«កំប្លែង» ​ជា​សិល្បះ​គ្រាន់​តែ​ធ្វើ​​ឲ្យ​​សើច គ្មាន​ឫសគល់​និង​ខ្លឹម​សារ?

ការកំប្លែង គឺជា រឿងល្ខោន សៀវភៅ ភាពយន្ត ឬ កម្មវិធីទូរទស្សន៍ទាំងឡាយណាដែលបាន បង្ហាញនូវអត្ថន័យចំអក ការកំសាន្តទាំងឡាយណា ដែលជារឿងៗ ធ្វើឲ្យអ្នកទស្សនា អ្នកស្តាប់ ឬ អ្នកអានផ្ទុះចេញនូវសំណើច។ សកម្មភាពកំប្លែងពោរពេញ ទៅដោយ ស្ថានភាពភ្ញាក់ផ្អើល ឬ ភាពឡឺកឺ ដែលយើងមិនធ្លាប់ស្មានទុកពីមុន ហើយស្ទើរតែមួយរយភាគរយ គឺ វាតែងតែផ្តល់នូវភាពសប្បាយរីករាយ នៅចុងបញ្ចប់នៃសាច់រឿង។ ការកំប្លែងអាចត្រូវបានគេពិពណ៌នាថា ជាព្រឹត្តិការណ៍ ឬ ការគាប់ជួនដែលនាំឲ្យ មានភាពសប្បាយរីករាយ។
Loading...
  • ដោយ: គល់រាំង
  • កែប្រែចុងក្រោយ: December 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដូចម្តេចដែលហៅថា ការកំប្លែង? តើការកំប្លែងមានប្រភពមកពីណា? តើការកំប្លែងមានប៉ុន្មានប្រភេទ? អ្វីខ្លះ?


និយមន័យ នៃកំប្លែង

  • តាមវចនានុក្រមសម្តេចព្រះសង្ឃរាជជួនណាតបានពន្យល់ថា៖

    ការកំប្លែង ឬកំប្លែង ឬហសនាដកម្ម មាន​ថ្នាក់ពាក្យជា នាម មានន័យថា ការលេងដោយបទបែបផ្សេងៗ ឲ្យ​អ្នក​ឯ​ទៀត​រួសរាយសប្បាយសើច ការចេះ​ចាក់ត្លុក ឬ ក្រមាច់ក្រមើមឲ្យគេសើច។ មនុស្សដែលចេះកំប្លែង អ្នក​ស្រុក​គេ​ច្រើន​ហៅ​ថា៖ អ្នកកំប្លែង មនុស្ស​កំប្លែង ឬត្លុកកំប្លែង ឬមនុស្សក្រមាច់ក្រមើម។ ក្រមាច់ ថ្នាក់ពាក្យជា​គុណនាម មាន​ន័យថា ដែល​ចេះកំប្លែង​ដោយវាចា ឬដោយអវយវៈ មានញាក់មុខញាក់មាត់ គួរឲ្យសើច។

  • តាមឯកសារបរទេសលោកបានពន្យល់ថា៖

    ការកំប្លែង គឺជារឿងល្ខោន សៀវភៅ ភាពយន្ត ឬកម្មវិធី​ទូរទស្សន៍​ទាំងឡាយណាដែលបាន បង្ហាញនូវ​អត្ថន័យ​ចំអក ការកំសាន្តទាំងឡាយណា ដែលជារឿងៗ ធ្វើឲ្យ​អ្នកទស្សនា អ្នកស្តាប់ ឬ អ្នកអានផ្ទុះចេញនូវសំណើច។ សកម្មភាព​កំប្លែងពោរពេញ ទៅដោយ ស្ថានភាព​ភ្ញាក់ផ្អើល ឬ ភាពឡឺកឺ ដែលយើងមិនធ្លាប់ស្មានទុកពីមុន ហើយស្ទើរតែ​មួយ​រយ​ភាគរយ គឺវាតែងតែផ្តល់​នូវ​ភាពសប្បាយរីករាយ នៅចុងបញ្ចប់នៃសាច់រឿង។ ការកំប្លែង​អាច​ត្រូវបានគេ​ពណ៌នា​ថា ជាព្រឹត្តិការណ៍ ឬការ​គាប់ជួនដែលនាំឲ្យ មានភាពសប្បាយរីករាយ។ ផ្ទុយនឹង​ការ​កំប្លែង គឺសោកនាដកម្ម ដែល​នៅក្នុង​សាច់រឿង ពោរពេញទៅដោយ ភាពសោកសង្រេង និងនៅទីបញ្ចប់តួឯក ច្រើនតែបែកបាក់គ្នាទាំងវេទនា។

