ហ៊ុន សែន មិន​អត់​ឱន​ឲ្យ​អ្នក​កាសែត ដែល​ផ្សាយ​ព័ត៌មាន​​បង្ក​«បដិវត្ត​ពណ៌»

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានយកឱកាស នៃ​«វេទិកានិពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា» ដែលជាវេទិការមួយ មិនសូវមានចំណាប់អារម្មណ៍ ពីអ្នកសារព័ត៌មាននោះ ដើម្បីគម្រាមអ្នកសារព័ត៌មាន កុំឲ្យផ្សាយព័ត៌មាន ឬដំណឹងណា ដែលជាការញុះញង់ឈានទៅរកការផ្ដួលរំលំរដ្ឋាភិបាល ដែលលោកហៅថា ជា«បដិវត្តន៍ពណ៌»។ លោកនាយករដ្ឋមន្ត្រី បានព្រមានថា នឹងមិនអត់ឱន ឲ្យទង្វើនេះបានឡើយ។
ហ៊ុន សែន មិន​អត់​ឱន​ឲ្យ​អ្នក​កាសែត ដែល​ផ្សាយ​ព័ត៌មាន​​បង្ក​«បដិវត្ត​ពណ៌»
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងផ្លែទំពាំងបាយជូរ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៥ វិច្ឆិកា ២០១៧
  • កែប្រែចុងក្រោយ: November 26, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកនាយករដ្ឋមន្ត្រីម្នាក់ឯង តែអាចដើរតួរសំដែងបានច្រើនប្រភេទ៖ ជានាយករដ្ឋមន្ត្រីដែលសរសើរខ្លួនឯង ជាគ្រូបង្រៀនអ្នកកាសែត ជាអ្នកធ្វើស្ថិតិ ជាអ្នកថ្នាក់ថ្នមអង្អែលខ្នង ហើយក៏ជាអ្នកព្រមាន និងគម្រាមវាយក្បាលផងដែរ។ ហើយការសំដែងទាំងអស់នេះ មាននៅក្នុងសារលិខិតមួយ ដែលលោកនាយករដ្ឋមន្ត្រី បានសរសេរយ៉ាងវែងអន្លាយ ដើម្បីផ្ញើរជូន«វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា» ក្នុងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា។

លិខិតបីទំព័រ​របស់លោក ហ៊ុន សែន ដែលចុះហត្ថលេខា តាំងពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ បានសរសេររៀបរាប់ កោតសរសើរអ្នកសារព័ត៌មាន ដែលបានផ្សាយព័ត៌មាន ឲ្យមហាជនទូទៅបានដឹង និងស្វែងយល់ ពីការវិវត្តន៍នានា ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ហើយលោកបានចាត់ទុក​សារព័ត៌មាន​ ថាជា«​ដៃគូ​អភិវឌ្ឍមិនអាចខ្វះបាន»។ នាយករដ្ឋមន្ត្រីកម្ពុជា បានលើកពីស្ថិតិ នៃអង្គភាពសារព័ត៌មាននៅកម្ពុជា ថាមានចំនួន ៥៣០ស្ថាប័ន និងបានសរសេរថា៖ 

«សមិទ្ធផល​ការរីកចម្រើន ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ (...) ​នាពេល​បច្ចុប្បន្ន បាន​ឆ្លុះបញ្ចាំង​អំពី​ការរីកចម្រើន ការបើកទូលាយ​នូវ​សេរីភាព​សារព័ត៌មាន និង​ការយកចិត្តទុកដាក់ ​ពី​រាជរដ្ឋាភិបាល​កម្ពុជា លើ​វិស័យ​សារព័ត៌មាន ដែល​បាន​ប្រែក្លាយ​ប្រទេស​កម្ពុជា ទៅ​ជា​ប្រទេស​ដែល​មាន​សេរី​ភាសារព័ត៌មាន ​ល្អ​ជាង​ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ាន»។​

ក្រៅពីអង្អែលខ្នងអ្នកសារព័ត៌មាន និងលើកសរសើរខ្លួនឯង លោក ហ៊ុន សែន នៅបានសរសេរបង្រៀន និងព្រមានអ្នកកាសែត មិន​ឱ្យ​ផ្សាយ​ព័ត៌មាន​ណា​ ដែល​ឈាន​ដល់​ ការធ្វើបដិវត្តន៍​ពណ៌​ផ្តួល​រំលំ​រដ្ឋាភិបាល​ ដោយអះអាងដោយខ្លួនលោក ថា​វិស័យសារព័ត៌មាន ​ជា​អាវុធ​មុខ​ពីរ ​ដែល​អាច​ជួយ​​កសាង​ប្រទេស​ជាតិ​ផង​ និង​អាច​បំផ្លាញ​សុខ​សន្តិភាព​ជាតិ​ផង។ លោកនាយករដ្ឋមន្ត្រី បានសរសេរថា៖ 

