រូបថត មែរគែល កាត់​ត​ទៅ​ជា ហ៊ីត្លែ បង្ក​ឲ្យ​ផ្ទុះ​រឿង​អាស្រូវ

ខណៈពេលដែលកម្ដៅការទូត បានកើនឡើង រវាងប្រទេសតួកគី និងបណ្ដាលប្រទេស នៅអ៊ឺរ៉ុបខាងលិច ជាពិសេសជាមួយ នឹង​ប្រទេស​អាល្លឺម៉ង់​នោះ សារព័ត៌មានមួយ ស្និតនឹងរដ្ឋាភិបាលតួកគី បានបញ្ចេញផ្សាយ នូវរូបថតកាត់ត មួយសន្លឹកខាងក្រោមនេះ ដែលហាក់ដូចជា ជួយចាក់ប្រេងសាំង ទៅលើងងឹើកភ្លើង ដែលកំពុងតែហៀបឆេះឡើងដូច្នេះ។
រូបថត មែរគែល កាត់​ត​ទៅ​ជា ហ៊ីត្លែ បង្ក​ឲ្យ​ផ្ទុះ​រឿង​អាស្រូវ
រូបថតអធិការបតីអាល្លឺម៉ង់ អ្នកស្រី អង់ជឺឡា មែរគែល កាត់តឲ្យដូចជា ហ៊ីត្លែ នៅនឹងទំព័រមុខ នៃសារព័ត៌មានតួកគី។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី២៤ មីនា ២០១៧
  • កែប្រែចុងក្រោយ: March 24, 2017
  • ប្រធានបទ: ជម្លោះការទូត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រូបថតរបស់អ្នកស្រី អង់ជឺឡា មែរគែល (Angela Merkel) កាត់តបន្ថែម ជាមួយសម្លៀកបំពាក់ ណាហ្សី រួមនឹងពុកមាត់តូចមួយ ហើយដែលត្រូវបានសារព័ត៌មាន «Günes» ស្និតនឹងរដ្ឋាភិបាលតួកគី យកមកចុះផ្សាយ នៅនឹងទំព័រមុខ កាលពីថ្ងៃសុក្រកន្លងមកនេះ បានចាក់ប្រេងសាំង បន្ថែមទៅលើភាពតានតាំង ដែលបានកើតឡើង តាំងពីច្រើនថ្ងៃមកហើយ រវាងរដ្ឋាភិបាលក្រុង អង់ការ៉ា (Ankara) ជាមួយនឹងរដ្ឋាភិបាលក្រុង ប៊ែរឡាំង (Berlin)។ ទន្ទឹមនឹងនេះ សង្គ្រាមពាក្យសំដី ដ៏សែនមុតស្រួច ក៏បានផ្ទុះឡើងដែរ។

នៅជាមួយនឹងរូបថតកាត់តនេះ សារព័ត៌មាន «Günes» នៅបានបន្ថែមចំណងជើងធំៗ ដូច្នេះថា៖ «ហ៊ីត្លែ ម្នាក់ ដែលមានរូបរាងជាស្ត្រី»។ នេះជារូបថតពេញទាំងស្រុង៖

ការផ្សាយរបស់សារព័ត៌មានខាងលើ បានធ្វើឡើង នៅបន្ទាប់ពីប្រធានាធិបតី ​របស់ប្រទេសតួកគី លោក «Recep Tayyip Erdogan» បានថ្លែងចោទប្រកាន់ជាសាធារណៈ ប្រទេសអាល្លឺម៉ង់ និងប្រទេសហូឡង់ ថាបានប្រកាន់ចរិតបែប «ណាហ្សី ហ៊ីត្លែ» ក្រោយពីប្រទេសទាំងពីរ បានហាមឃាត់នៅលើទឹកដី របស់ផងខ្លួន មិនឲ្យបណ្ដាជនមានដើមកំណើតតួកគី ជួបប្រជុំគ្នា។ ការជួបប្រជុំទាំងនោះ មានបំណងដើម្បីឃោសនា ឲ្យការធ្វើប្រជាមតិមួយ ដែលគ្រោងធ្វើ​នៅក្នុងប្រទសតួកគី ក្នុងបុព្វហេតុពង្រីកអំណាច ឲ្យទៅរបបប្រធានាធិបតី ជាពិសេស របបដឹកនាំដោយលោក «Recep Tayyip Erdogan» សព្វថ្ងៃ។

«មិនខុសអ្វី ពីហ៊ីត្លែ...»

