ហ៊ុន សែន ប្រកាសដាក់ជីវិត បើសភាពការណ៍នយោបាយដើរថយក្រោយ
ប្រសិនជាមេដឹកនាំប្រឆាំង ហាក់មានជំហរស្ងាត់ស្ងៀម នៅក្នុងអំឡុងពេល នៃបុណ្យអុំទូក អកអំបុកសំពះព្រះខែ (ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា) នេះ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានទុកឲ្យពិធីនេះ បញ្ចប់ទៅ ដោយក្ដីសប្បាយរីករាយ សម្រាប់ពលរដ្ឋកម្ពុជាទូទៅនោះទេ។ បុរសខ្លាំងកម្ពុជា បានយកថ្ងៃទី៤ ខែវិច្ឆិកា ដែលជាថ្ងៃចុងក្រោយ នៃព្រះរាជពិធីជាប្រពៃណីនេះ ដើម្បីថ្លែងសារនយោបាយ អំពាវនាវឲ្យមានការចុះចូល ជាមួយគណបក្សប្រជាជនកម្ពុជារបស់លោក ទៅកាន់តំណាងរាស្ត្រ ថ្នាក់ដឹកនាំជាតិ និងមូលដ្ឋាន របស់គណបក្សសង្គ្រោះជាតិ ដែលលោកអះអាងហើយ អះអាងទៀត ថានឹងត្រូវតុលាការរំលាយ នៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខ។
បើទោះជាលោកប្រកាសថា លោកមិនលូកដៃចូល ក្នុងស្ថាប័នតុលាការក៏ដោយ តែបើតាមប្រសាសន៍របស់លោក តុលាការគ្រាន់តែជាស្ថាប័ន«ស្វ័យប្រវត្តិ»មួយ ដែលចាំបាច់ត្រូវធ្វើតាមអ្វី ដែលជាការស្នើសុំរបស់ក្រសួងមហាផ្ទៃ ដែលជាសេនាធិការមួយ [...]