ត្រូវបានឃាត់ខ្លួន ព្រោះច្របាច់សុដន់អ្នកលក់ប្រហិត
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ វិច្ឆិកា ២០១៧
- កែប្រែចុងក្រោយ: November 15, 2017
- ប្រធានបទ: បទល្មើស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើឃើញគ្នាលក់ប្រហិត កុំព្រហើន យកដៃប្រលាក់ប្រហុក ទៅលូកប៉ះពាល់ ដល់រាងកាយឲ្យសោះ! ហេតុការណ៍ដ៏ហួសចិត្ត បានកើតឡើង នៅត្រង់ចំណុចផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
យុវជនដែលជាប់សង្ស័យ ថាបានលូកទៅច្របាច់សុដន់នារី អ្នកលក់ប្រហិត មានឈ្មោះ ឈន ចយ ហៅ តុយង៉ុយ អាយុ២២ឆ្នាំ ជាកម្មករ និងគ្មានទីលំនៅពិតប្រាកដ។ យុវជនត្រូវបានកងកម្លាំងនគរបាលរដ្ឋបាលស្ទឹងមានជ័យ ឃាត់ខ្លួនក្រោមបទ «ប្រទូសកេរ្តិ៍ខ្មាស» និងយកទៅឃុំខ្លួន នៅអធិការដ្ឋាន ខណ្ឌមានជ័យ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាថា ដំបូងឡើយនារីរងគ្រោះ បានដើរចេញពីកន្លែងលក់ទៅផ្ទះ។ លុះដើរមិនទាន់ដល់ផង ស្រាប់តែលេចមុខយុវជនខាងលើ រត់មកក្បែរ រួចយកដៃលូក ទៅច្របាច់សុដន់របស់នាង ហើយទាញនាងទៅកន្លែងងងឹត។ ពេលនោះ នារីរងគ្រោះ បានស្រែកឆោឡោឡើង ថាមានគេចង់ចាប់រំលោភ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋក្បែរខាង នាំគ្នាអន្តរាគមន៍ព្រួតវាយ ម្នាក់មួយដៃមួយជើង បណ្ដាលឲ្យរងរបួសប៉ោងផ្ទៃមុខ មុននឹងសម្រេចប្រគល់យុវជនព្រហើន ឲ្យទៅនគរបាល។
ខណៈនេះ នគរបាលកំពុងកសាងសំនុំរឿង តាមនីតិវិធី ដើម្បីបញ្ជូនយុវជនរូបនេះ ឡើងទៅតុលាការ។ ចំណែកឯនារីរងគ្រោះវិញ មានឈ្មោះ ម.ច.ន អាយុ២៥ឆ្នាំ មុខរបរលក់ប្រហិត ស្នាក់នៅក្នុងស្រុកភូមិ ជិតកន្លែងកើតហេតុ៕