ហ៊ុន សែន ព្រមាន​កំទេច​«ពលរដ្ឋ»​ចូលរួម​បាតុកម្ម

ពាក្យប៉ុន្មានម៉ាត់ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សរ៍ជាង របស់កម្ពុជា បានបង្កឲ្យមាន​ភាព​ស្រៀវ​ស្ញើប ដល់​ឆ្អឹង​ខ្នង។ បុរសខ្លាំងកម្ពុជាដ៏ល្បីល្បាញ បានប្ដេជ្ញាថា នឹង«កាត់សាច់ខ្លួនឯង» ត្រង់ណា​ក៏​ដោយ​ចោល ប្រសិន​បើ​សាច់​នោះ មាន​ជំងឺមហារីក ដើម្បីជៀសវាងការរីករាលដាល នៃជំងឺនោះ ទៅកាន់​ដង​ខ្លួន​ទាំង​មូល។
ហ៊ុន សែន ព្រមាន​កំទេច​«ពលរដ្ឋ»​ចូលរួម​បាតុកម្ម
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១២ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 13, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាភាសាថ្មីមួយទៀត ដែលចេញពីថ្នាក់ដឹកនាំរដ្ឋ ដ៏កំពូលរបស់កម្ពុជា និងដែលគេកម្របានជួបប្រទះ ក្នុង​ពិភព​លោក។ កម្របានជួបប្រទះ ដោយសារនាយករដ្ឋមន្ត្រី​មួយទាំងមូល ដែលត្រូវដឹកនាំរដ្ឋ ដឹកនាំជាតិ និង​ប្រជាជន ពីគ្រប់និន្នាការទាំងអស់ នៅក្នុងរដ្ឋប្រជាធិបតេយ្យមួយ បានពោលពាក្យព្រមាន ដែលមាន​ន័យ​ធៀប​ស្មើ​នឹង​កំទេច​​ចោល នូវ​ជន​ណា​ក៏ដោយ ដែលត្រៀមចូលរួមជាមួយ មហាបាតុកម្មរបស់គណបក្សប្រឆាំង។

នាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា លោក ហ៊ុន សែន ដែលមានអតីតភាព​ជាទាហាន​ខ្មែរ​ក្រហម​មួយ​រូប​នោះ បាន​​សរសេរ​ថា លោកត្រូវ «កាត់សាច់» ត្រង់ណាក៏​ដោយ​ចោល ប្រសិនជាសាច់នោះ មានជំងឺមហារីក ជា​ជាង​ទុក​ឲ្យ​សាច់នោះ រីករាល​ដាល​ទៅដល់​រូបរាង​កាយ​ទាំង​មូល។ ជា​ការឆ្លើយតបមួយ ទៅនឹងមតិយោបល់​របស់​ប្រិយមិត្ត​មួយ​រូប ដែល«អង្វរ»ឲ្យ​លោក ហ៊ុន សែន ពិចារណា​ចំពោះពលរដ្ឋណា ដែល​«លង់តាមគេ​អូសទាញ» ដើម្បី​ចូលរួម​ក្នុង​មហាបាតុកម្ម ដែល​គណបក្ស​សង្គ្រោះ​​ជាតិ ត្រៀមនឹងរៀបចំឡើង នាពេលខាងមុខ។

ប្រិយមិត្តអ្នកប្រើបណ្ដាញសង្គម ដែលមានឈ្មោះ «Say Samath» បានសរសេរតបទៅនឹងបទបញ្ជា របស់​លោក ហ៊ុន សែន កាលពីយប់ម្សិលម៉ិញ ដែលកំណត់ឲ្យកងកម្លាំងប្រដាប់អាវុធជាតិ ត្រៀមកំចាត់ចោល នូវ​គម្រោង​ការ​ធ្វើ​មហាបាតុកម្ម របស់គណបក្សប្រឆាំង ដែលលោក ហ៊ុន សែន ចាត់ទុកថា បានប៉ះពាល់ដល់​ស្ថេរភាព និង​សន្តិសុខ​របស់​ជាតិ។ បន្ទាប់ពីបទបញ្ជនោះ​ត្រូវបានប្រកាសរួច នៅប៉ុន្មានម៉ោងក្រោយមក មាន​ការ​ចល័ត​ទ័ព​​ជា​​ច្រើន​សិប​នាក់ និងជា​ច្រើនមុខព្រួញ នៅក្នុងរាជធានីភ្នំពេញ ជាពិសេសនៅជុំវិញ ទីស្នាក់ការ​​គណបក្ស​​សង្គ្រោះ​ជាតិ។

» អានអត្ថបទដែលទាក់ទង៖ បាតុកម្ម CNRP៖ ហ៊ុន សែន ព្រមាន​«វាយ​ពស់​ត្រូវ​វាយ​ក្បាល​មុន»

