ហ៊ុន សែន បង្រៀនទ្រង់ រណឫទ្ធិ ឲ្យចេះធ្វើនយោបាយខ្លួនឯង
- ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញថ្ងៃទី២៦ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 28, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ពីមុនតាមស៊ីកេរ្តិ៍ព្រះបិតា ឥឡូវមកតាមស៊ីកេរ្តិ៍ ព្រះរាជអានុជទៀត។ សុំប៉ុណ្នឹងបានទេ ឲ្យចេះឈរលើ ជំហរខ្លួនឯងបានទេ។ ព្រះអង្គគួរតែចេះធ្វើនយោបាយ ដោយខ្លួនព្រះអង្គផ្ទាល់ កុំចាំតែព្រះបិតា និងព្រះរាជអនុជ អញ្ចឹង។» នេះការថ្លែងព្រមាន របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីជា«ការស្រោចទឹកមួយគ្រែ» ឲ្យទៅអតីតគូសត្រូវនយោបាយ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ។
ប្រតិកម្មខ្លាំងៗរបស់លោកនាយករដ្ឋមន្រ្តី បានធ្វើឡើងជាការតបតរ ទៅនឹងបន្ទូលរបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ដែលកាលពីព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា នៅមជ្ឈមណ្ឌលកោះពេជ្រ បានអះអាងថា ព្រះអង្គម្ចាស់បានឭថា ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រោងនឹងកោះហៅមេដឹកនាំ នៃគណបក្សទាំងបី ឲ្យចូលពិភាក្សាគ្នា ពីបញ្ហាព្រំដែនកម្ពុជា។ ក្នុងជំនួបជាមួយក្រុមយុវជន នាពេលនោះ ព្រះអង្គម្ចាស់ រណឫទ្ធិ ដែលជាប្រធានគណបក្សហ្វុនស៊ីនប៉ិច ថែមទាំងបាន លើកមកបញ្ជាក់ទៀតថា ព្រះមហាក្សត្រកម្ពុជា មានព្រះរាជតួនាទី ក្នុងការថែរក្សាបូរណភាពទឹកដី។
ដំណឹងដែលផ្សាយព្រោងព្រាង តាមសារព័ត៌មាននានា និងជាពិសេសតាមរយៈ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ លេខចេញផ្សាយ ក្នុងល្ងាចថ្ងៃសៅរ៍នោះ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាទូទៅ ហើយក៏មិនអាចជៀសផុត ពីត្រជៀករបស់លោកនាយករដ្ឋមន្ត្រីដែរ។ ដោយហេតុនេះហើយ ទើបលោក ហ៊ុន សែន បានផ្ញើសារសួរព្រះអង្គម្ចាស់ រណឬទ្ធិ ពីបញ្ហាទាំងនេះ កាលពីយប់ថ្ងៃអាទិត្យ។ នេះបើតាមការអះអាង របស់លោក ហ៊ុន សែន ដែលបានថ្លែង ក្នុងពិធីបុណ្យចម្រើនព្រះជន្ម ប្រគេនព្រះសង្ឃ នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃច័ន្ទ ទី២៧ ខែកក្កដានេះ។
«ធ្វើនយោបាយ... រហូតគ្មានមួយកៅអី»
ចម្លើយដែលបាន ពីព្រះអង្គម្ចាស់ រណឫទ្ធិ មកវិញ គឺព្រះអង្គម្ចាស់បានឮព័ត៌មានទាំងនេះ ពីមនុស្សម្នាក់ ដែលលោក ហ៊ុន សែន ចាត់ទុក ថាជាមនុស្ស«គ្មាន»ប្រយោជន៍។ លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីទីពីរ បានប្រតិកម្មខ្លាំងៗ ដាក់អតីតដៃគូខ្លួន ដែលជាអតីតនាយករដ្ឋមន្ត្រីទីមួយ នៅក្នុងរដ្ឋាភិបាលអាណត្តិដំបូងថា ប្រសិនជានៅតែបន្ត សកម្មភាពបែបនេះទៀត ព្រះអង្គម្ចាស់ រណឫទ្ធិ នឹងគ្មានកៅអីអង្គុយ នៅក្នុងរដ្ឋសភាឡើយ។ លោកនាយករដ្ឋមន្ត្រី បានយកដំបៅចាស់ ដ៏ចុកចាប់ របស់ព្រះអង្គម្ចាស់ រណឫទ្ធិ មករំលឹកថា ធ្វើនយោបាយតាំងពីមានអសនៈ ក្នុងរដ្ឋសភា រហូតដល់អត់មានអសនៈហើយ នៅតែបន្តសកម្មភាពបែបនេះ នាពេលបច្ចុប្បន្នទៀត។
«រាជានិយមអីតែឯង...»
