កីឡាករបាល់ទាត់ប្រេស៊ីលម្នាក់ត្រូវបានរកឃើញស្លាប់ជិតដាច់ក និងដាច់លិង្គ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣១ តុលា ២០១៨
- កែប្រែចុងក្រោយ: October 31, 2018
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករ «Daniel Correa Freitas» អាយុ ២៤ឆ្នាំ ជាកីឡាកររបស់ក្រុម «Sao Paulo - ប្រេស៊ីល» តែត្រូវបានក្រុម «Sao Bento - ប្រេស៊ីល» ខ្ចីយកទៅទាត់ឲ្យខ្លួន តាំងពីឆ្នាំទៅម៉ិញ។
នគរបាលប្រេស៊ីលបានអះអាងថា សាកសពកីឡាករត្រូវបានរកឃើញ នៅក្នុងព្រៃល្បោះមួយ ក្បែរភូមិ «Sao José dos Pinhais» ដែលស្ថិតនៅជាយក្រុង «Curitiba» ស្ថិតនៅភាគខាងត្បូងប្រទេស។ ខ្សែបម្រើរូបនេះ ត្រូវបានសម្លាប់ដោយអារក យ៉ាងជ្រៅរហូតធ្វើឲ្យក្បាល សឹងតែដាច់ចេញពីស្មារទៅហើយ។ ដោយឡែក លិង្គរបស់កីឡាករ ត្រូវបានកាត់ផ្ដាច់ទាំងស្រុង។
អាជ្ញាធរអះអាងថា ការស៊ើបអង្កេតរបស់ខ្លួន បានឈានដល់កម្រិតមួយ ស៊ីជម្រៅហើយ តែបដិសេធមិនបញ្ចេញឲ្យដឹង ពីមូលហេតុ និងឃាតករ ដែលប្រព្រឹត្តិទង្វើខាងលើនេះទេ។
យ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា កីឡាករទំនងជាត្រូវបានសម្លាប់ ដោយស្វាមីរបស់ស្ត្រីម្នាក់ ដែលកីឡាករមានទំនាក់ទំនង «ពិសេស» ជាមួយ រហូតមកដល់សព្វថ្ងៃ។ សារព័ត៌មាន «Banda B» ថែមទាំងអះអាងទៀតថា ការធ្វើទារុណកម្ម ត្រូវបានអនុវត្តន៍ មុននឹងកីឡាករត្រូវបានសម្លាប់។
ក្រុមបាល់ទាត់ «Sao Paulo» ក៏ដូចជាក្រុម «Sao Bento» សុទ្ធតែធ្វើការឧទ្ទិសវិញ្ញាណក្ខន្ធ ទៅដល់កីឡាករផងខ្លួន ដោយបានរក្សាភាពស្ងប់ស្ងៀម ក្នុងរយៈពេលមួយនាទី នៅមុនការហ្វឹកហាត់៕