ថៃ​ព្រមាន​បិត​ហ្វេសប៊ុក ជុំ​វិញ​រូបភាព​អាស្រូវ​របស់​ស្ដេច​ខ្លួន

ហ្វេសប៊ុក (Facebook) អាចនឹងលែង​មាន​ដំណើរការ​ទាំងស្រុង នៅក្នុងប្រទេសថៃ ក្នុងថ្ងៃនេះ បន្ទាប់ពីរូបភាពដ៏អាស្រូវ បង្ហាញពីព្រះមហាក្សត្រ នៃប្រទេសនេះ ត្រូវបានបង្ហោះ និងចែករំលែក នៅពាសពេញបណ្ដាញសង្គម។ ក្នុងរូបភាព ដែលជាវីដេអូឃ្លីបដ៏ខ្លីមួយនោះ គេឃើញព្រះមហាក្សត្រថៃ ព្រះបាទ ម៉ាហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) ទ្រង់អាវខ្លីពណ៌លឿង កំពុងយាងកម្សាន្ដ ជាមួយស្ត្រីម្នាក់ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយកន្លែង។
ថៃ​ព្រមាន​បិត​ហ្វេសប៊ុក ជុំ​វិញ​រូបភាព​អាស្រូវ​របស់​ស្ដេច​ខ្លួន
រូបថតផ្តិតពីវីដេអូ បង្ហាញពីព្រះមហាក្សត្រថៃ ទ្រង់គ្រឿងដោយអាវខ្លីមួយ កំពុងដើរកម្សាន្ដផ្សារទំនើប។
Loading...
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 16, 2017
  • ប្រធានបទ: ថៃនិងហ្វេសប៊ុក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឃ្លីបវីដេអូដ៏ខ្លី តែបង្កភាពអាស្រូវ ដល់រាជវង្សថៃ រហូតដល់ថ្នាក់អាជ្ញាធររបស់ប្រទេសនេះ ព្រមានប្រើច្បាប់«លិតព្រះបាទា» ដើម្បីបិតហ្វេសប៊ុក (Facebook) ឲ្យលែងមានដំណើរការ នៅទូទាំងប្រទេស។ ឃ្លីបវីដេអូនោះ បានបង្ហាញឲ្យឃើញ ព្រះមហាក្សត្រថៃ ព្រះបាទ ម៉ាហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) ទ្រង់អាវខ្លីពណ៌លឿង កំពុងយាងកម្សាន្ដ ជាមួយស្ត្រីម្នាក់ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយកន្លែង។

សារព័ត៌មានថៃ «BangKok Post» បានរាយការណ៍ថា ហ្វេសប៊ុក បណ្ដាញសង្គមធំជាងគេ នៅលើលោក នឹងលែងមានដំណើរការ នៅក្នុងប្រទេសថៃ ប្រសិនជាវីដេអូខាងលើនេះ នៅតែមានវត្តមាន នៅលើប្រព័ន្ធរបស់ខ្លួន។ អាជ្ញាធរថៃ បានឲ្យវេលា ទៅហ្វេសប៊ុក នៅត្រឹមវេលាម៉ោង១០ ព្រឹកថ្ងៃអង្គារនេះ។

លោក «Takorn Tantasith» មន្ត្រីជាន់ខ្ពស់ម្នាក់ ទទួលបន្ទុកផ្នែកការផ្សព្វផ្សាយ និងទូរគមនាគមន៍ របស់ប្រទេសថៃ បានថ្លែងឡើងថា៖ «បើទំព័រហ្វេសប៊ុកណាមួយ នៅមានវីដេអូនេះ នៅលើហ្វេសប៊ុកនោះ យើងនឹងចាប់វិធានការតាមផ្លូវច្បាប់ ដើម្បីប្រឆាំងនឹងក្រុមហ៊ុន ហ្វេសប៊ុក ប្រចាំក្នុងប្រទេសថៃ»។