លោក «Say Samath» បានសរសេរផ្ដល់ជាមតិ នៅពេលនោះថា៖ «កំហឹងទល់នឹងកំហល់ រាស្រ្ត​ខ្មែរ​ជា​ញាតិ​សន្តានសម្តេច បើគាត់លង់​តាម​គេ​អូស​ទាញ អញ្ចឹងគួរតែបន្ទូរដៃ ឲ្យគាត់ផង។ សម្តេចដូចជាម៉ែឪរាស្រ្ត កូន​ខុស​ម៉ែ​ឪ​ទទួលខុសត្រូវ (បាតដៃក៏សាច់ ខ្នងដៃក៏សាច់)។»។

ជាចម្លើយតបវិញ លោក ហ៊ុន សែន បានសរសេរដូច្នេះថា៖ «បើសាច់វាមានជម្ងឺមហារីក ត្រូវតែកាត់វាចោល ដើម្បី​កុំ​ឱ្យ​រាល​ដាល ដល់​ខ្លួន​ប្រាណ​ទាំង​មូល»។

ខាងក្រោមនេះ ជារូបភាពដែលផ្តិត​ចេញ ពីអេក្រង់ (PrintScreen) នៃសំណេររបស់លោក ហ៊ុន សែន៖

លោក ព្រហ្ម គិត អតីតមន្ត្រីច្បាប់ខ្មែរ ដែលសព្វថ្ងៃចូលនិវត្តន៍ និងរស់នៅក្នុងភាគខាងត្បូង ប្រទេសបារាំង បាន​ចាត់ទុកភាសានេះ របស់មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ថាជា«សារជាតិ» នៃមនុស្សដែលធ្លាប់រស់នៅ តស៊ូ​ក្នុងព្រៃ បើទោះជាចូលមករស់នៅក្នុងស្រុក ក៏នៅតែចង់ទៅតស៊ូក្នុងព្រៃដដែល។ អតីតមន្ត្រីរូបនេះ បាន​និយាយ​ថា លោក ហ៊ុន សែន គ្រាន់តែចេះដឹកនាំទ័ព​ប៉ុណ្ណោះ តែលោក ហ៊ុន សែន មិនស្គាល់អ្វីទៅ ជាការ​ដឹកនាំ​សង្គម​នោះ​ឡើយ។

លោក ព្រហ្ម គិត ថា៖ «បើលោកនាយករដ្ឋមន្ត្រី ប្រៀបធៀបសង្គមដែលលោកដឹកនាំ ទៅនឹងជំងឺមហារីក នោះ​លោក ហ៊ុន សែន ត្រូវគិតថា តើជំងឺនេះបណ្ដាលមកពីអ្វី ហើយលោកត្រូវការពារជំងឺនេះ ឬចាត់វិធានការ ប្រយ័ត្ន​ប្រយ៉ែង តាំងពីដំបូងមក។ តែបើសង្គមនេះ មានជំងឺមហារីកហើយ លោក ហ៊ុន សែន កាត់សាច់​មួយ​ដុំ​ចោល មិនប្រាកដថាជាសះឡើយ។ ព្រោះមូលហេតុធំបំផុត គឺបណ្ដាល​មកពីលោក ហ៊ុន សែន ខ្លួនឯង​នេះ​ហើយ។»។

អតីតមន្ត្រីរាជការខ្មែរ ដែលមានវ័យចំណាស់រូបនេះ បានពន្យល់ថា៖ «ដើម្បីឈឺ​ ឲ្យទៅជាជំងឺមហារីកកើត លុះ​ត្រា​តែ​បញ្ហានោះ វាមានទំហំធំណាស់ មិនមែនមេបក្សប្រឆាំងពីរ-បីនាក់ មកស្រែកពីរ-បីម៉ាត់ទៅ សម្រាប់​តែ​មាន​ជំងឺ​មហារីក​នេះ​ទេ»។

ដោយឡែក ចំពោះជំងឺមហារីក ដែលសំដៅទៅលើការរីករាលដាល នៃដំបៅស៊ីរូង លើប្រព័ន្ធសេរីរាង្ក​ណា​មួយ នៅក្នុងរាងកាយសត្វ ឬមនុស្សនោះ ត្រូវបានលោកវេជ្ជបណ្ឌិត ស សូផាត ដែលកំពុងធ្វើការ​ក្នុង​មន្ទីរ​ពេទ្យ​ដ៏ធំមួយ នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង ពន្យល់ថា មានច្រើនករណី ហើយការព្យាបាល ក៏មិនប្រាកដថា ត្រូវ​កាត់​សាច់​ដែល​ឈឺ​នោះចោលដែរ។ លោក សូផាត បានបញ្ជាក់ថា ក្នុងករណីខ្លះ ការកាត់សាច់ឈឺ​មួយ​​ដុំ​នេះ​​ចោល បែរជាអាចបណ្ដាល ​ឲ្យអ្នកជំងឺ​ស្លាប់​ភ្លាមៗទៅវិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...