«មន្ត្រី​បាក់​ក ទៅ​ព្យាបាល​នៅ​ថៃ​តែ២-៣ថ្ងៃ ជា​សះ​ស្បើយ»

បុរសម្នាក់ ដែលឃើញនៅក្នុងវីដេអូសុវត្ថិភាព កំពុងបណ្ដើរស្ត្រីវ័យក្មេង ក្នុង​ផ្ទះសំណាក់នៅថៃ គឺពិតជាលោក ឈាន ពិសិដ្ឋ មន្ត្រីនគរបាល នៅក្រុង​ប៉ោយប៉ែត​​នោះមែន។ ​របួសរបស់មន្ត្រីរូបនេះ ដែលអាជ្ញាធរ និង​តុលាការ​​កម្ពុជា​ពន្យល់​ថា បណ្ដាលមកពីរងការបះទង្គិច ជាមួយរថយន្ដ​ប្រធាន​សមាគម សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នោះ ត្រូវបានព្យាបាល នៅក្នុង​មន្ទីរពេទ្យ​ថៃ ដោយប្រើរយៈពេល ត្រឹមតែ២ ទៅ៣ថ្ងៃ​ប៉ុណ្ណោះ។ នេះ ជា​ការ​អះអាង របស់​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​មួយរូប ប្រាប់ទៅ​ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
«មន្ត្រី​បាក់​ក ទៅ​ព្យាបាល​នៅ​ថៃ​តែ២-៣ថ្ងៃ ជា​សះ​ស្បើយ»
ពីឆ្វេងទៅស្ដាំ៖ លោក ឈាន ពិសិដ្ឋ ដែលដួលបោកក្បាល បាក់ក និងរូបថត​ផ្តិតយកពីកាមេរ៉ា​សុវត្ថិភាព។ (រូបលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី៣១ ធ្នូ ២០១៦
  • កែប្រែចុងក្រោយ: December 31, 2016
  • ប្រធានបទ: បទល្មើស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្រាប់អាជ្ញាធរ និងតុលាការកម្ពុជា ហេតុការណ៍ប៉ះទង្គិចជាមួយរថយន្ដលោក ឌិន ពុទ្ធិ ប្រធានសមាគម​សេដ្ឋកិច្ច​​ក្រៅ​​ប្រព័ន្ធ កាលពីថ្ងៃទី២២ ខែធ្នូ បានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ ដល់លោក ឈាន ពិសិដ្ឋ មន្ត្រី​នគរបាល​ក្រុង​ប៉ោយប៉ែត។ បើ​សូម្បី​គ្លីនិក​មួយ នៅក្រុងប៉ោយប៉ែត ក៏ចេញលិខិតស្នាមបញ្ជាក់ដែរ ថាលោក ឈាន ពិសិដ្ឋ ចាំបាច់មាន​ជំនួយការ​ដក​​ដង្ហើម ដោយ​ខ្យល់​អុកស៊ីសែន ក្នុង​កម្រិត​១០​លីត្រ​/​នាទី​។

ផ្ទុយទៅវិញ លោក ផែង វណ្ណៈ មន្ត្រីមួយរូប មក​ពី​ក្រសួង​មហាផ្ទៃ​ បានអះអាងថា ស្ថានភាពរបួសរបស់លោក ឈាន ពិសិដ្ឋ មន្ត្រីនគរបាលនៅក្រុងប៉ោយប៉ែត ដែលបានបង្ហាញឲ្យឃើញថា ដល់​ថ្នាក់​ដេកដួលសន្លប់ បាក់ក និងត្រូវ​បញ្ជូន​ចេញ​ទៅព្យាបាល ដល់មន្ទីរពេទ្យ នៅឯប្រទេសថៃនោះ ត្រូវការ​ពេល​វេលា​ព្យាបាល ត្រឹមតែ២ ទៅ​៣ថ្ងៃ​ប៉ុណ្ណោះ។ ដូច្នេះ នៅថ្ងៃទី៤ ឬថ្ងៃទី៥ បន្ទាប់ពីពេលកើតហេតុ លោក ឈាន ពិសិដ្ឋ ពិត​ជាមាន​សុខភាព​​យ៉ាង​ល្អ​ប្រសើរ និងបានវិលត្រឡប់ មករកជីវិតធម្មតាវិញ ហាក់ដូចជាគ្មាន​ហេតុ​ភេទ​អ្វី កើត​ឡើង​ឡើយ។

ហើយការអះអាងខាងលើនេះ ត្រូវបានអះអាងបន្ថែម ដោយវីដេអូចំនួនបី ដែលថតនៅថ្ងៃទី២៧ ខែធ្នូ បង្ហាញ​ពី​សកម្មភាព របស់មន្ត្រី​នគរបាល​រូប​នេះ នៅក្នុងផ្ទះសំណាក់មួយ នាប្រទេសថៃ។

