មុននឹងស្លាប់ ម្ដាយយកទារកអាយុ៦ខែ ទៅលាក់នៅក្នុងចានបង្គន់
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១១ តុលា ២០១៤
- កែប្រែចុងក្រោយ: October 12, 2014
- ប្រធានបទ: រន្ធត់ចិត្ត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រទេសអាមេរិកមិនសូវចេះខ្វះរឿង ដែលធ្វើឲ្យអ្នកផងមិនត្រឹមតែបានសម្ដែង ភាពងឿងឆ្ងល់ប៉ុណ្ណោះទេ តែថែមទាំងពេលខ្លះ បានយកដៃរិតទ្រូង សម្ដែងការអាណិតអាសូរ រកស្មានមិនត្រូវនោះផងទៀត។ នេះជាករណីស្ត្រីជាម្ដាយមួយរូប ដែលបានដឹងខ្លួនថា ខ្លួននឹងច្បាស់ជាស្លាប់នោះ បានយកទារិកាតូចដ៏កំសត់របស់ខ្លួន យកទៅលាក់ទុកក្នុងចានបង្គន់។ នេះបើតាមការផ្សាយឲ្យដឹងថា របស់សារព័ត៌មាន ដេល្លីមេល (Daily Mail)។
នាង ចេស៊ីកា អេរ៉េនដាល (Jessica Arrendale) ពលរដ្ឋអាមេរិកាំងអាយុ៣៣ឆ្នាំ រស់នៅក្នុងសង្កាត់មួយ នៅជាយក្រុង អាត្លង់តា (Atlanta) ត្រូវបានបាញ់សម្លាប់ចំក្បាល ដោយស្វាមីរបស់ខ្លួន មុននឹងបុរសគិតខ្លីរូបនេះ បាញ់សម្លាប់ខ្លួនឯង។ ប៉ុន្តែនៅពេលដែល ចេស៊ីកា បានទទួលគ្រាប់កាំភ្លើងនេះភ្លាម នាងបានខិតខំប្រមូលកម្លាំងចុងក្រោយរបស់នាង ដើម្បីនាំកូនស្រីតូចអាយុ៦ខែ ដែលនាងអោបលាក់នៅក្នុងដៃទាំងទ្វេ ចូលទៅលាក់ទុកនៅក្នុងចានបង្គន់ ក្នុងបន្ទប់ទឹក។
បុរសជាស្វាមី អតីតទាហានជើងទឹក ដែលចូលចិត្តផឹកស្រា ឡូឡា និងប្រើប្រាស់ហិង្សាជាញយដងនោះ បានតាមប្រពន្ធទៅដល់បន្ទប់ទឹកទៀត ប៉ុន្តែបានឃើញនាងដេកគ្របនៅពីលើបង្គន់ និងលាចាកលោកទៅហើយ។ ក្រោយមក បុរសនេះក៏បានបញ្ចប់ជីវិតខ្លួន ទៅជាមួយប្រពន្ធដែរ។
ចំណែកឯទារិកាវិញ បានជាប់នៅក្នុងចានបង្គន់ អស់រយៈពេល១៣ម៉ោង មុននឹងកងកម្លាំងនគរបាល បានចូលទៅក្នុងផ្ទះ ហើយបានរកឃើញនាងតូចមកវិញ។ នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដោយសារខ្លួននាងតូចឡើងក្ដៅ។
ករណីនេះត្រូវបានផ្សព្វផ្សាយ នៅទូទាំងសហរដ្ឋអាមេរិក បង្កឲ្យភាពខ្លោចផ្សារ និងការអាណិតអាសូរបានផ្ទុះឡើង ចំពោះវីរភាពរបស់នាង ចេស៊ីកា ជាម្ដាយ។ មនុស្សជាច្រើន បានបញ្ចេញទឹកចិត្តសុទ្ធាជ្រះថ្លារបស់ពួកគេ ដើម្បីជួយទារិកាកំព្រាមួយនេះ។ ទូរទស្សន៍ Fox News បានផ្សាយថា រហូតមកដល់ពេលនេះ ទារិកាកំសត់ បានទទួលមូលនិធិ ប្រមាណជាជាង២ម៉ឺនដុល្លារហើយ៕