នៅក្នុងអត្ថបទរបស់ខ្លួន សារព័ត៌មាន «Günes» បានសរសេរជាអាទិ៍ថា៖ «ជាមួយនឹងការអោបក្រសោប អង្គការភេរវនិយមនានា (...) ប្រទេសអាល្លឺម៉ង់ បានពន្យុះទ្វីបអ៊ឺរ៉ុបទាំងមូល ឲ្យប្រឆាំងនឹងប្រទេសតួកគី»។ សារព័ត៌មាននៅបានលើក មករាយការណ៍ទៀត ពីការចោទប្រកាន់ទាំងឡាយ របស់រដ្ឋាភិបាល តួកគី ដែលនិយាយថា រដ្ឋាភិបាលក្រុង ប៊ែរឡាំង បានផ្ដល់ជំរកទៅឲ្យ បណ្ដាជនភាគតិច គួដ ដែលនិយមបំបែកទឹកដី និងទៅឲ្យក្រុមក្បត់ ដែលបានធ្វើរដ្ឋប្រហារ មិនបានសម្រេច ក្នុងប្រទេសតួកគី កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងមក។

នៅលើគេហទំព័រ របស់សារព័ត៌មាននេះ ក៏មានឃើញរូបថតកាត់ត ប្រហាក់ប្រហែលគ្នា ត្រូវបានយកមកបង្ហោះផ្សាយដែរ។ គេហទំព័របានសរសេរចំណងជើងថា៖ «មិនខុសអ្វី ពីហ៊ីត្លែ»។

តបនឹងការចោទប្រកាន់នោះ អធិការបតីអាល្លឺម៉ង់ អ្នកស្រី អង់ជឺឡា មែរគែល បានអំពាវនាវឲ្យប្រទេស តួកគី អត់ធ្មត់ និងប្រកាន់«ចិត្ត​​ឲ្យត្រជាត់»។ អ្នកនាំពាក្យរបស់អធិការបតី លោក «Steffen Seibert» បានអះអាងថា ការប្រៀបធៀបទាំងឡាយណា ទៅនឹងរបបណាហ្សីនិយម នឹងមិនអាចទទួលយកបាន និងមានលក្ខណៈខុសទំនង ដោយសារតែការប្រៀបធៀបទាំងនោះ មានចរិតអត់អោន ឲ្យឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលបង្កឡើងដោយរបប ជាតិ-សង្គមនិយមជ្រុល (របស់ហ៊ីត្លែ)។

នៅមុននេះ ប្រទេសតួកគី បានប្រតិកម្មដូចគ្នា ទៅនឹងការចុះផ្សាយមួយ របស់ទស្សនាវដ្ដីអាល្លឺម៉ង់ ឈ្មោះ «Bild» ដែលបានលើកហេតុផល «ចំពោះមុខជាច្រើន» មកពន្យល់ថា លោកប្រធានាធិបតីតួកគី «Recep Tayyip Erdogan» មិនគួរជាមនុស្ស ដែលត្រូវបានស្វាគមន៍ (Persona non grata) នៅក្នុងទឹកដីអាល្លឺម៉ង់ទេ។ ទស្សនាវដ្ដីនៅបានបរិហារលោក «Erdogan» ថាជាមនុស្ស«ឆ្កួត» នឹងអំណាចនោះផងទៀត។ ការចុះផ្សាយនោះ ត្រូវបាន​ក្រសួងការបរទេស តួកគី ចាត់ទុកថា ជា«ផ្លែផ្កានៃផ្នត់គំនិតមួយ ដែលកើតចេញ ពីការប្រកាន់ពូជសាសន៍ និងការរើសអើង ប្រឆាំងនឹងបរទេសនិយម»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...