ប្រភពកំប្លែង

អត្ថន័យកំប្លែងច្រើនបានមកពីការសង្កេតសកម្មភាពដែលគួរឲ្យអស់សំណើចនានារបស់មនុស្ស សត្វ និងធម្មជាតិ ហើយបន្ទាប់មកគឺ ធ្វើត្រាប់តាម ដើម្បីឲ្យអ្នកដទៃ បានមើល ឬ ស្តាប់។

ប្រភពកំណើតនៃការកំប្លែង គឺកើតឡើងដំបូងគេនៅប្រទេសក្រិច។ ការកំប្លែងត្រូវបានគេបញ្ចូល​ទៅក្នុង​សាច់រឿង​ល្ខោន និង ការនិយាយ ឬ ធ្វើកាយវិកាផ្សេងៗ ទៀតអមដោយ ភ្លេងកន្រ្តាក់អារម្មណ៍ផង។ ការកំប្លែងខ្លះត្រូវ​បាន​គេ​បញ្ចូល​ទៅ​ក្នុងរូបគំនូរ (ជីវចល រូបត្លុក រូបភាពក្នុងសៀវភៅ) និងពាក្យពេចន៍សាច់រឿង ក្នុងសៀវជាដើម។

សម្រាប់ជនជាតិខ្មែរវិញ កំប្លែង គឺមានតាំងតែ បុរាណកាលមកម្លេះ។ ខ្មែរតែងតែមានការពេញនិយម ការកំប្លែង នៅ​គ្រប់​សម័យកាល របស់ខ្លួន។ ក្រៅតែពីការនិយាយលេង ឬការធ្វើកាយវិកាកំប្លែង ដោយផ្ទាល់ជាមួយ នឹងមិត្តភក្តិ​ពេល​ទំនេរ​ពីការងារ ឬក្នុងពេលបំពេញការងារ ដើម្បីជាការបន្លប់ការនឿយហត់របស់ខ្លួននៅក្នុងភូមិស្រុក។ ខ្មែរនៅ​មានការ​បញ្ចូលកំប្លែង ទៅក្នុងទម្រង់សិល្បៈរបស់ខ្លួន ជាច្រើនទម្រង់ស្ទើររាប់មិនអស់។ សិល្បៈដែលមានបង្កប់ អត្ថន័យកំប្លែង​រួមមាន៖ ខ្សែឌៀវ ចាប៉ី ចម្រៀងសម័យ ចម្រៀងបុរាណ ល្ខោនយីកេ ល្ខោនបាសាក់ ឆាកកំប្លែង អាយ៉ៃ ល្ខោនខោល ល្ខោននិយាយ រាំវង់ ឆៃយ៉ាំ ល្បែងប្រជាប្រិយ របាំប្រជាប្រិយ......ល។ មិនតែប៉ុណ្ណោះ ខ្មែរក៏​នៅ​មាន​បង្កប់អត្ថន័យកំប្លែង នៅក្នុងទម្រង់អក្សរសិល្ប៍ជាច្រើនទៀត ដូចជា៖ កំណាព្យ ប្រស្នា ពាក្យបណ្តៅ គំនូរ រឿងព្រេង រឿងប្រលោមលោក​។

