អតីតនាយករដ្ឋមន្ត្រីបារាំង ជាប់ជាបេក្ខជនផ្លូវការសម្រាប់តំណែងប្រធានាធិបតី
ពីក្នុងចំណោមអ្នកឈរឈ្មោះ នៅក្នុងការបោះឆ្នោតបឋម នៃក្របខណ្ឌគណបក្សអ្នកសាធារណរដ្ឋ (Les Républicains - LR - មាននិន្នាការស្ដាំ និងកណ្ដាលនិយម) ដើម្បីឈានទៅជ្រើសរើសបេក្ខជនផ្លូវការ តែម្នាក់គត់ សម្រាប់ការបោះឆ្នោតប្រធានាធិបតីបារាំង ឆ្នាំ២០១៧នោះ មានដូចជាលោក នីកូឡា សាកូហ្សី (Nicolas Sakozi) អតីតប្រធានាធិបតី លោក អាឡាំ ហ្សីពប៉េ (Alain Juppé) អតីតនាយករដ្ឋមន្ត្រី និងលោក ហ្វ្រង់ស៊័រ ហ្វីយ៉ុង (François Fillon)។
ប៉ុន្តែលោក ហ្វ្រង់ស៊័រ ហ្វីយ៉ុង បានបង្កការភ្ញាក់ផ្អើល តាំងពីការបោះឆ្នោតបថម ជុំទីមួយ ដែលបានប្រព្រឹត្តិទៅ នៅថ្ងៃទី ២០ ខែវិច្ឆិកាកន្លងទៅ ដោយសារតែនៅក្នុងការស្ទង់មតិ ជាច្រើននាពេលកន្លងមក មិនបានបង្ហាញថា លោកមានសម្លេងគាំទ្រ ពីសំណាក់សមាជិកគណបក្ស យ៉ាងភ្លូកទឹកភ្លូកដីដូច្នេះឡើយ។