លោក ហ៊ុន សែន ថ្លែងឡើងថា៖ «ព្រះអង្គត្រូវចាំថា រាជានិយមនេះ ជារបស់ជាតិ មិនមែនជារបស់ ព្រះអង្គតែម្នាក់ឯងនោះទេ»។
ចំពោះបន្ទូល របស់ព្រះអង្គម្ចាស់ រណឫទ្ធិ ខាងលើ ក៏ត្រូវបានព្របរមរាជវាំង ចេញលិខិតប្រកាសព័ត៌មានមួយ បដិសេធការលើកឡើងនេះ ថាជាការមិនពិតដែរ។ សេចក្តីប្រកាសព័ត៌មាន ដែលបានចេញផ្សាយ ក្នុងថ្ងៃទី២៧ ខែកក្កដា នេះបានសរសេរទៀតថា៖ «បើមានកិច្ចពិភាក្សា ពីបញ្ហាសំខាន់ៗ ទាក់ទងនឹងប្រទេសជាតិនោះ ព្រះករុណា ព្រះមហាក្សត្រ (...) ព្រះអង្គនឹងពិគ្រោះយោបល់ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមថ្នាក់ដឹកនាំកំពូល នៃអង្គនិតិប្រតិបត្តិ ហើយព្រះអង្គ ក៏មិនមានទម្លាប់ពិគ្រោះយោបល់ ជាមួយគណបក្សនយោបាយឡើយ។»
ព្រះរាជាពិភាក្សារឿងអី «ថ្វាយជូន»ភ្លាម!
សេចក្ដីនៅក្នុងលិខិត របស់ព្រះរាជវាំងខាងលើ មិនខុសគ្នាពីការលើកឡើង របស់លោក ហ៊ុន សែន ក្នុងថ្ងៃតែមួយនោះទេ។ នាយករដ្ឋមន្ត្រីបីទសវត្សន៍ របស់កម្ពុជា បានអះអាងថា លោកបានដង្ហែ តាមព្រះមហាក្សត្រ រយៈពេល១១ឆ្នាំហើយ ព្រះមហាក្សត្រមិនប៉ះពាល់ ជាមួយគណបក្សនយោបាយទេ។ លោក ហ៊ុន សែន បាននិយាយទៀតថា ហើយបើមានបញ្ហអ្វី ព្រះរាជានឹងពិភាក្សា ជាមួយនាយករដ្ឋមន្រ្តីតែម្តង ហើយនាយករដ្ឋមន្រ្តី «ថ្វាយជូន»ព្រះអង្គភ្លាម។
បុរសខ្លាំងកម្ពុជា បានប្រកាសទៀតថា៖ «នេះខ្ញុំអង្វរក មិនថារាស្រ្ត មិនថារាជវង្សទេ សូមមេត្តាកុំយកព្រះមហាក្សត្រ យកមកធ្វើជាល្បែង លេងសើច តាមរយៈព័ត៌មាន មិនគ្រប់ជ្រុងជ្រោយ កុំយកបញ្ហានេះ មកធ្វើជាល្បែងលេង សើចនៅក្នុង បញ្ហាជាតិរបស់យើង ដែលជាការទាញព្រះមហាក្សត្រ ឲ្យអាប់ឱនព្រះរាជកិត្តិយស តាមរយៈមហិច្ចតានយោបាយរបស់ខ្លួន។»៕