លោក ផែង វណ្ណៈ ដែលតែងផ្សព្វផ្សាយយ៉ាងសកម្ម នៅលើបណ្ដាញសង្គម បានស្រង់ពាក្យសម្ដីផ្ទាល់ របស់​លោក ឈាន ពិសិដ្ឋ មកថ្លែងប្រាប់វិទ្យុ​សម្លេង​ក្នុង​ស្រុក​មួយ​ថា ក្រោយ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុង​ប្រទេស​​ថៃ ប្រមាណ​​២​ទៅ​៣​ថ្ងៃ អាការៈ​របួស របស់​លោក​ ឈាន ពិសិដ្ឋ បាន​ជាសះស្បើយ​។ ដូច្នេះ​វីដេអូ ដែល​​ថត​​ចេញ ពី​​កាមេរ៉ា​​សុវត្ថិភាព នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ​នោះ គឺជា​សកម្មភាព​របស់​លោក​ ឈាន ពិសិដ្ឋ ដែល​បាន​​ចាក​ចេញ ​ពី​មន្ទីរ​ពេទ្យ​​រួច​រាល់​ហើយ។ ​

ប្ដឹងឲ្យចាប់អ្នកបញ្ចេញវីដេអូ...

មន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ទៀតថា ក្រោយ​ការបែកធ្លាយវីដេអូ នៅតាមបណ្ដាញសង្គម (កាលពីថ្ងៃ​ម្សិល​ម៉ិញ) លោក ​ឈាន ពិសិដ្ឋ បាន​ទៅប្តឹង​នគរបាលថៃដោយផ្ទាល់ ពីបទរំលោភ​ដល់​សិទ្ធិ​ឯកជន​ ដើម្បីទាមទារ​ឲ្យ​អាជ្ញាធរ​ថៃ តាមស្វែង​រកអ្នក​ទទួលខុសត្រូវ ក្នុង​ការបញ្ចេញ​វីដេអូនេះ។

ទាក់ទងនឹងករណីប្ដឹងផ្ដល់ថ្មីនេះ លោក ផែង វណ្ណៈ បានបង្ហោះសារមួយ នៅលើគណនីហ្វេសប៊ុក​របស់​លោក កាល​ពីយប់ម្សិលម៉ិញ បញ្ជាក់ដូច្នេះថា៖ «ប៉ូលីស​ថៃ​កំពុង​តាម​ចាប់ខ្លួន អ្នក​ដែល​លួច​​បញ្ចេញ​​វីដេអូ​​ភ្ញៀវ​ស្នាក់​​នៅ​​​ផ្ទះសំណាក់ ខុស​គោល​ការណ៍​ច្បាប់​ នៅ​ប្រទេស​ថៃ​។ ការបញ្ចេញ​​វីដេអូ​​ភ្ញៀវ​​ដោយ​​គ្មាន​​ការអនុញ្ញាតិ គឺជា​ការ​រំលោភ​​សិទ្ធិ​ឯកជន​ របស់​ភ្ញៀវ យ៉ាងធ្ងន់ធ្ងរ​។ ព្រោះតែ​បំរើ​ហេតុផល​នយោបាយ ទង្វើ​ថោកទាប​បែប​ណា​ ក៏​​ពួក​​អស់​នេះ​​ហ៊ាន​​បំពាន​ដែរ។ បទល្មើស​​កើន​ថែម​ទៀត​ហើយ ចាំ​មើល​អ្នក​ណា​ខ្លះ​ពាក់ព័ន្ធ ​ត្រូវ​​យក​​មក​បង្ហាញ​​មុខ​។ សង្ឃឹមថា ជនល្មើស​​និង​​បក្ស​ពួក ​រត់​មិន​រួច​ទេ​។​»

ប៉ុន្តែការបង្ហោះសារ របស់លោក ផែង វណ្ណៈ មិនបានធ្វើឲ្យ អ្នកប្រើប្រាស់បណ្ដាញសង្គម​មួយ​ចំនួន​ភ្ញាក់ផ្អើល​នោះ​ទេ។ ពួកគេទាំងនោះខ្លះ បានសរសេរមកវិញថា បើមានចំណាត់ការ ពីសំណាក់អាជ្ញាធរថៃ ក៏រឿងនេះ​វា​កើត​ឡើង នៅក្នុងរង្វង់ច្បាប់ នៃប្រទេសថៃដែរ មិនមានអ្វីដែលត្រូវទាក់ទង នឹងប្រទេសកម្ពុជា ឬច្បាប់​កម្ពុជា​នោះ​ទេ។ ខ្លះទៀត បានសរសេរចំអកបន្ថែមថា៖ «តាំងពីពេលណាមក ដែលអាជ្ញាធរខ្មែរចេះខ្វល់ខ្វាយ ពី​សិទ្ធិ​ឯកជន?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...