គ្រោះធម្មជាតិនៅឥណ្ឌូនេស៊ី៖ សុខចិត្ត​ស្លាប់​ខ្លួន​ដើម្បី​ឲ្យ​យន្ដហោះ​ងើប​ខ្លួន​ដោយ​សុវត្ថិភាព

នៅខណៈព្រះធរណី កំពុងរង្គើខ្លួន បុគ្គលិកទាំងអស់ នៅក្នុងបន្ទប់ត្រួតពិនិត្យការហោះហើរ នៃព្រលានយន្ដហោះក្រុង «Palu» បានភៀសខ្លួនចេញ ដើម្បីរកទីសុវត្ថិភាព ដែលខុសគ្នាស្រឡះ ពីបុគ្គលិកម្នាក់ ដែលសុខចិត្តអង្គុយក្នុងបន្ទប់ រហូតលុះត្រាយន្ដហោះមួយគ្រឿង បានហោះចេញដោយសុវត្ថិភាព។
គ្រោះធម្មជាតិនៅឥណ្ឌូនេស៊ី៖ សុខចិត្ត​ស្លាប់​ខ្លួន​ដើម្បី​ឲ្យ​យន្ដហោះ​ងើប​ខ្លួន​ដោយ​សុវត្ថិភាព
យុវជន «Anthonius Gunawan Agung» (រូបខាងស្ដាំ) និងទិដ្ឋភាពបន្ទប់ត្រួតពិនិត្យការហោះហើរ ដែលរងការខូចខាត។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០២ តុលា ២០១៨
  • កែប្រែចុងក្រោយ: October 03, 2018
  • ប្រធានបទ: វីរភាព
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុវជន «Anthonius Gunawan Agung» អាយុ២១ឆ្នាំ បានពលីជីវិតរបស់ខ្លួន ប្រកបដោយវីរភាព បន្ទាប់ពីបានបំពេញការងាររបស់ខ្លួន រហូតចប់ចុងចប់ដើម នៅខណៈពេល ដែលមានការរញ្ជួយដី ដ៏ខ្លាំងក្លា (កម្រិត ៧,៥រិចឆ្ទ័រ) កាលពីថ្ងៃសុក្រ នៅលើកោះ «Sulawesi ឬជាភាសាបារាំង Célèbes» នៃប្រទេស​ឥណ្ឌូនេស៊ី។

នៅពេលនោះ រាល់បុគ្គលិកទាំងអស់ នៅក្នុងបន្ទប់ត្រួតពិនិត្យការហោះហើរ បានភៀសខ្លួនចេញ ទៅរកទីសុវត្ថិភាព ដែលផ្ទុយពីយុវជនខាងលើ ដែលបដិសេធមិនចាកចេញ រហូតលុះត្រាយន្ដហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ «Batik Air» ដែលភ្ជាប់ជើងហោះហើរលេខ «៦២៣១»​ បាន​ហោះ​​ងើបខ្លួន​​ដោយសុវត្ថិភាព ចេញពីព្រលានយន្ដហោះ «Mutiara SIS Al-Jufrie» នៃក្រុង «Palu»។

» បន្ទប់ត្រួតពិនិត្យការហោះហើរ នៅមុនគ្រោះរញ្ជួយដី៖

«វីរបុសជាតិ»

អ្នកនាំពាក្យរបស់អាជ្ញាធរ ទទួលបន្ទុកសុវត្ថិភាពការហោះហើរ «AirNav Indonesia» របស់​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវបាន​ស្រង់​សំដី ដោយសារព័ត៌មាន​ក្នុងស្រុក មកបញ្ជាក់ថា ពលិកម្មរបស់យុវជន «Anthonius Gunawan Agung» បានជួយសង្គ្រោះជីវិត ដល់អ្នកដំណើរ​ជាច្រើនរយនាក់ ដែលស្ថិត​នៅក្នុង​យន្ដហោះ។ យ៉ាងណា ចំនួនពិតប្រាកដ នៃអ្នកដំណើរ មិនត្រូវបានបញ្ចេញ​ឲ្យដឹងទេ។

សាក្សី និងភស្ដុតាងជាច្រើន ត្រូវបានសារព័ត៌មាន​ក្នុងស្រុក យកមកអះអាងថា យុវជនទំនង​ជាបានលោត ចេញពីបន្ទប់ធ្វើការ​របស់ខ្លួន បន្ទាប់ពីបញ្ចប់ការងារ​របស់ខ្លួន និងដើម្បីបានរួចជីវិត ពីគ្រោះរញ្ជួយព្រះធរណី ដែលបានបំផ្លាញអាគារជាច្រើន ឲ្យបាក់ស្រុត។ ប៉ុន្តែការលោតចេញ ពីបន្ទប់កំពស់៤ជាន់ (ក្នុងរូបថត) បានបណ្ដាល​ឲ្យយុវជន រងរបួសធ្ងន់ធ្ងរ៖ បាក់ជើង​ទាំងពីរ និងរបួសគ្រាំក្នុង​ ជាច្រើនកន្លែង។

» បន្ទប់ត្រួតពិនិត្យការហោះហើរ នៅក្រោយគ្រោះរញ្ជួយដី៖

យុវជនត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យនៅជិតបំផុត ដើម្បីទទួលការព្យាបាលភ្លាមៗ។ តែរបួសរបស់យុវជន ចាំបាច់ត្រូវធ្វើការវះកាត់ និងសង្គ្រោះបន្ទាន់។ ជាអកុសល យុវជនបានផុតដង្ហើម នៅក្នុងឧទ្ធម្ភាគចក្រ ដែលបានដឹកបញ្ជូនយុវជន ទៅកាន់មន្ទីរពេទ្យមួយទៀត ដែលមានបំពាក់ ដោយសម្ភារៈបរិក្ខាប្រសើរជាង។

មនុស្សបានស្លាប់ទៅហើយមែន តែនាយកគ្រប់គ្រង «AirNav Indonesia» បានតំឡើងឋានៈពីរថ្នាក់ ឲ្យសពយុវជន ដើម្បីជាកិត្តិយសសម្រាប់យុវជនផ្ទាល់ ក្រុមគ្រួសារ និងជាគំរូ សម្រាប់ប្រជាជាតិទាំងមូល។ អ្នកនាំពាក្យរបស់ «AirNav Indonesia» បានអះអាងថា៖ «នៅពេលកំពុងរញ្ជួយដី យុវជនរូបនេះបានអនុញ្ញាត ឲ្យយន្ដហោះ "Batik Air" អាចហោះឡើង និងបានរង់ចាំ រហូតលុះត្រាយន្ដហោះ បានងើបខ្លួនផុតពីដី ដោយសុវត្ថិភាព ទើបយុវជនចាកចេញ ពីបន្ទប់ធ្វើការរបស់ខ្លួន»។

មកដល់ម៉ោងនេះ តុល្យភាពផ្លូវការបានអះអាងថា មនុស្សមិនតិចជាង ១២០០នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍រញ្ជួយដី ដែលបន្ថែមដោយ គ្រោះរលកយក្សជាច្រើនទៀត ក្នុងល្ងាចថ្ងៃសុក្រ បន្តមកដល់ព្រឹកថ្ងៃសៅរ៍។ ក្នុងហេតុការណ៍នេះ មនុស្សច្រើនរយពាន់នាក់ បានរងរបួស ខណៈមនុស្សរាប់សិបនាក់ផ្សេងទៀត នៅកំពុងបាត់ខ្លួននៅឡើយ៕

» រូបថតក្នុងឯកសណ្ឋាន របស់យុវជនអាយុ២១ឆ្នាំ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...