វន់ ពៅ មិនទាន់ឆ្លើយចូលរួមឬអត់ ក្នុង«មូលនិធិស៊ីក្លូ»របស់ ហ៊ុន សែន
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ មករា ២០១៨
- កែប្រែចុងក្រោយ: January 03, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យ៉ាងណា ក៏លោក វន់ ពៅ នៅមិនទាន់សម្រេចចិត្ត នៅឡើយថា គួរចូលរួម ឬអត់ ជាមួយគម្រោង ដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះ របស់លោក ហ៊ុន សែន។ ភ្ញាក់ផ្អើលដោយសារតែគេដឹងថា មនុស្សដែលលោក ហ៊ុន សែន ហៅឲ្យចូលរួមធ្វើគម្រោងជាមួយរូបនេះ គឺជាប្រធានសមាគមមួយរូប ដែលមាននិន្នាការប្រឆាំងលោក ហ៊ុន សែន និងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា និងថែមទាំងជាអ្នកចេញមុខ ដឹកនាំការធ្វើបាតុកម្ម នៅអំឡុងចុងឆ្នាំ២០១៣ ចូលមកដើមឆ្នាំ២០១៤ នោះផង។
ថ្លែងក្នុងជំនួបជាមួយកម្មករ ជាង១ម៉ឺននាក់ ក្នុងព្រឹកថ្ងៃទី ០៣ មករានេះ បុរសខ្លាំងកម្ពុជាបានប្រកាសបង្កើតមូលនិធិ ដើម្បីជួយទ្រទ្រង់ដល់អ្នកធាក់ស៊ីក្លូ នៅកម្ពុជា ដោយចាប់ផ្ដើមជាមួយទឹកប្រាក់ ១០០លានរៀន និងការបង់ប្រាក់ ១០លានរៀលបន្ថែមទៀត ជារៀងរាល់ខែ។
លោក ហ៊ុន សែន មិនបានបញ្ជាក់ទេថា តើប្រាក់សម្រាប់ដាក់ចូល ទៅក្នុងមូលនិធិនេះ នឹងបានមកដោយរបៀបណានោះទេ តែមូលនិធិនេះ នឹងស្ថិតនៅក្រោមការចាត់ចែង របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួម ពីប្រធានសមាគមស៊ីក្លូនៅកម្ពុជាផង។
លោក ហ៊ុន សែន បានបញ្ជាទៅក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ ឲ្យហៅលោក វន់ ពៅ ទៅពិភាក្សាដើម្បីបង្កើតមូលនិធិខាងលើ និងបានថ្លែងឡើងថា៖ «ខ្ញុំនឹងបង្កើត “មូលនិធិទ្រទ្រង់ស៊ីក្លូ” ដើម្បីជួយទ្រទ្រង់ និងអភិរក្សស៊ីក្លូ។ សូមបងប្អូនចូលរួមវិភាគទាន និងចូលរួមថែរក្សា និងជិះស៊ីក្លូ ដើម្បីកុំឱ្យស៊ីក្លូខ្មែរយើងបាត់បង់។ ស៊ីក្លូក៏អាចទាក់ទាញភ្ញៀវទេសចរណ៍ ផងដែរ។»។
លោកនាយករដ្ឋមន្ត្រីបានរៀបរាប់ថា លោក វន់ ពៅ បានផ្ញើសារជូនពរលោក នៅក្នុងឱកាសចូលឆ្នាំសកលនេះ ហើយបានបង្ហាញគំនិតគំាទ្រ ចំពោះការផ្តួចផ្តើមរបស់លោក ខាងលើ។ នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តថា ទោះបីជាលោក វន់ ពៅ ជានរណាក៏ដោយ លោកចង់ឲ្យមានការអញ្ជើញលោក វន់ ពៅ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមពិភាក្សា ក្នុងការបង្កើតមូលនិធិជួយទ្រទ្រង់ ដល់អ្នកធាក់ស៊ីក្លូនេះ។
លោក វន់ ពៅ ធ្លាប់បានជាប់ឃុំ អស់រយៈពេលជាច្រើនខែ នៅក្នុងសំនុំរឿងបាតុកម្ម នៅមុខរោងចក្រយាកជីង កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤។ លោកបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា លោកសំដែងការអបអរសាទរ ចំពោះគំនិតផ្តួចផ្តើម របស់លោកនាយករដ្ឋមន្រ្តី ប៉ុន្តែលោកនៅមិនទាន់សម្រេចចិត្តថា នឹងចូលរួមនៅក្នុងមូលនិធិនេះ ឬយ៉ាងណានៅឡើយទេ។ លោក វន ពៅ បានពន្យល់ថា វាហាក់ដូចជាលឿនពេក ដែលឆ្លើយក្នុងពេលនេះ ថាលោកគួរចូលរួម ឬអត់។
នៅមុននេះ បន្តិចអ្នកស្រី ប្រាក់ សុវណ្ណារី ភរិយាលោក វន់ ពៅ បានបង្ហោះសារ ជាលក្ខណៈប្រយោលមួយចំនួន នៅលើគណនីហ្វេសប៊ុកអ្នកស្រី អះអាងថា គ្រួសារអ្នកស្រី នឹងមិនលក់កិត្តិយស លក់ក្បាល ដើម្បីប្រាក់ឡើយ។
អ្នកស្រី បានសរសេរថា៖ «នណាមិនស្រលាញ់លុយ! រាល់ថ្ងៃខំរកលុយទាំងឈឺទាំងជា ដើម្បីរស់ស្រួល តែខ្ញុំចង់ប្រាប់ថា សូមមើលមកគ្រួសារខ្ញុំ ក្នុងផ្លូវល្អខ្លះផង។ ទោះជាយើងក្រដល់ស្លាប់ ក៏យើងមិនលក់កិត្តិយស លក់ក្បាល ដើម្បីប្រាក់ឡើយ។ យើងមានសមត្ថភាព មានដៃ មានជើង អាចរកបាន រស់បាន។ ទោះជាយើង មិនមានវិឡា គ្មានឡានទំនើបជិះក៏ដោយ យើងមិនស្លាប់ដែរ។ លុយដែលបានមក ដោយញើសឈាម ខ្ញុំរកបានដោយខ្លួនឯង វាសប្បាយចិត្តជាង។ សូមកុំវិនិច្ឆ័យមនុស្យ ដោយគ្រាន់តែគេនិយាយបំបែកបំបាក់ ធ្វើអោយមនុស្យល្អៗ ឈឺចាប់។»៕