ប្រភេទកំប្លែងមាន ៤ សំខាន់ៗ គឺ៖

ក. ការកំប្លែងតាមរយៈការបញ្ចេញគំនិត

  • អត្តចរិតដែលបង្ហាញពីទំនាស់នៃគំនិត។
  • អត្តចរិតដែលប្រើប្រាជ្ញាឬភាសាប្រកបដោយភាពឈ្លាសវៃដើម្បីត្រាប់តាមឬចំអកឡកឡឺយ។
  • អត្តចរិតដែលដែលប្រើនិពន្ធន៍ដៀលត្នះដើម្បីសើចចំអកអ្នកជាទីស្រលាញ់មាន៖ គ្រួសារ មិត្តភក្តិ សាសនា នយោបាយ ប្តីប្រពន្ធជាដើម។

ខ. ការកំប្លែងតាមរយៈឫកពា

  • ការប្រើប្រាស់ប្រកបដោយជំនាញ និងប្រាជ្ញាឈ្លាសតាមរយៈវាចារ ដោយផ្ទាល់ខាងភាសា ដើម្បីសម្រាញ់យក​នូវ​ការកំប្លែងស្ងួត ពីស្ថានការណ៍សាមញ្ញណាមួយ។
  • ឧបាយកលសម្ងាត់ដែលស្តែងឡើងតាមរូបភាពស្រលាញ់ងប់ក្នុងចំណោមមនុស្សថ្នាក់ខ្ពស់នានា។
  • បន្ទប់គំនូរដែលបង្ហាញនូវការកំប្លែងតាមរយៈសន្ទរកថា ឬ ភាសាឈ្លាសវៃ។

គ. ការកំប្លែងតាមរយៈត្លុកល្ខោន ឬ ហសនាដកម្ម

  • ដំណើររឿងពោរពេញទៅដោយការកើតព្រមគ្នា ការខុសពេលវេលា ការច្រឡំអត្តសញ្ញាណជាដើម។
  • ការបង្ហាញទាំងអស់ គឺតាមរយៈអាយ៉ង រូបតក្កតានៃផលកម្ម (វាសនា ឬ គ្រោះកាច)។
  • ការបាត់បង់នៃអត្តសញ្ញាណពីព្រោះតែគ្រោះកាច ឬគ្រោះថ្នាក់ណាមួយ។

ឃ. ការកំប្លែងថ្នាក់ក្រោម

  • ការដួលអុកគូថ កាយវិកាមិនគប្បីនានា សំណើចកើតចេញពីមុខងារនៃរាងកាយណាមួយរបស់មនុស្ស ភាសា​អាសអាភាស ការខូចទ្រង់ទ្រាយនៃរូបភាព។
  • ភាពទេរ ទ្រេតទ្រោតនៃ (មនុស្ស សត្វ រុក្ខជាតិ) ។

ង. រឿងល្ខោន ដែលបង្ហាញនូវភាពឡឺកឺ (ភ្លីភ្លើ)

  • ការសម្តែងដែល ធ្វើឲ្យយើងមិនមាន ផាសុកភាព មិនងាយស្រួល មិនប្រាកដប្រជាថា តើមានលំដាប់លំដោយ បែបណា មានគោលគំនិតដូចម្តេច ឬ មានន័យយ៉ាងណា នៅក្នុងជីវភាពរស់នៅ ជាក់ស្តែង។
  • មានលក្ខណៈជាសាច់រឿង ជាការប្រឌិត ជាជាងការពិត ជារឿយៗ ​ត្រូវបានគេរៀបចំ​នូវស្ថានភាព ដែល​អាច​ទៅរួចជាក់ស្តែង ជាដើមជាមួយនឹង សាច់រឿងមិនពិត មួយចំនួនទៀត។
  • សភាពខាងក្រៅរមទម្យ តែខាងក្នុងវិញពោរពេញ ទៅដោយការកំប្លែង ជារឿយៗមានការដើរឈប់ៗ តាមពិត គឺជា ការចំអកណោះទៅវិញ។
  • គោលគំនិតរឿងមានដូចជា៖ ភាពឯកោរបស់មនុស្ស ដែលនៅក្នុងពិភពមួយ ដែលគ្មានព្រះ ភាព​ដែល​មិន​អាច​ទាក់ទងគ្នាបាន ភាពមិនមែនជាមនុស្ស (អង្គវិបត្តិ ភាពគ្មានអំណាច ភាពខ្វាក់ខ្វិន អសមត្ថភាពខាងរាងកាយ) ជីវិតឥតន័យ។

តើការកំប្លែង​អាច​ជួយ​ផ្តល់​សារប្រយោជន៍​អ្វី​ខ្លះ​ដល់​លោក​អ្នក? តើ​ការ​កំប្លែង​ស្តែង​ឡើង​តាម​ទម្រង់​ណា​ខ្លះ?

