ខឹម វាសនា ថាខ្លួន«អស្ចារ្យ»ដោយត្រូវគេហៅ«ឆ្កួត»និង«រោគចិត្ត»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 25, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ បានជ្រើសរើសយកឃ្លា «គ្មានមនុស្សអស្ចារ្យ លើលោកណាម្នាក់ ដែលមិនត្រូវបានមនុស្សរយ ហៅថាជាមនុស្សឆ្កួត ឬមនុស្សសសៃប្រសាទនោះទេ» ដើម្បីឆ្លើយទៅនឹងការលើកឡើង របស់លោក អ៊ូ វីរ: អ្នកវិភាគផ្នែកសង្គម-នយោបាយ ដែលបានហៅលោក កាលពីប៉ុន្មានថ្ងៃមុន ថា«មានបញ្ហាផ្លូវចិត្ត» ដោយសារបណ្ដាលមកពី «កំហឹង និងការតឹងទ្រូង»។
លោក ខឹម វាសនា នៅបានទ្រគោះ ដោយហៅលោក អ៊ូ វីរៈ វិញ ថាជាប្រភេទមនុស្សរកបាន តាមចិញ្ចើមថ្នល់ គ្មានតំលៃអ្វី មកអារកាត់ចំពោះមនុស្ស ដូចរូបលោកបានទេ។ ប្រធានបក្ស«ជួង» បាននិយាយថា៖ «មនុស្សធុន អ៊ូ វីរ: នេះកើតមក សំរាប់តែអោយខ្ញុំមើលងាយ តែប៉ុណ្ណោះ។ ហាហាហា ត្រកូលអ៊ូទាំងអស់ សុទ្ធតែអត់កំណើត។»។
ប៉ុន្តែមិនមែនតែលោក អ៊ូ វីរៈ ម្នាក់ទេ តែគ្រប់អ្នកសារព័ត៌មាន អ្នកវិភាគ អ្នកនយោបាយទាំងឡាយ រួមនឹងព្រះសង្ឃផ្សេងទៀតផង ដែលបាននិយាយពីលោក ឬពីគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ សុទ្ធតែត្រូវលោក ខឹម វាសនា វាយបកមកវិញ ថានោះគឺដោយសារតែគណបក្សរបស់លោក«ខ្លាំង»។
លោកប្រមុខទ័ពជួង បានថ្លែងថា៖ «គ្មានកៅអីមួយក្នុងរដ្ឋសភាផង ផ្អើលទូទាំងប្រទេសទៅហើយ។ បើមិនជាចលនាបដិវត្តន៍ តើជាស្អីទៅវិញ? ពួកសារពត៌មាន ដែលចុកចាប់ដោយសារ LDP វាខំយកបណ្តឹងមនុស្សម្នាក់ ដែលរកមូលដ្ឋានច្បាប់មកចោទប្រកាន់មិនឃើញទុកជារឿងសំខាន់ សម្ភាសន៍ តាមដាន បំផ្លោងព័ត៌មាន ដែលនាំឲ្យយើងមើលឃើញ ចេតនាពួកថោកទាប លាក់ក្នុងស្រោមថ្លៃថ្នូរទាំងនោះ យ៉ាងច្បាស់ណាស់។ ដល់ដំណាក់កាល សត្រូវផ្គុំគ្នាព្រួតវាយ LDP ជុំទិសហើយតើ។ ខំទៅអាអូនៗ តែហួសឱកាសនេះ ពួកឯងអាចហួសរហូត ក៏មិនដឹងដែរអាអូន។»។
តែនៅត្រង់ពាក្យថា «សត្រូវផ្ដុំគ្នាព្រួតវាយ LDP ជុំទិស» ដូចជាត្រូវលោក«ប្រមុខ» និយាយតាំងពីច្រើនឆ្នាំមុន និងច្រើនដងពេកទេដឹង? យ៉ាងណា លោក ខឹម វាសនា បានបន្តរំលឹក ពីភាពអស្ចារ្យរបស់លោក និងគណបក្សលោកទៀតថា៖ «ចំណាំចុះ កំណើតនៃមនុស្សអស្ចារ្យ ឬចលនាអស្ចារ្យ ទាំងអស់ក្នុងលោក សំគាល់បានដោយសារមនុស្សថោកទាប ស្ទើរកន្លះនគរព័ទ្ធវាយ។ ហ្នុងហើយ ដែលអាចសំគាល់បានថា ជាកំណើតមនុស្សអស្ចារ្យ ឬចលនាដ៏អស្ចារ្យ ក្នុងលោក។»។
នរណាខ្លះ ចង់ក្លាយជាមនុស្សដ៏អស្ចារ្យ ដូចរូបលោក និងចង់ចូលរួមក្នុងចលនាដ៏អស្ចារ្យ ដូចចលនារបស់លោក? សូមប្រញាប់ឡើង ព្រោះកន្លែងមានកំណត់! ដូចពាក្យសំដីរបស់លោក ខឹម វាសនា បានបញ្ជាក់ដូច្នេះ៖ «ជីវិតជាជនបដិវត្តន៍មិនសាមញ្ញ ដូចមនុស្សរកបានតាមចិញ្ចើមថ្នល់ ដែលក្នុងមួយវិនាទី មិនដឹងកើតប៉ុន្មានសែននាក់ទេ លើផែនដីនេះ»៕