អាយុទើបតែ៥ឆ្នាំ តែចេះរកលុយ ដើម្បីទិញឡានឲ្យម្ដាយ
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១១ តុលា ២០១៤
- កែប្រែចុងក្រោយ: October 11, 2014
- ប្រធានបទ: ពន្លកថ្មី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅពេលកុមារបានសម្រេចចិត្ត ទិញរថយន្ដមួយគ្រឿង ឲ្យម្ដាយរបស់ខ្លួននោះ កុមារ កូរី នៀវេស (Cory Nieves) ទើបតែមានអាយុ៥ឆ្នាំប៉ុណ្ណោះ។ ដោយសារតែធុញទ្រាន់ ក្នុងការជិះរថយន្ដសាលាទាំងត្រជាក់នោះពេក កុមារ កូរី បានដាក់តូបមួយ នៅខាងមុខផ្ទះដែលស្ថិតក្នុងក្រុង ញ៉ូចេស៊ី (New Jersey - ផ្នែកឦសាននៃសហរដ្ឋអាមេរិក) ដើម្បីលក់ភេសជ្ជៈ សូកូឡាក្ដៅ។ ប្រាំឆ្នាំក្រោយមក កុមារតូចរូបនេះ បានក្លាយជាម្ចាស់ហាងមួយឈ្មោះ «Mr. Cory's cookies» ដែលបន្ថែមពីអ្វីដែលកុមារធ្លាប់លក់នោះ បច្ចុប្បន្នកុមារបានបន្ថែម លក់នំប៊ីស្គីប្រចាំហាង រាប់សិបពាន់ទៀត។
ឆ្លងកាត់រយៈពេលប៉ុន្មានឆ្នាំមកនេះ កុមារតូចល្អិត ត្រូវបានប្រព័ន្ធផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក ចាប់អារម្មណ៍យ៉ាងខ្លាំង។ កុមារយើង ថែមទាំងត្រូវបានអញ្ជើញឲ្យចូលរួម ក្នុងកម្មវិធីដ៏ល្បីមួយរបស់លោកស្រី អេឡេន ឌឺហ្សេណែរ (Ellen DeGeneres) នោះផងទៀត។
កុមារ កូរី បានពន្យល់នៅក្នុងកម្មវិធីនោះថា៖ «យើងប្រើប្រាស់សូកូឡាគ្រាប់ ស្រូវសាលី ទំពាំងបាយជូរ និងប៊័រ។ គ្រឿងផ្សំរបស់យើង សុទ្ធសឹងមានលក្ខណៈជីវសាស្ត្រទាំងអស់ ហើយមានប្រភពយីហោច្បាស់លាស់។»
នៅសហរដ្ឋអាមេរិក កុមារមិនត្រូវបានអនុញ្ញាតឲ្យធ្វើការទេ។ តែកុមារ កូរី អាចជួយម្ដាយខ្លួន ជារៀងរាល់ថ្ងៃសៅរ៍ ហើយជាអ្នកទទួលខុសត្រូវ ខាងយុទ្ធសាស្ត្រទីផ្សារ របស់ក្រុមហ៊ុនតូចរបស់ខ្លួន។ ជាមួយនឹងប្រាក់ដែលខ្លួនរកបាន កុមារបានកំណត់ក្ដីសង្ឃឹមរួចជាស្រេច នោះគឺការសិក្សា ក្នុងសកលវិទ្យាល័យដ៏ល្បីមួយ នាពេលអានាគត។ កុមារ កូរី បានបង្ហាញពីបំណងរបស់ខ្លួន ក្នុងការចាប់យកជំនាញថ្មីមួយទៀត៖ ធ្វើជាអ្នករចនាម៉ូដ៕