អ្នកវិភាគថា ហ៊ុន សែន កំពុងរៀនធ្វើនាយករដ្ឋមន្ត្រី រឿងព្រំដែន?
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី០៧ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 07, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វិវាតរឿងព្រំដែន របស់ប្រទេសកម្ពុជា ជាមួយនឹងប្រទេសជិតខាង ទើបនឹងត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា បើកទំព័រថ្មីដ៏សំខាន់មួយ ឆ្ពោះទៅកាន់យន្ដការអន្តរជាតិ។ នោះ គឺលោក ហ៊ុន សែន បានស្នើសុំ«ខ្ចី»ផែនទីផ្លូវការ នៃព្រំដែនប្រទេសកម្ពុជា ពីអង្គការសហប្រជាជាតិ ដែលជាអង្គការពិភពលោក ធំជាងគេបង្អស់ មានរដ្ឋជាសមាជិក សឹងតែគ្រប់ប្រទេស នៅលើផែនដី។
នៅចំពោះកាយវិការ របស់លោក ហ៊ុន សែន នៅពេលនេះ ត្រូវបានអ្នកឃ្លាំមើលបញ្ហាព្រំដែន និងតាមដានស្ថានការណ៍កម្ពុជា អបអរជាទូទៅ។ ប៉ុន្តែទន្ទឹមនឹងនោះ ការបកស្រាយពន្យល់ផ្សេងៗ ក៏បានកើតឡើងព្រមគ្នាដែរ។ លោក ព្រហ្ម គិត អតីតមន្ត្រីបួនជំនាន់ ជំនាញខាងច្បាប់ មកពីកម្ពុជា ដែលសព្វថ្ងៃចូលនិវត្តន៍ នៅក្នុងតំបន់ ពីរ៉ាណេ នៃប្រទេសបារាំង បានឃើញការស្នើ«សុំខ្ចី»នោះ ហើយបានសម្ដែងចម្ងល់ថា លោក ហ៊ុន សែន កំពុងរៀនធ្វើនាយករដ្ឋមន្ត្រី ផ្នែកដោះស្រាយបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ឬយ៉ាងណា។
សូមតាមដានកិច្ចសម្ភាស រវាងទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ និងលោក ព្រហ្ម គិត ដូចតទៅ៖
មនោរម្យ.អាំងហ្វូ៖ បើតាមយោបល់របស់លោក តើនឹងមានការបកស្រាយបែបណា នៅពេលដែលលោកឃើញ ការស្នើសុំខ្ចីផែនទី ពីអង្គការសហប្រជាជាតិ របស់លោក ហ៊ុន សែន នាពេលនេះ?
ព្រហ្ម គិត៖ មានរឿងពីរ ដែលក្មួយ (លោកហៅអ្នកយកព័ត៌មានយើង ថាក្មួយ) ត្រូវដឹង។
ទីមួយ គឺការដេញទាន់ ជាន់កែង ពីសំណាក់ពលរដ្ឋខ្មែរ។ រឿងទឹកដីនេះ ខ្មែរ-យួន-សៀម មិនដែលស្រួលនឹងគ្នាទេ ព្រោះវាជាប្រវត្តិសាស្ត្រ ដ៏យូរលង់ ដែលខ្មែរយើង ចេះតែហោចទឹក ហោចដី។ លោក ហ៊ុន សែន ចាំបាច់ត្រូវតែស្នើសុំ ទៅអង្គការសហប្រជាជាតិ ពីរឿងនេះ ព្រោះវាអាចរំងាប់ ទឹកចិត្តពុះកញ្ជ្រោល របស់កូនខ្មែរជំនាន់ក្រោយបាន។ ក្មួយឯងដឹងហើយ ការចុះទៅមើលព្រំដែន ចេះតែមាន ជាបន្តបន្ទាប់ ហើយចុងក្រោយនេះ ស្រាប់តែមានការចាប់ចង ពីយួន។ ខ្មែរសម័យលោក ហ៊ុន សែន ប្រហែលជាសុខចិត្តឲ្យគេចង ឬគេសម្លាប់ហើយ។ តែខ្មែរសម័យនេះ មិនអញ្ចឹងទេ។
ទីពីរ បង្ហាញថា លោក ហ៊ុន សែន មិនបានដោះស្រាយ បញ្ហាព្រំដែន ខ្មែរ-យួន ដូចបញ្ហាខ្មែរ-សៀមទេ។ ឬបើមិនអញ្ចឹង វាមានតែលោក ហ៊ុន សែន កំពុងរៀន ធ្វើជានាយករដ្ឋមន្ត្រី កំពុងរៀនពីរបៀបដោះស្រាយ បញ្ហាព្រំដែន ខ្មែរ-យួន ព្រោះលោក ហ៊ុន សែន ទើបនឹងរកផែនទីផ្លូវការ មកជជែកគ្នា នៅពេលនេះ? ហើយខ្លួនឯង បានទៅចុះសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងអ្វីៗ រហូតបោះបង្គោលជិតចប់ អស់ទៅហើយ ណ្នឹង!
