រ៉ូណាល់ដូ បដិសេធចុះកិច្ចសន្យាថ្មី បើកដៃឲ្យម៉ែនញូ មានសង្ឃឹម
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 14, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការវិលត្រឡប់របស់កីឡាករគ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ទៅកាន់ក្របខ័ណ្ឌបាឃ្លេព្រីមែលីក (Barclays Premier League) កាន់តែមានភាពជាក់ស្តែងហើយ បន្ទាប់ពីកីឡាករដែលមានតម្លៃខ្លួនខ្ពស់បំផុតលើពិភពលោករូបនេះ បានបដិសេធថាគាត់មិនបានចុះកិច្ចសន្យាថ្មីជាមួយក្រុមរៀលម៉ាឌ្រីដ (Real Madrid) ទេនោះ។
កីឡាករគ្រីស្ទែណូ រ៉ូណាល់ដូ មិនចុះកិច្ចសន្យាថ្មីជាមួយក្រុមរៀល ម៉ាឌ្រីត។
កាលពីខែមុន កាសែតស្ពតម៉ែល (Sportsmail) បានផ្សាយថា ក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) មានទំនុកចិត្តយ៉ាងខ្លាំង ក្នុងការទិញយកកីឡាករវ័យ២៨ឆ្នាំរូបនេះ ត្រឡប់មកកាន់ទឹកដីអង់គ្លេសវិញ បន្ទាប់ពី ដឹងថាខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ ពុំមានគម្រោងបន្តអាជីពវែងឆ្ងាយជាមួយក្រុមរៀលម៉ាឌ្រីដរួចមក។
ម្ចាស់ក្លឹបរៀលម៉ាឌ្រីដ លោកហ្វឡរិនទីណូ ប៉េរែស (Florentino Perez) បាននិយាយកាលពីដើមសប្តាហ៏នេះថា គាត់មាន ទំនុកចិត្តយ៉ាងខ្លាំងថា កីឡាកររបស់គាត់ប្រាកដជាបន្តកិច្ចសន្យាថ្មី។
លោកប៉េរែស បាននិយាយថា «គោលបំណងរបស់ខ្ញុំ គោលបំណងរបស់រ៉ូណាល់ដូ និងគោលបំណងរបស់អ្នកគាំទ្រ ក្រុម រៀលម៉ាឌ្រីដទាំងអស់ ចង់ឲ្យគាត់ (រ៉ូណាល់ដូ) លេងនៅទីនេះច្រើនឆ្នាំតទៅមុខទៀត។»
ទោះបីជាយ៉ាងណា រ៉ូណាល់ដូ បានសរសេរតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook) និងគណនេយ្យធ្វីតថឺ (Twitter) របស់គាត់កាលពីយប់មិញថា «គ្រប់ពត៌មានទាំងអស់ ដែលនិយាយថាខ្ញុំនឹងចុះកិច្ចសន្យាថ្មី ជាមួយរៀលម៉ាឌ្រីដ គឺជារឿងមិនពិត។»
កិច្ចសន្យារបស់កីឡាករខ្សែបម្រើប្រយុទ្ធរូបនេះ នឹងបញ្ចប់នៅឆ្នាំ២០១៥ ប៉ុន្តែបើគាត់បដិសេដមិនព្រមបន្តកិច្ចសន្យាទេនោះ រៀលម៉ាឌ្រីដប្រហែលជាគ្មានជម្រើសក្រៅពីលក់ចេញនោះទេ បើទោះបីជាគាត់ រកគ្រាប់បាល់បញ្ចូលទីបាន ១៤៦គ្រាប់ ក្នុងការបង្ហាញវត្តមាន ១៣៥លើកក៏ដោយ។
ក្រុមអ្នកមានថ្មីរបស់បារាំងម៉ូណាកូ (Monaco) បានត្រៀមទឹកប្រាក់ប្រមាណជាង ១៣៣.៥៤លានដុល្លា (៩៩.៩៧លានអ៊ឺរ៉ូ, ៨៥លានផោន) ដើម្បីដេញថ្លៃកីឡាករឆ្នើមរូបនេះ ទៅចូលរួមក្រុមជាមួយពួកគេ។ ប៉ុន្តែរ៉ូណាល់ដូ ទំនងជាចង់វិលត្រឡប់ទៅម៉ែនញូវិញ ហើយជាកន្លែងដែលគាត់មានអនុស្សាវរីយ៏ល្អៗច្រើននៅទីនោះ។
បន្ទាប់ពីការចូលនិវត្តន៏របស់លោកអាឡិច ហ្វឺកឺសិន (Alex Ferguson) រ៉ូណាល់ដូ ហាក់ដូចជាមានអារម្មណ៏សោកសៅ និងនឹកក្លឹបចាស់របស់គាត់ (ម៉ែនញូ)។ ដូច្នេះរ៉ូណាល់ដូ ប្រាកដជាចង់វិលត្រឡប់ទៅសាងកេរ្តិ៏ឈ្មោះនៅកីឡាដ្ឋានអូលត្រាហ្វដ (Old Trafford) វិញជាមិនខាន ហើយគាត់នឹងនៅតែជាកីឡាករកំពូលរបស់ពិភពលោកបន្តទៀត៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