កាលពីប៉ុន្មានថ្ងៃមុន នាយកក្រុមហ៊ុនទាំងឡាយ ដែលផ្ដល់សេវាកម្មអ៊ិនធើណែត នៅក្នុងប្រទេសថៃ បានសរសេរលិខិតដោយផ្ទាល់មួយ ទៅកាន់ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន ហ្វេសប៊ុក លោក ម៉ាក ហ្សូកើប៊ែរ (Mark Zuckerberg) ដើម្បីស្នើសុំឲ្យលោក ធ្វើអន្តរាគមន៍ ដកឃ្លីបវីដេអូនេះ ចេញ។ ប៉ុន្តែ ទោះបីហ្វេសប៊ុក បានព្យាយាមធ្វើ នូវចំណាត់ការមួយចំនួនហើយក៏ដោយ ក៏វីដេអូដូចគ្នា ប្រមាណជាង ៣០០ទៀត នៅកំពុងមានវត្តមាន នៅឡើយលើបណ្ដាញសង្គម។

ព្រះបាទ ម៉ាហា វ៉ាជីរ៉ាឡុងកន បានឡើងគ្រងរាជ្យសម្បត្តិ កាលពីខែធ្នូកន្លងមក ក្នុងព្រះជន្ម ៦៤ព្រះវស្សា បន្តពីព្រះរាជបិតារបស់ទ្រង់ ដែលបានសោយទីវង្គត់ទៅ ដោយរោគាពាធ។ ព្រះអង្គ ម៉ាហា មិនមានប្រជាប្រិយភាពប៉ុន្មានទេ នៅក្នុងស្រទាប់ប្រជារាស្ត្រ ដោយសារតែរឿងអាស្រូវ ជាច្រើន​រាប់មិនអស់ ចេះតែបែកធ្លាយជាបន្តបន្ទាប់ ចេញពីព្រះអង្គ និងអ្នកនៅជិតស្និតរបស់ទ្រង់។ ហើយនេះ បើទោះជាប្រទេសថៃ មានច្បាប់ «លិតព្រះបាតទា» ដ៏តឹងតែងមួយ សម្រាប់ដាក់កំហិតទៅលើនរណា ដែលហ៊ាននិយាយ ពី«រឿងពិត» របស់ព្រះរាជវង្សថៃក៏ដោយ។

កាលពីខែកក្កដាកន្លងទៅ រូបភាពប្រហែលគ្នានេះ ក៏បានធ្វើឲ្យផ្អើល អស់ទាំងប្រព័ន្ធផ្សព្វផ្សាយ នៅពាសពេញផែនដីដែរ។ រូបថតនោះ បង្ហាញពីព្រះអង្គម្ចាស់ ម៉ាហា វ៉ាជីរ៉ាឡុងកន ដែលគ្រឿងដោយខោខូវប៊យ ពាក់អាវខ្លីបង្ហាញសាច់ មានរូបសាក់ពាសពេញ ព្រមទាំង​មាន​សត្វ​ឆ្កែ​មួយ​ក្បាល ឈ្មោះ «Foo-Foo» នៅនឹងព្រះហស្ថនោះ កំពុងយាងចុះពីយន្ដហោះ អមដោយអ្នកម្នាងមួយរូប នៅក្នុងព្រះលានយន្ដហោះ ក្រុង ម៉ូនិឆ ប្រទេសអាល្លឺម៉ង់ ដោយមានការស្វាគមន៍ ពីមន្ត្រីអ្នកមុខអ្នកការថៃ នៅទីនោះផង។

វីដេអូមួយទៀត ដែលបង្កភាពអាម៉ាសបំផុត ទៅដល់រាជវង្សថៃនោះ គឺជាវីដេអូ ដែលបានថត ពីការធ្វើបុណ្យចម្រើនព្រះជន្ម របស់ព្រះអង្គម្ចាស់ ម៉ាហា វ៉ាជីរ៉ាឡុងកន តាំងពីឆ្នាំ២០០៧។ ក្នុងវីដេអូ ដែលទើបនឹងត្រូវបែកធ្លាយ កាលពីបីឆ្នាំមុន បានបង្ហាញឲ្យឃើញថា ព្រះអង្គកំពុងធ្វើពិធីបុណ្យនេះ ជាមួយនឹងមហេសីទី៣​ អ្នកម្នាង «Srirasmi Suwadee» ដែលគ្មានស្លៀកពាក់អ្វី ក្រៅតែខោស្លីបដ៏ខ្លីមួយ ជាប់នឹងខ្លួនទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...