ណៃ វ៉ង់ដា៖ ករណី ហុង សុខហួរ មិនមែនជាបទល្មើសជាក់ស្ដែង
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 07, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មន្រ្តីរបស់អង្គការការពារសិទ្ធិមនុស្ស នៅតែចាត់ទុកថា ការចោទប្រកាន់ ការចាប់ខ្លួន និងការឃុំខ្លួនលើលោក ហុង សុខហួរ សមាជិកព្រឹទ្ធិសភា មកពីគណបក្ស សម រង្ស៊ី ជារឿង«នយោបាយ»។ លោក ណៃ វ៉ង់ដា អនុប្រធានក្រុមអង្កេតការសិទ្ធមនុស្ស របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក បានបដិសេធការចោទប្រកាន់ របស់អាជ្ញាធរគ្រប់គ្រងដោយរដ្ឋាភិបាល ដែលលើកឡើងថា ការចាប់ខ្លួននោះ ព្រោះជាបទល្មើសជាក់ស្តែង។
លោក ហុង សុខហួរ មន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ និងជាសមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី ដែលសកម្ម ក្នុងការទាមទាឲ្យពិនិត្យឡើងវិញ នូវផែនទីសម្រាប់ ការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាមនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ នូវបទល្មើសចំនួនបី ដោយឡែកៗពីគ្នា។ បទល្មើសទាំងបី រួមមាន បទក្លែងឯកសារសាធារណៈ, ប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ទាក់ទងនឹងផែនទី និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ រវាងព្រំដែនកម្ពុជា-វៀតណាម។ ករណីនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា រកឃើញតាមរយៈការបង្ហោះ នៅក្នុងវីដេអូមួយរបស់លោក លើទំព័រហ្វេសប៊ុក របស់លោក សម រង្ស៊ី និងបានចាត់ទុកថា ជាបទល្មើសជាក់ស្តែង។
លោក វ៉ង់ដា បានអះអាងថា នោះមិនមែនជាបទល្មើស ជាក់ស្តែងទេ ហើយបើគេចង់បញ្ចប់រឿងនេះ គេត្រូវដោះស្រាយ តាមបែប«នយោបាយ»។ លោកបានអះអាងថា ករណីនេះ មិនអាចបញ្ចប់ទៅ ដោយសមត្ថកិច្ចរបស់តុលាការនោះឡើយ។ លោក បានថ្លែងឲ្យដឹងថា៖ «មិនមែនជាបទល្មើសជាក់ស្តែង ដូច្នេះរឿងដែលថា ជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវដោះស្រាយដោយច្បាប់ (នោះ) មិនមានទេ។ រឿងនេះ ជារឿងនយោបាយ ត្រូវការដោះស្រាយ ដោយបញ្ហានយោបាយ។ បើថ្នាក់ដឹកនាំធំៗទាំងពីរ ងាកមករកវប្បធម៌សន្ទនាវិញ រឿងនោះត្រូវបានដោះស្រាយ។»
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សដដែល របស់សមាគមអាដហុក បានថ្លែងឲ្យដឹងទៀតថា៖ «វាមិនមែនជារឿងថ្មីនោះឡើយ វាជារឿងដែលកើតឡើង ដដែលជាដដែល។ (...) លោក ហុង សុខហួរ ជាអ្នកដែលចេះមើល និងបកស្រាយលើបញ្ហាព្រំដេន និងផែនទី ដូច្នេះហើយការចាប់ខ្លួននេះ វាទាក់ទងនឹងការបកស្រាយ ទៅនឹងសន្ធិសញ្ញាព្រំដែននោះ។»
មិនអាចទាក់ទងមន្ត្រីរដ្ឋាភិបាល និងមន្ត្រីតុលាការ ដើម្បីប្រតិកម្មនឹងការលើកឡើង ខាងលើបានឡើយ។ ទង្វើរបស់លោក ហុង សុខហួរ ដែលជាមន្ត្រីទទួលបន្ទុកខាងព្រំដែន របស់គណបក្សសង្គ្រោះជាតិ ដែលបានបង្ហោះវីដេអូមួយ នៅលើទំព័រហ្វេសប៊ុកលោក សម រង្ស៊ីនោះ ត្រូវបានលោក ហ៊ុន សែន ចោទថាបានក្លែងសន្ធិសញ្ញា ស្តីពីព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ដែលបានចុះហត្ថលេខា នៅពេលនោះ ដោយលោក ហេង សំរិន អគ្គលេខាធិការមជ្ឈឹមបក្ស នៃសាធារណៈរដ្ឋប្រជាមានិតកម្ពុជា និងលោក ផាម វ៉ាន់ដុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នាយករដ្ឋមន្ត្រីកម្ពុជា បានហៅការបង្ហាញអក្សរមួយឃ្លា ដែលមានក្នុងវីដេអូ ធ្វើអត្ថាធិប្បាយដោយលោក សុខហួរ ផ្ទាល់នោះ ថាជាទង្វើដ៏ទុរចរឹត និងជា«បទល្មើសជាក់ស្ដែង» ក្នុងការក្លែងសន្ធិសញ្ញា ឬក្លែងឯកសារសាធារណៈ ដែលមានន័យស្មើរ នឹងទង្វើ«ក្បត់ជាតិ»។
សម្រាប់លោកមេធាវី សំ សុគង់ ដែលការពារក្ដីឲ្យលោក ហុង សុខហួរ បានបង្ហាញថា ការចោទប្រកាន់ ការចាប់ខ្លួន និងការឃុំខ្លួនកូនក្តីលោក បន្តរហូតមកដល់ពេលនេះ បានស្តែងឲ្យឃើញថា ទាំងនោះជារឿងនយោបាយ ព្រោះតែលោក ហុង សុខហួរ ជាអ្នកនយោបាយ។ លោកមេធាវី ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន បានលើកឡើងថា បើមើលទៅលើទិដ្ឋភាពខាងក្រៅ នោះវាជារឿងដោយឡែក និងគិតថាជាការអនុវត្ត តាមនិតិវិធីច្បាប់។ តែលោកបានស្នើ ឲ្យសាធារណៈជន និងអ្នកច្បាប់ទាំងអស់ ធ្វើការពិចារណា មើលថា តើនេះជារឿងនយោបាយ ឬជារឿងនីតិវិធីច្បាប់ ដែលកំពុងតែអនុវត្តរាល់ថ្ងៃនេះ?
ឯសហមេធាវីការពារក្ដី លោកមេធាវី ជួង ជូងី វិញ បានចាត់ទុកថា ទាំងការសម្រេចរបស់សាលាដំបូងរាជធានី ទាំងការសម្រេចរបស់សភាស៊ើបសួរនៃសាលាឧទ្ធរណ៍ ដែលធ្វើការចោទប្រកាន់ និងបន្តការចោទប្រកាន់ លើកូនក្តីរបស់លោកនោះ មានលក្ខណៈខុស នឹងនីតិវិធីច្បាប់ដូចគ្នា។ លោកបញ្ជាក់ថា៖ «ការសម្រេចរបស់សាលាឧទ្ធរណ៍ វាអយុត្តិធម៌ សម្រាប់កូនក្តីខ្ញុំ ដែលជាសមាជិកព្រឹទ្ធិសភាមួយរូប។ (...) ចំណាត់ការ របស់សមត្ថកិច្ចតាំងពីដើម រហូតដល់ចេញ សេចក្តីសម្រេចឃុំខ្លួននោះ គឺ ខុសនីតិវិធី ព្រោះមិនមែនជាបទល្មើសជាក់ស្តែង។»៕