«​សារព័ត៌មាន​ពិត​ជា​អាវុធ​មុខ​ពីរ។ ប្រសិន​បើ​ការ​ប្រើសេរីភាព​ ប្រកប​ដោយ​វិជ្ជាជីវៈ​ និង​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​ សារព័ត៌មាន​ពិត​ជា​បាន​ចូលរួម​ចំណែក​ ក្នុង​ការ​ជួយ​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​ ការ​គោរព​សិទ្ធិមនុស្ស​ ការ​កសាង​សន្តិភាព​ ស្ថិរភាព​នយោបាយ​ និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ ប៉ុន្តែ​ប្រសិន​បើ​ការ​ប្រើប្រាស់​សេរីភាព ​ហួស​ព្រំដែន​ដោយ​បំពាន​ច្បាប់​ សារព័ត៌មាន​ពិត​ជា​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ បំផ្លាញ​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ជាតិ​ ហើយ​រុញច្រាន​ឲ្យ​ប្រទេស​ ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​ យ៉ាង​ពិត​ប្រាកដ‍។»។

លោកបានបន្តថា៖ «ការផ្សព្វផ្សាយព័ត៌មានមិនពិត បំប៉ោងសភាពការណ៍រុញច្រានប្រទេស ឲ្យធ្លាក់ក្នុងភាពវឹកវរ អស្ថិរភាពនយោបាយ បង្កឲ្យកើតមានជម្លោះប្រដាប់អាវុធ ជាមួយប្រទេសជិតខាង និងធ្វើឲ្យសង្គមកើតចលាចល ឈានទៅរកការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈចលនាបដិវត្តពណ៌ ដែលជាអំពើខុសច្បាប់ មិនអាចអត់ឱនឲ្យបានឡើយ»។

អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (Reporters Without Borders/ Reporters Sans Frontières) បានចាត់សេរីភាពសារព័ត៌មាន របស់ប្រទេសកម្ពុជា ទៅក្នុងចំណាត់ថ្នាក់ ទី១៣២ ពីចំណោម១៨០ប្រទេស នៅលើពិភពលោក។ ចំណាត់ថ្នាក់ «ពណ៌ក្រហម» ក្នុងឆ្នាំ២០១៧នេះ អន់ជាចំណាត់ថ្នាក់ឆ្នាំទៅម៉ិញ ចំនួន៤លេខ (ឆ្នាំទៅទទួលបានចំណាត់ថ្នាក់លេខ ១២៨) ដែលបង្ហាញឲ្យឃើញថា សេរីភាពសារព័ត៌មានរបស់កម្ពុជា បានធ្លាក់ចុះអន់ថយ។ អង្គការឃ្លាំមើលសេរីភាព​សារព័ត៌មាន​មួយ​នេះ បានពន្យល់ការចាត់ចំណាត់ថ្នាក់របស់ខ្លួន ថា របបដឹកនាំរបស់លោក ហ៊ុន សែន បានត្រួតពិនិត្យយ៉ាង​ដិតដល់ ទៅលើវិស័យសារព័ត៌មាន ខណៈប្រព័ន្ធផ្សព្វផ្សាយលើសលប់ ស្ថិតក្រោមការគ្រប់គ្រង របស់មនុស្សជំនិត និងសមាជិកគ្រួសាររបស់នាយករដ្ឋមន្ត្រី។

របាយការណ៍ចាត់ចំណាត់ថ្នាក់ របស់អង្គការអន្តរជាតិខាងលើ បានចេញផ្សាយ មុនយុទ្ធនាការថ្មីៗ នៃការបង្ខំឲ្យបិទស្ថានីយ៍វិទ្យុ និងសារព័ត៌មានជាច្រើន ដែលបានកើតឡើងជាបន្តបន្ទាប់ រាប់ចាប់តាំងពីដើមខែកញ្ញា ឆ្នាំ២០១៧នេះមក ក្នុងនោះមានការបង្ខំចិត្តបិទទ្ធា របស់សារព័ត៌មាន «The Cambodia Daily» វិទ្យុអាស៊ីសេរី «RFA» និងការហាមឃាត់ស្ថានីយ​វិទ្យុផ្សាយ​សម្លេង​ក្នុងស្រុកជាច្រើន ដែលបានជួលម៉ោងផ្សាយព័ត៌មានបន្ត ពីវិទ្យុសម្លេងប្រជាធិបតេយ្យ «VOD» វិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិក «VOA»។