  • សារប្រយោជន៍ការកំប្លែង៖

    ជាធម្មតាមនុស្សរស់នៅក្នុងសង្គមតែងតែត្រូវការទំនាក់ទំនងគ្នា។ ទំនាក់ទំនងគ្នា​ភាគច្រើន គឺមនុស្សចង់​ទទួលបាន ឬ​ចង់ផ្តល់ឲ្យគ្នាទៅវិញទៅមកនូវ មិត្តភាព និង ភាពសប្បាយរីករាយនានា។ ក៏ព្រោះតែចង់​សប្បាយ​រីករាយបាន​ជាអ្នកខ្លះ ចូលចិត្តការស្តាប់ ឬការទស្សនាការកំប្លែង។ ការកំប្លែងជាទម្រង់​សិល្បៈ​មួយបែប ដែលអាចនាំឲ្យមនុស្ស អាច​ទទួល​បាននូវ ភាពសប្បាយរីករាយបាន និងអាចធ្វើឲ្យមិត្តភាព របស់​មនុស្ស កាន់តែល្អប្រសើរឡើង។ ហើយវាក៏អាចធ្វើឲ្យ អ្នកដែលមាននិស្ស័យ ខាងកំប្លែងអាចចែករំលែក នូវ​ភាពសប្បាយរីករាយដល់ អ្នកដទៃដែលខ្លួនស្រលាញ់ទៀតផង។ឮ

    មានអត្ថបទជាភាសាខ្មែរ ឬជាភាសា​បរទេសជាច្រើនតែងតែបានបញ្ជាក់ថា មនុស្សដែល អាចធ្វើឲ្យខ្លួនឯង​សើច​បាន​ម្តងយ៉ាងតិចក្នុងមួយថ្ងៃ គឺជា​មនុស្ស ដែលប្រកបដោយសេរីភាព និងអាចជួយឲ្យមានសុខភាពល្អ ដល់រាងកាយ​និង​ប្រាជ្ញាស្មារតី។

    មនុស្ស​ដែលអាចញញឹម ឬ សើចបាន គឺ ជាមនុស្សដែលមានទឹកចិត្តទូលាយ មានប្រជាប្រិយភាព គួរជា​ទី​រាប់អាននៃអ្នកផងទាំងពួង។ ការកំប្លែង គឺពិតជាជួយឲ្យអ្នកជំងឺ ឆាប់ជាសះស្បើយ។ ការកំប្លែងពិតជាជួយឲ្យ មនុស្ស​ប្រកបដោយក្តីសង្ឃឹម និងការជឿជាក់ចំពោះខ្លួនឯងនិងអ្នកដទៃ។ បុគ្គលដែលកំពុងតែសោកសង្រេង​​លើរឿងអ្វីមួយ ពេលបើបានឃើញរឿងអ្វី គួរឲ្យអស់សំណើច ហើយនោះក៏គង់នឹងផ្ទុះសំណើចមិនខាន។ លោកគ្រួពេទ្យឯកទេសនានា តែងណែនាំថា «សំណើចគឺជាសុខភាព»។

    ក្រៅពីការផ្តល់នូវភាព សប្បាយរីករាយការកំប្លែង ក៏ជួយដល់ការបញ្ជ្រាបនូវ គោលនយោបាយអបរំនានា សម្រាប់អ្នកទស្សនាដូចជា គោលនយោបាយផលិតផល នយោបាយអបរំពីបរិស្ថានមនុស្សធម៌ សង្គមវប្បធម៌ និងបច្ចេកវិជ្ជាជាដើម។ ការកំប្លែងបានក្លាយជាអាជីព មួយដែលអាចរកបានប្រាក់កម្រៃគួរសមមិនចាញ់អាជីព ផ្សេងទៀតប៉ុន្មានដែរ។

