ប៉ែន សុវណ្ណ គ្រោងប្តឹងវៀតណាម និងអ្នកពាក់ព័ន្ធទៅ ICC រឿងបំភ្លៃថ្ងៃ ៧មករា
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ មករា ២០១៥
- កែប្រែចុងក្រោយ: January 07, 2015
- ប្រធានបទ: រំលឹកខួប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ថ្ងៃ ៧ មករា ពិតជាថ្ងៃដែលនាំឲ្យខ្មែរគ្រប់រូប ចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ នេះជាការលើកឡើងខ្លីដំបូង របស់អតីតនាយករដ្ឋមន្រ្តី ឆ្នាំ១៩៧៩ លោក ប៉ែន សុវណ្ណ នៅក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥នេះ។ លោក ប៉ែន សុវណ្ណ បានថ្លែងថា ការគេចផុតពីរបបខ្មែរក្រហមនេះ ជាស្នាដៃរបស់រូបលោក ដែលបានផ្តួចផ្តើម និងបង្កើតឲ្យមានឡើង នូវអង្គការនយោបាយ ២ធ្នូ ឆ្នាំ១៩៧៨។ ហើយខ្មែរក្រហម ដែលត្រូវបានផ្ដួលរលំក្នុងថ្ងៃ៧ មករា ១៩៧៩នោះ ជាមោទនភាពមួយរបស់លោក ដែលបានជួយប្រជាជនកម្ពុជា។
ប៉ុន្តែស្នាដៃនេះ មិនមែនជារបស់ថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ននេះឡើយ។ អតីតនាយកដ្ឋមន្រ្តី ស្ថិតក្នុងវ័យ ៧៨ឆ្នាំ បានបញ្ជាក់ថា ពួកគេទាំងនេះបានបិទបាំងនូវការពិតនៃអ្នកបង្កើត និងរំដោះប្រជាជាតិកម្ពុជា ចេញពីរបបខ្មែរក្រហម។ ហើយជាពិសេស មនុស្សទាំងនេះទៀតសោធ សុទ្ធតែត្រូវបានលោកតែងតាំង ឲ្យមានថានៈក្នុងរដ្ឋាភិបាល កាលពីឆ្នាំ១៩៧៩។
ប្ដឹងឡើង ICC
បច្ចុប្បន្នជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ មកពីគណបក្សសង្គ្រោះជាតិ លោក ប៉ែន សុវណ្ណ បានបញ្ជាក់ថា លោកនឹងសើរើឡើងវិញ នូវអ្វីដែលជារបស់លោក ក្រោយការដួលរលំនៃរបបខ្មែរក្រហមនោះ។ លោកនឹងធ្វើពាក្យបណ្តឹងមួយ ទៅតុលាការអន្តរជាតិ ហៅកាត់ថា ICC ក្រោមការជួយជ្រោមជ្រែងទាំងផ្លូវច្បាប់ និងថវិកាពីប្រទេសអូស្ត្រាលី និងមេធាវីខ្មែរមួយចំនួនផងដែរ។
លោក ប៉ែន សុវណ្ណ បានថ្លែងថា៖ «៣៦ឆ្នាំហើយ រឿងបំបិទឈ្មោះខ្ញុំ រឿងបំបិទប្រវត្តិសាស្រ្តខ្ញុំ។ (...) ៧ មករា ខ្ញុំជាអ្នកបង្កើត ខ្ញុំនឹងស្វែងរកប្រវត្តិសាស្រ្តពិតរបស់ខ្ញុំឡើងវិញ។»
លោកបានបង្ហាញជំហរថា ជាជំហានដំបូងលោកនឹងប្តឹងប្រទេសវៀតណាម ដែលបានបំភ្លែការពិត នៃការរំដោះកម្ពុជាពីរបបខ្មែរក្រហម ព្រោះមិនស្ថិតក្រោមការស្ម័គ្រចិត្ត ឬជួយកម្ពុជាដោយសុច្ចរិតនោះឡើយ។ លោកបន្តថា ការជួយកម្ពុជាក្នុងការលៈទេសៈនោះ ព្រោះវៀតណាមចង់បានលាភសក្ការៈ ទឹកដីកម្ពុជា និងការបញ្ជូលជនជាតិរបស់គេ មកនៅតាមខេត្តក្នុងស្រុកខ្មែរប៉ុណ្ណោះ។ ហើយ ជំហានបន្តមកទៀត លោកនឹងប្តឹងប្រទេសវៀតណាម ដែលបានចាប់លោកដាក់គុកនាពេលនោះ ក្រោយការរំដោះ ៧ មករា។
លោកបានចាត់ទុកថា ការចាប់ដាក់គុកពីសំណាក់អាជ្ញាធរកុម្មុយនីសវៀតណាម មកលើថ្នាក់ដឹកនាំកំពូល ដែលបានបង្កើតនូវការរំដោះកម្ពុជានេះ ជាអំពើខុសនឹងច្បាប់អន្តរជាតិ។ លោកបន្តថា ក្រោមមូលហេតុមួយទៀត ដែលវៀតណាមចាប់លោកនោះ ព្រោះតែលោកមិនព្រមតាមបំណងរបស់ប្រទេសវៀតណាម ដែលមានចេតនាក្នុងការលេចយកទឹកដីខ្មែរ។
មិនមែនចូលមកដោយចិត្តឯង...
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងមន្ត្រីជាន់ខ្ពស់ នៃគណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើការបកស្រាយភ្លាមៗ ពីការលើកឡើងរបស់លោក ប៉ែន សុវណ្ណ នេះបាននៅឡើយ។ ប៉ុន្តែនៅក្នុងអង្គមេទ្ទិញខួបលើកទី៣៦ នៃថ្ងៃ៧ មករា ១៩៧៩-២០១៥នេះ លោក ហេងសំរិន ប្រធានកិត្តិយសគណបក្សប្រចាជនកម្ពុជា និងជាប្រធានរដ្ឋសភា បានលើកឡើងថា ការរំដោះកម្ពុជាចេញពីរបបខ្មែរក្រហម ក្រោមការជួយជ្រោមជ្រែងរបស់ប្រទេសវៀតណាម និងតាមងារអំពាវនាវរបស់រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា មិនមែនជាការដែលចូលមកដោយឯកឯង និងចង់បានប្រយោជន៍ពីកម្ពុជានោះឡើយ។
លោក ហេង សំរិន បានថ្លែងឡើងថា៖ «យើងប្រារព្ធពិធីបុណ្យរំឮក ដល់ទិវាជ័យជំនះជាប្រវត្តិសាស្ត្រនេះ ក្នុងស្មារតីគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះវីរយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិដ៏ច្រើនឥតគណនា និងវីរយុទ្ធជននៃកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាចក្លាហានបំផុត ដើម្បីរំដោះប្រទេសកម្ពុជា ពីរបបប្រល័យពូជសាសន៍ និងការពារការរស់ឡើងវិញរបស់ប្រជាជន»៕