«សំដីឲ្យប្រផ្នូល របស់កូនស្រី» សំណើចខ្លី
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៨ តុលា ២០១៨
- កែប្រែចុងក្រោយ: October 09, 2018
- ប្រធានបទ: រឿងខ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាទម្លាប់នៅវេលាយប់ឡើង លោកឪពុកតែងចូលទៅនិទានរឿង ឲ្យកូនស្រីតូចរបស់ខ្លួន នៅមុនកុមារីអាយុ៣ឆ្នាំរូបនេះ លង់លក់ក្នុងដំណេក។ ហើយក៏ជាទម្លាប់ដែរ ដែលកុមារីតែងបន់ស្រន់ និងជូនពរមនុស្ស នៅក្នុងគ្រួសារខ្លួន នៅមុនលោកឪពុក ចាកចេញពីបន្ទប់។ យប់នេះ កូនស្រីតូច បានថ្លែងបន់ស្រន់ និងជូនពរ នូវពាក្យមួយឃ្លាថា៖
- សូមព្រះជាម្ចាស់ ការពារថែរក្សាម្ដាយខ្ញុំ ឪពុកខ្ញុំ លោកយាយខ្ញុំ។ តែសូមជម្រាបលា លោកតា។
លោកឪពុកសួរឡើង៖
- ហេតុអ្វី ក៏កូននិយាយលាលោកតា?
នាងតូចឆ្លើយថា៖
- កូនមិនដឹងទេ... តែវាដូចជាមានតែពាក្យហ្នឹង ដែលកូនត្រូវនិយាយ។
លុះស្អែកព្រឹកឡើង ជីតានាងបានលាចាកលោក។ លោកឪពុកឆ្ងល់យ៉ាងខ្លាំង នឹងពាក្យជូនពររបស់កូនស្រីខ្លួន ដែលដូចជាគាប់ជួនពេកណាស់។ នៅប៉ុន្មានខែក្រោយមក នៅមុនពេលឪពុកចាកចេញពីបន្ទប់ កូនស្រីតូចបានបន្លឺពាក្យបន់ស្រន់ និងជូនពរទៀតថា៖
- សូមព្រះជាម្ចាស់ ការពារថែរក្សាម្ដាយខ្ញុំ ឪពុកខ្ញុំ។ តែសូមជម្រាបលា លោកយាយ។
លុះស្អែកព្រឹកឡើង ជីដូននាងក៏បានលាចាកលោក ដូចជីតានាង កាលពីពេលមុនដែរ។ លោកឪពុកមិនឆ្ងល់ទៀតទេ តែជឿជាក់ច្បាស់ ថាកូនខ្លួនពិតជាមានវិញ្ញាណទី៦ ដែលអាចដឹងហេតុការណ៍ដ៏អកុសល ជាមុនដូច្នេះបាន។ នៅប៉ុន្មានសប្ដាហ៍ក្រោយមក កូនស្រីបានថ្លែងបន់ស្រន់ នៅចំពោះឪពុកនាង នៅពេលយប់មុនគេងថា៖
- សូមព្រះជាម្ចាស់ ការពារថែរក្សាម្ដាយខ្ញុំ។ តែសូមជម្រាបលា លោកឪពុក។
លោកឪពុកញ័រខ្លួនចំប្រប់! យប់នេះ បុរសគេងមិនលក់ទាល់តែសោះ និងបានងើបទៅធ្វើការ តាំងពីព្រហាម។ លោកឪពុកមានចិត្តមិនស្ងប់ទេ ហើយសម្លឹងមើលនាឡិកា មិនលួសពេល។ បន្ទាប់ពី ពីអង្គុយនៅក្នុងការិយាល័យខ្លួន រហូតដល់ពាក់កណ្ដាលអាធ្រាត និងឃើញថា ខ្លួនមានជីវិតនៅឡើយនោះ បុរសយើងបានសម្រេចចិត្ត វិលត្រឡប់ទៅផ្ទះវិញ។
មកដល់ផ្ទះ នាងជាភរិយា បានចោទសួរទៅកាន់បុរសថា៖
- ជាលើកទីមួយហើយ ដែលបងឯងត្រឡប់ចូលផ្ទះវិញ យប់យ៉ាងនេះ។ តើមានរឿងអ្វីឬ?
- មួយជីវិតនេះ ទើបតែមានថ្ងៃនេះមួយទេ ដែលជាថ្ងៃអាក្រក់បំផុត... តែឈប់និយាយទៅ។
ស្ត្រីម្ដាយនាងតូច បានតបទៅស្វាមីខ្លួនថា៖
- អូ... បងឯងជួបរឿងអាក្រក់ឬ? តែបងឯង មិនបានដឹងពីរឿងរ៉ាវ ដែលកើតឡើង ចំពោះខ្ញុំទេ។ ព្រឹកម៉ិញនេះ អ្នកបើកឡានឲ្យយើង បានស្លាប់ហើយ នៅមុនពេលដឹកជូនខ្ញុំ ទៅផ្សារ៕