បន្ថែមពីលើយុទ្ធនាការខាងលើ អតីតអ្នកសារព័ត៌មានពីររូប របស់វិទ្យុអាស៊ីសេរី ត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួន យកទៅដាក់ឃុំ កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងមកនេះ បន្ទាប់ពីអាជ្ញាធរបានសង្ស័យពួកគេ ថាបានលួចផលិតព័ត៌មាន បញ្ជូនទៅឲ្យទីស្នាក់ការកណ្ដាល របស់វិទ្យុអាស៊ីសេរី ដែលស្ថិតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ បន្ទាប់ពីបានជាប់ឃុំ អស់ជាច្រើនថ្ងៃនោះមក អតីតបុគ្គលិកវិទ្យុទាំងពីរ គឺ​លោក អ៊ួន ឈិន​ ​និង​លោក​ យាង សុធារិន​ ហៅ ​យាង​សុជាមេត្តា ត្រូវបានអយ្យការ​អម​តុលាការ​រាជធានី ចោទ​ប្រកាន់​ពី​បទ ​«ប្រគល់​ឲ្យ​រដ្ឋ​បរទេស​ នូវ​ព័ត៌មាន​ជាអាទិ៍​ ដែល​បង្ក​ឲ្យ​មាន​ការ​អន្តរាយ ​ដល់​ការ​ការពារ​ជាតិ»​ ​តាម​មាត្រា​៤៤៥​ ​នៃ​ក្រម​ព្រហ្មទណ្ឌកម្ពុជា​ ដែល​ប្រឈម​នឹង​ការ​ជាប់​ទោស​ ​ពី៧​ ​ទៅ​១៥ឆ្នាំ។​

ក្នុងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលជាថ្ងៃតុលាការកំពូល បើកសវនាការលើសំនុំរឿង ស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ យុវតីអ្នកសារព័ត៌មានរបស់សកាសែត «The Cambodia Daily» មួយរូប ក៏ត្រូវបានក្រុមអាជ្ញាធរកម្ពុជា ឃាត់ខ្លួនអស់​មួយរយៈពេលដែរ។ នេះ គេនៅមិនទាននិយាយ ពីអតីតអ្នកសារព័ត៌មានពីររូបទៀត ដែលកំពុងស្ថិតក្រោមការប្ដឹងផ្ដល់ នៅឯតុលាការខេត្តរតនគិរីនោះផងទេ។

ចំណាត់ទាំងនេះ ពីសំណាក់រដ្ឋាភិបាលកម្ពុជា បានរងនូវប្រតិកម្មយ៉ាងខ្លាំងក្លា និងពីគ្រប់ទិសទី នៅក្នុងពិភពលោក។ បណ្ដាប្រទេសនានា នៅឯបស្ចឹមលោក និងអង្គការអន្តរជាតិធំៗជាច្រើន បានហៅយុទ្ធនាការនេះ គឺជាការរិតត្បិត ទៅលើវិស័យសារព័ត៌មាន ដោយរដ្ឋាភិបាលលោក ហ៊ុន សែន នៅមុនការបោះឆ្នោតជាតិ ឆ្នាំ២០១៨មកដល់។ អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ក៏បានចេញ​សេចក្ដីថ្លែងការណ៍មួយដែរ ហៅការឃាត់ខ្លួនជាបន្តបន្ទាប់នេះ ជាការ«បំបិត»សម្លេងជំទាស់ នៅក្នុងប្រទេសកម្ពុជា និងជាជំហានមួយនាំប្រទេសកម្ពុជា ឆ្ពោះទៅរកការដឹកនាំបែបឯកបក្ស។

រីអង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសាអង់គ្លេស «Human Rights Watch» បានចាត់ទុកការលើកឡើង ពីករណី «បដិវត្តពណ៌» របស់រដ្ឋាភិបាលលោក ហ៊ុន សែន ថាគ្រាន់តែជា«លេស» ដើម្បីយកមកសំអាង ក្នុងការបង្ក្រាបទៅលើក្រុមប្រឆាំង ក្រុមអ្នកការពារសិទ្ធិមនស្ស និងជាពិសេស ទៅលើសារព័ត៌មានឯករាជ្យ នៅក្នុងប្រទេសតែប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...