មនោរម្យ.អាំងហ្វូ៖ សូមលោក ព្រហ្ម គិត មេត្តាពន្យល់ ពីករណីលោក ហ៊ុន សែន កំពុងរៀនដោះស្រាយ បញ្ហាព្រំដែននេះបន្តិចមើល៍?
ព្រហ្ម គិត៖ បើសម្ដេច សីហនុ យកផែនទីនោះទៅតំកល់ នៅអង្គការសហប្រជាជាតិ ព្រោះខ្លាច វាមានការបកស្រាយ ខុសគ្នា និងការយកផែនទីផ្ដេសផ្ដាស មកអះអាងនេះហើយ។ ហើយផែនទីផ្លូវការ ដែលមាននៅស្រុកខ្មែរយើង វាបាត់អស់ហើយ ព្រោះសង្គ្រាម ដូររបបបីបួន អស់ជាង២០-៣០ឆ្នាំ។ បើអញ្ចឹង មានសំណៅដើមពីអ្វីខ្លះ ដែលអាចយកមកអះអាង រឿងចរចាររឿងព្រំដែន? ត្រូវមើលពីសន្ធិសញ្ញា អន្តរជាតិចាស់ៗ ដែលធ្វើឡើងរវាងខ្មែរ-យួន ខ្មែរ-សៀម ឬប្រទេសអស់នេះ ជាមួយបារាំង ដែលជាអាណាព្យាបាលខ្មែរ ពីមុនមក។ ហើយជាពិសេស ត្រូវរកផែនទីផ្លូវការមកវិញ ព្រោះយើងមានតំកល់ទុកទេតើ។ តែបើរឿងស្នើខ្ចីនេះ ទើបនឹងត្រូវលោក ហ៊ុន សែន ស្នើសុំនោះ បានសេចក្ដីថា លោក ហ៊ុន សែន អត់ដែលមានផែនទីផ្លូវការ ដែលអន្តរជាតិទទួលស្គាល់ ទៅជជែកជាមួយគេទេ ហើយទុកឲ្យមានការបកស្រាយ ស្រេចតែនឹងចិត្តទៅ។ ទាំងលោក ហ៊ុន សែន ខ្លួនឯង ក៏បានបកស្រាយអស់៤-៥ម៉ោង តែម្នាក់ឯងដែរ។ តែអាការបកស្រាយនេះ អត់មានផែនទីផ្លូវការ ដែលអន្តរជាតិទទួលស្គាល់នោះ ជាសំអាងទេ ព្រោះលោក ហ៊ុន សែន ទើបនឹងស្នើសុំពីម្សិលម៉ិញ។
រឿងព្រំដែន ជាមួយយួននេះ បើខ្ញុំថាលោក ហ៊ុន សែន ល្ងង់ ក៏ដូចជាមិនល្ងង់ទេ។ តែបើថា មានអាថ៌កំបាំង ឬកិច្ចកលអ្វីពីក្រោយ អានេះខ្ញុំមិនដឹងទេ។ តែការចរចាលើរឿងព្រំដែន ដែលគ្មានផែនទីផ្លូវការ ដែលអន្តរជាតិទទួលស្គាល់នេះ ជាការចរចាប្រហោងក្នុង ជាការចរចាដែលគ្មានមូលដ្នានគ្រឹះ។ អញ្ចឹង ខ្ញុំវាឆ្ងល់ថា តើលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដូចម្ដេច? តើលោក ហ៊ុន សែន ទៅបង្កើតផែនទីមួយ ជាមួយយួន ដើម្បីចរចាឬយ៉ាងណា?
