កឹម សុខា និយាយថាគេកាត់តសម្លេងគាត់ ត្រូវបានប្ដឹងពីបទបរិហារកេរ្តិ៍
គេបានដឹងជាមុនរួចហើយ ពីរឿងថា លោក ជុំ ម៉ី នឹងប្ដឹងលោកកឹម សុខា ទៅតុលាការទាក់ទងនឹងសម្ដីដែលបាននិយាយ គុកទួលស្លែង ជាគុកសិប្បនិមិត្ត។ ប៉ុន្តែវាចម្លែកអស្ចារ្យនោះ ត្រង់ពាក្យសម្ដីទាំងនោះ ដែលលោកកឹម សុខា ខ្លួនឯងធ្លាប់បានបដិសេធថា លោកមិនបាននិយាយទេ តែនៅពេលនេះ ជនដែលធ្លាប់រងគ្រោះនៅគុកទួលស្លែង បានប្ដឹងលោកឡើងទៅតុលាការ ពីបទបរិហារកេរ្ត៍។
លោក ជុំ ម៉ី អតីតអ្នកទោសនៅគុកទួលស្លែង បង្ហាញពីសៀវភៅសាលក្រម របស់អតីតមេគុកកាំង ហ្គេចអៀង ហៅឌុច។ (រូបថត សាលាក្ដីខ្មែរក្រហម)
លោក ជុំ ម៉ី តាមរយៈលោកមេធាវី គួយ ធុនណា បានដាក់ពាក្យបណ្ដឹងមួយ ប្ដឹងប្រឆាំងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះ ពីបទ«បរិហារកេរ្តិ៍» ជុំវិញការនិយាយរឿងគុកទួលស្លែងនៃរបបខ្មែរក្រហម ថាជាគុកសប្បនិមិត្ត។
មេធាវី បានយកពាក្យបណ្ដឹងនោះ ទៅដល់សាលាដំបូង វេលាម៉ោង៩និង៤០នាទី ព្រឹកថ្ងៃដដែល ហើយត្រូវបានគេដឹងថា មានដើមបណ្តឹង ចំនួន៤ រូប៖ លោក ជុំ ម៉ី - នង ចាន់ផល - នង ចាន់ថន និងអ្នកស្រី ជិន ម៉េត។
គេបានដឹងទៀតថា ការប្តឹងលោក កឹម សុខា ពីបទបរិហារកេរ្តិ៍នេះ ដោយសារតែលោក កឹម សុខា បដិសេធថា លោកមិនបានថ្លែងថា ទួលស្លែងជាគុកសិប្បនិម្មិត្តទេ ហើយមេដឹកនាំបក្សប្រឆាំងរូបនេះ បានបកស្រាយមកវិញថា ខ្សែអាត់ពាក្យសម្តីរបស់លោក ដែលគេចាក់ផ្សាយនោះ ជា«ការកាត់ត»។ ក្រុមអ្នកដើមបណ្ដឹង បានប្តឹងលោក កឹម សុខា និងបក្ខពួក ពី«បទបរិហារកេរ្តិ៍» ទាក់ទងការអាត់សម្លេង«កាត់ត»នេះ ដែលមានចែងក្នុងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ និងទាមទារប្រាក់សំណងជំងឺចិត្ត ១០០០ ដុល្លារ។
កាសែតក្នុងស្រុកមួយ ឈ្មោះដើមអំពិល ដែលមាននិន្នាការផ្អៀងទៅរដ្ឋាភិបាល បានស្រង់សម្ដីមេធាវី គួយ ធុនណា មកនិយាយថា «លោក កឹម សុខា បាននិយាយ លើទំព័រសារព័ត៌មានក្នុងស្រុកមួយថា សំឡេងរបស់គាត់ត្រូវបានគេកាត់ត ហើយគេដកស្រង់សម្តីរបស់ គាត់អត់អស់»។ កាសែតបន្តទៀតថា សំឡេងរបស់លោក កឹម សុខា ថា គុកទួលស្លែងជា កន្លែងសិប្បនិម្មិត ត្រូវបានលោក ជុំ ម៉ីថតដោយ«ផ្ទាល់ដៃ» អត់មានកាត់តអ្វីនោះទេ។
ការដាក់ពាក្យបណ្តឹងរបស់លោក ជុំ ម៉ី បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី១៣ខែមិថុនា ថាឲ្យផ្អាកធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា ដើម្បីឲ្យធានាបរិយាកាសល្អ សម្រាប់ការបោះឆ្នោតសកល នាខែកក្កដាខាងមុខ។ ប៉ុន្តែនៅរសៀលថ្ងៃទី១៣ខែមិថុនាដដែល លោក ជុំ ម៉ី បានចេញសេចក្ដីថ្លែងការណ៍មួយ អះអាងថា លោកនឹងបន្តតទល់ជាមួយលោក កឹម សុខា តាមរយៈការដាក់ពាក្យបណ្តឹងទៅតុលាការ និងទៅប្រមូលស្នាមមេដៃរបស់ជនរងគ្រោះ ដើម្បីទាមទារឲ្យប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ «សុំទោស»អោយខាងតែបាន។
នៅក្នុងសន្និសិតសារព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ថ្ងៃទី១២ខែមិថុនា លោក កឹម សុខា បានពន្យល់ថា នេះជាយុទ្ធនាការបង្កាច់បង្ខូចកិត្តិយសរបស់លោក ដែលមានតាំងពី២០ឆ្នាំមកហើយ តាមគ្រប់រូបភាពពីសំណាក់អ្នកកាន់អំណាចបច្ចុប្បន្ន។ ដោយបានដឹងថាបញ្ហា នឹងមិនទាន់ចប់ងាយៗនោះ លោកបានបញ្ជាក់ថា «ខ្ញុំក៏ដូចលោកជុំ ម៉ី ដែរ យើងតស៊ូ ដើម្បីទាមទារនូវយុត្តិធម៌ដល់ជនរងគ្រោះ។ (...) ផ្ទុយទៅវិញ គួរតែគាត់ប្ដឹងមេដឹកនាំណា ដែលមានបាតដៃប្រលាក់ឈាមខ្មែរក្រហមនៅឡើយ អត់យកទៅកាត់ទោសនោះ។»
ប្រធានស្ដីទីគណបក្សរូបនេះ បានព្រមានតបក្នុងសន្និសិតសារព័ត៌មាននោះវិញថា «បើសិនគេនៅលេងជាមួយយើង យើងនៅលេងតទៅទៀត (...) ហើយយើងក៏អត់ដេកឲ្យស្លាប់ដែរ»៕
----------------------------------------------------
ដោយ៖ ដ. កែវ - ប៉ារីស ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