  • ការកំប្លែងអាចស្តែងឡើងតាមរបៀប៖

    ១. ពាក្យពេចន៍ ឬសំដីសំដៅទាំងការនិយាយទាំងការសរសេរ
    ២. កាយវិការទឹកមុខ ក្រមិចក្រមើម
    ៣. ការវិការនៃរាងកាយទាំងមូល ឬតាមរយៈដំណើរ
    ៤. រូបភាពដូចជាគំនូរជាដើម
    ៥. សម្លេងត្រាប់ (សត្វ មនុស្ស ធម្មជាតិ តន្ត្រី)
    ៦. ការសរុបផ្នែកទាំងប្រាំខាងលើ

តើធ្វើដូចម្តេចដើម្បីក្លាយជាអ្នកកំប្លែងដ៏ល្អម្នាក់បាន?

  • មានចំណូលចិត្តខាងការកំប្លែង។
  • ជាមនុស្សដែលពូកែខាងការសង្កេត។
  • ស្គាល់ច្បាស់ពីអត្ថន័យ លក្ខណៈភាសានិងវប្បធម៌នៃជាតិសាសន៍នីមួយៗ ដែលខ្លួនចង់សម្តែង។
  • រាល់ការកំប្លែងត្រូវតែរក្សាបាននូវក្រមសីលធម៌ ។
  • រាល់ការកំប្លែងគឺត្រូវតែចាប់ផ្តើមចេញពីបទនិពន្ធន៍ដែលប្រកបដោយវិជ្ជាជីវត្រឹមត្រូវ។
  • ទាំងអ្នកសម្តែង ទាំងអ្នកនិពន្ធត្រូវតែមានភាពស្ទាត់ជំនាញខាងខាងផ្នែកសិល្បៈ ទស្សនៈ អប់រំ និងវប្បធម៌ជ្រាលជ្រៅ។

តើមានអ្នកកំប្លែងណាខ្លះដែលល្បីល្បាញជាងគេ?

នៅក្នុងពិភពលោកនេះ អ្នកកំប្លែងដែលគេស្គាល់ជាងគេមានដូចជាលោក សាក់ឡូ លោកប៊ីន​ជាដើម។

ចំណែកខ្មែរយើងវិញមានដូចជា៖ លោកតាត្រង់ដឺ លោកតាឡូតូ លោកយាយម៉ែម៉ឺន លោកតាមាស សាលួត លោក​តាមាស សាម៉ន លោកពូព្រហ្ម ម៉ាញ អ្នកមីង យ៉យ លោកពូកុយ លោកពូក្រឹម លោកពូចាបចៀន នាយខ្ទឹប នាយ​ក្រួច នាយវាំងដឺ នាយក្រិន នាងគ្រត និងក្រុមដែលកំពុងតែល្បីល្បាញនាពេលបច្ចុប្បន្ន គឺក្រុមលោកពែកមី និង ក្រុម​លោក សុខគា។

សរុបមកការកំប្លែង មានរូបភាពច្រើនទម្រង់។ វាមានប្រយោជន៍ណាស់ សម្រាប់ជីវភាពរស់នៅរបស់សង្គមមនុស្ស។ អាស្រ័យហេតុនេះ គេគួរតែធ្វើការលើកស្ទួយ និងអភិវឌ្ឍឲ្យបានកាន់តែប្រសើរ ស្របតាមការរីកចម្រើននៃសង្គម។ អ្នក​មាន មុខការជាអ្នកកំប្លែង គួរប្រកាន់ឲ្យបានខ្ជាប់ខ្ជួន នូវក្រមសីលធម៌សង្គម ក៏ដូចជាក្រមសីលធម៌វិជ្ជាជីវៈ នោះ​ទើប​បណ្តាលឲ្យ ប្រទេសជាតិ ក៏ដូចជាពិភពលោក មានការរីកចម្រើន ពិតប្រាកដបាន។

-------------------------------------------
ដោយ៖ គល់រាំង - ភ្នំពេញ ថ្ងៃ ទី ២៣ កុម្ភៈ ឆ្នាំ ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ ទស្សនាវដ្តី មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...