មនោរម្យ.អាំងហ្វូ៖ នៅក្នុងលិខិត ស្នើសុំខ្ចីផែនទីនោះ លោក ហ៊ុន សែន បានសរសេរ ដោយយោងតាមរដ្ឋធម្មនុញ្ញ គោរពតាមស្មារតី របស់សម្ដេច សីហនុ និងដើម្បីបញ្ជៀស ការយកចំណេញនយោបាយ...
ព្រហ្ម គិត៖ អើ... អាត្រង់ណ្នឹងហើយ ដែលខ្ញុំឆ្ងល់ថា លោក ហ៊ុន សែន ឡើងធ្វើជានាយករដ្ឋមន្ត្រី តែគ្មានគោលការណ៍ ជាមូលដ្ឋានគ្រឹះ នៅក្នុងខ្លួនទេ ឬយ៉ាងម៉េច? ខ្ញុំគ្រាន់តែបញ្ជាក់ក្មួយឯង ថាបើលោក ហ៊ុន សែន ស្នើសុំផែនទីនេះ មកជជែកចរចាតាំងពីដំបូង ហើយបើកទូលាយ ឲ្យគេឯងមើល មានអ្នកសារព័ត៌មានអី ចូលរួមទាំងអស់គ្នាទៅ មើល៍ខ្ញុំសួរ តើក្រុមប្រឆាំងមានពាក្យអ្វី មកនិយាយ ដើម្បីជាលេសនយោបាយឬទេ? លោក ហ៊ុន សែន អះអាងថាលោកធ្វើត្រឹមត្រូវ មិនឲ្យបាត់ដី តែត្រឹមត្រូវយ៉ាងម៉េច បើលោកយកផែនទី ដែលទទួលស្គាល់ តែលោកខ្លួនឯងនិងយួន ទៅចរចាលួចលាក់ ស៊ុំគ្រលំបោះបង្គោលស្ងាត់ៗ តែពីរនាក់នោះទៀត តើនរណាមួយ ដែលនឹកឃើញថា លោក ហ៊ុន សែន ធ្វើនោះត្រឹមត្រូវ?
មនោរម្យ.អាំងហ្វូ៖ តើអង្គការសហប្រជាជាតិ នឹងចាត់វិធានការយ៉ាងដូចម្ដេច នៅពេលដែលបានទទួល លិខិតស្នើសុំខ្ចីនេះ?
ព្រហ្ម គិត៖ គេប្រាកដជាឲ្យហើយ ព្រោះរដ្ឋាភិបាលជាអ្នកសុំ។ តែបើតាមខ្ញុំដឹង គេមិនឲ្យច្បាប់ដើមទេ តែគេនឹងបោះពុម្ពជាកូពី (Copy) ឲ្យ។ ហើយអាកូពីនេះ យើងអាចសុំឲ្យគេបោះពុម្ព ច្រើនកូពីក៏បានដែរ ឬលើកក្រោយសុំទៀតទៅ។ តែមិនមែនដូចលោក វ៉ា គឹមហុង និយាយថា ផែនទីដែលយួនបោះពុម្ពឲ្យ មានតែមួយ ដើរជាន់មិនបាននោះទេ។ ខ្ញុំមិនយល់ ពីរឿងផែនទីមានតែមួយ... បានន័យថា បើបាត់ផែនទី ដែលយួនបោះពុម្ពឲ្យនេះទៅ ខ្មែរយើងនឹងបាត់ដីដែរ ឬយ៉ាងម៉េច? អត់យល់៕