ក្រុម​ប៉ារីស​ប្រជុំ​សំងាត់​ដើម្បី​បំបាក់​ក្រុម​រៀល ក្នុង​ការ​ប្រកួត​«ត្រឡប់»

បរាជ័យ ៣-១ នៅក្នុងការប្រកួត«ទៅ» ក្នុងផ្ទះរបស់ក្រុមរៀលម៉ាឌ្រីត (Real Madrid) មិនបានធ្វើឲ្យក្រុមប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) អស់សង្ឃឹមនៅឡើយ។ កិច្ចប្រជុំសំងាត់ និងបន្ទាន់មួយ ត្រូវបានកោះធ្វើ កាលពីថ្ងៃសុក្រកន្លងមកនេះ រវាងមេដឹកនាំ ក្រុមការងារ និងកីឡាករ នៃក្រុមប៉ារីស ដើម្បីធ្វើយ៉ាងណា ត្រូវបំបាក់ក្រុម រៀល នៅក្នុងការប្រកួត«ត្រឡប់» ដើមខែមីនាខាងមុខ។
ក្រុម​ប៉ារីស​ប្រជុំ​សំងាត់​ដើម្បី​បំបាក់​ក្រុម​រៀល ក្នុង​ការ​ប្រកួត​«ត្រឡប់»
កីឡាករ ណីម៉ា រាំអបអរគ្រាប់បាល់ខ្លួន ដែលរកបានពីការប្រកួតមួយ រវាងក្រុមប៉ារីស និងក្រុម ទូលូស្ស៍។ (រូបថតក្រុមបាល់ទាត់)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៧ កុម្ភៈ ២០១៨
  • កែប្រែចុងក្រោយ: February 19, 2018
  • ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រកួតយកឈ្នះ លើក្រុមរៀលម៉ាឌ្រីត (Real Madrid) នៅក្នុងផ្ទះរបស់ខ្លួន នាថ្ងៃទី៦ ខែមីនា ខាងមុខ ជារឿងដ៏ចាំបាច់បំផុតសម្រាប់ក្រុម ប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) បន្ទាប់ពីបានបរាជ័យ ក្នុងការប្រកួត«ទៅ» កាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងមកនេះ នាកីឡដ្ឋាន «Santiago Bernabeu» ផ្ទះរបស់ក្រុមរៀល។ ដើម្បីបានជ័យជំនះ លើក្រុមបាល់ទាត់ដ៏ធំមួយនេះ ក្រុមប៉ារីសត្រូវរៀបចំខ្លួន ពីពេលនេះទៅ។

ដោយសារតែហេតុនេះ ទើបកិច្ចប្រជុំសំងាន់ និងបន្ទាន់មួយ ត្រូវបានកោះធ្វើកាលពីព្រឹកថ្ងៃសុក្រកន្លងមក រវាងមេដឹកនាំក្រុមបាល់ទាត់ ក្រុមការងារ និងកីឡាករជាច្រើននាក់ ហើយទើបនឹងត្រូវបានបណ្ដាញព័ត៌មានមួយ ឈ្មោះ «Paris United» យកមកអះអាងនៅចុងសប្ដាហ៍នេះ។ នៅក្នុងកិច្ចប្រជុំ ដែលមិនបានគ្រោងទុកនោះ កីឡាករប្រធានក្រុម «Thiago Silva» បានឡើងនិយាយដ៏វែងអន្លាយ មុននឹងកីឡាករ «Daniel Alves» និងកីឡាករ «Thiago Motta» ឡើងថ្លែងតាមក្រោយ ជាបន្តបន្ទាប់។ 

កម្មវត្ថុសំខាន់នៃកិច្ចប្រជុំ គឺក្រុមប៉ារីស ត្រូវយកជ័យជំនះឲ្យបាន នៅគ្រប់ការប្រកួត ពីពេលនេះរហូតដល់ថ្ងៃទី៦ ខែមីនា (ក្រុមប៉ារីស​ត្រូវជួបប្រកួត ជាមួយក្រុមបាល់ទាត់ ជាច្រើនក្នុងប្រទេស)។ បណ្ដាញព័ត៌មានខាងលើ បានដកស្រង់សំដី របស់កីឡាករ «Thiago Motta» មករាយការណ៍ថា៖ «យើងត្រូវគោរពគូប្រកួត ដោយរកគ្រាប់បាល់ ឲ្យបានច្រើន - យើងត្រូវផ្ចង់អារម្មណ៍ នៅក្នុងការប្រកួត ហើយត្រូវប្រកួត ដោយប្រើបច្ចេកទេសទាត់ខ្ពស់បំផុត នៅក្នុងអំឡុងពេលបីសប្ដាហ៍ មុននឹងទទួលជួបក្រុមរៀល»។ 

គ្រូបង្វឹកក្រុមប៉ារីស លោក «Unai Emery» បានយកឱកាសនោះ ដើម្បីថ្លែងការជឿជាក់ថា ក្រុមបាល់ទាត់របស់លោក មានសមត្ថភាពអាចបំបាក់ក្រុមរៀលបាន នៅក្នុងការប្រកួត«ត្រឡប់» នាពេលខាងមុខ។ ចំពោះលោក «Antero Henrique» នាយកគ្រប់គ្រងទទួលបន្ទុកកីឡា របស់ក្រុមប៉ារីស ដែលមិនសូវជាបានមាត់បានក ក៏បាននិយាយយ៉ាងច្រើន ទៅកាន់កីឡាករម្នាក់ម្ដងៗ សឹងតែគ្រប់គ្នាដែរ។

និយាយឲ្យខ្លី ក្រុមប៉ារីសត្រូវឆក់ឱកាស នៃការប្រកួតក្នុងកីឡដ្ឋាន «Parc des Princes» ដែលជាផ្ទះរបស់ខ្លួន ដោយមានការគាំទ្រ ពីអ្នកគាំទ្ររាប់ម៉ឺននាក់ ក្នុងថ្ងៃទី៦ ខែមីនា ដើម្បីវាយសន្ធាប់យកឈ្នះ ទៅលើក្រុមរៀល ឲ្យបានគ្រាប់បាល់ យ៉ាងហោចពីរគ្រាប់នាំមុខ (ព្រោះក្រុមប៉ារីស ចាញ់ក្រុម រៀល ១-៣ ក្នុងការប្រកួត«ទៅ») ដោយប្រើថ្វីជើងដែលខ្លួនមាន។ បើដូច្នេះមែន ការប្រកួត​«ត្រឡប់»​មួយ​នេះ ពិតជាមិនធម្មតាឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...