាប់។ល។ សុទ្ធតែបានបង្ហាញពីសេចក្ដីសម្រេចចិត្តរួមគ្នា ពិភពលោកនេះចង់រស់នៅក្នុងសុខសន្តិភាព និងគ្មានការគម្រាមកំហែង៕
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងជូនព័ត៌មានបន្ថែម ពីព្រឹត្តិការណ៍នេះ។