នៅ​ពេល​រដ្ឋមន្ត្រី​ថវិកា​បារាំង កុហក​ពី​គណនី​ធនាគារ​ខ្លួន​នៅ​ស្វីស

លោក ហ្សេរ៉ូម កាហ៊ុយហ្សាក់ (Jérôme Cahuzac) អតីតរដ្ឋមន្ត្រីផែនការ បានដាក់ពាក្យលាលែងពីតំណែងនេះ នៅបន្ទាប់​ពីមានការបើកបង្ហាញអោយដឹង ពីព័ត៌មានស៊ើបអង្កេតមួយ ពីបទលាងសម្អាត នៃការគេចពន្ធ។ ប៉ុន្តែការសារភាព​របស់​លោក ទាក់ទងសំនុំរឿងនេះ ធ្វើកាលពីថ្ងៃអង្គារទី០២ខែមិនាកន្លងទៅ បានធ្វើអោយផ្ទុះនូវរឿងអាស្រូវមួយយ៉ាងធំ នៅក្នុង​ចំណោមអ្នកនយោបាយបារាំង។
នៅ​ពេល​រដ្ឋមន្ត្រី​ថវិកា​បារាំង កុហក​ពី​គណនី​ធនាគារ​ខ្លួន​នៅ​ស្វីស
លោក ហ្សេរ៉ូម កាហ៊ុយហ្សាក់ នៅពេលលោកជារដ្ឋមន្ត្រីក្រសួងផែនការបារាំង។
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស​ ថ្ងៃទី០៥ មេសា ២០១៣
  • កែប្រែចុងក្រោយ: April 06, 2013
  • ប្រធានបទ: គេចពន្ធ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើនេះ ជាការរលំដួលរបស់មនុស្សម្នាក់ ឬជាសំនុំរឿងរបស់រដ្ឋមួយទាំងមូល?

នៅបន្ទាប់ពីការឆ្លើយសារភាព របស់អតីតរដ្ឋមន្ត្រីទទួលបន្ទុកថវិកាបារាំង ពិភពអ្នកនយោបាយ ក្នុងប្រទេសបារាំង ទាំងស្របទាំងប្រឆាំង កំពុងតែស្វែងរក​ចម្លើយ អំពីការពិតមួយ។ ការសួរដេញដោលនៅសភាជាតិ ការវាយលុករបស់ក្រុមគណបក្សប្រឆាំង ... សព្វគ្រប់បែបយ៉ាង កំពុងតែចំអក​ ឲ្យស្ថាប័នដ៏កំពូលរបស់ប្រទេស រាប់ទាំងប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ដែលសុទ្ធសឹងត្រូវបាន គេយកមក​ធ្វើ​ជាផ្ទាំងស៊ីប។

តំណាងរាស្ត្រមួយរូប មកពីគណបក្សជំទាស់ ស្ដាំនិយម (UMP) បានចោទជាសំនួរឡើងថា «គេហទំព័រសារព័ត៌មានមួយ ដឹងរឿងច្បាស់ជាង ប្រមុខរដ្ឋ ...»? រីឯអ្នកខ្លះទៀត ស្នើសុំអោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក ពីជែ ម៉ូស្កូវីស៊ី (Pierre Moscovici) អោយលាលែងពីតំណែង ដោយចោទរដ្ឋមន្ត្រីរូបនេះ ថាធ្លាប់ទំនុកបំរុងលោក ហ្សេរ៉ូម កាហ៊ុយហ្សាក់ (Jérôme Cahuzac)។  អ្នកខ្លះ​ទៀត ដូចជាប្រធានគណបក្សស្ដាំនិយមជ្រុល លោកស្រី ម៉ារីន ឡឺពេន (Marine Le Pen) បានហ៊ានទៅដល់ ការស្នើសុំ​អោយរំលាយ រដ្ឋាភិបាលបារាំងសព្វថ្ងៃនេះ ថែមទៀត។

ដើម្បីធ្វើអោយរឿង មានបញ្ហាកាន់តែធ្ងន់ធ្ងរ គណបក្សនិយមកណ្ដាល បានអះអាងថា ខ្លួនចង់បានអោយបង្កើត នូវគណ-​កម្មាធិការស៊ើបអង្កេត របស់សភា ទៅលើ«តួនាទីរបស់និតិប្រតិបត្តិ» ដើម្បីអោយដឹង «តើអត្តចរិក របសពួកគេ នឹងមាន​របៀបណា នៅក្នុងសំនុំរឿងនេះ?  តែការត្រួតពិនិត្យនោះ មានសភាពបែបណា? ប្រធានាធិបតី ហូឡង់ ចង់បាន​សាធារណរដ្ឋគំរូមួយ យើងត្រូវសួរទៅគាត់ ថាតើគំរូរបៀបម៉េច?» ជាការថ្លែងរបស់លោក ហ្សង់ គ្រឹស្តូហ្វ៍ ឡាហ្គាដ (Jean-Christophe Lagarde) មកពីគណបក្សសម្ព័នអ្នកប្រជាធិបតេយ្យ និងឯករាជ្យ។ លោកចោទបន្ថែមថា ពីតួអង្គសំដែង​ក្នុង​រឿងនេះថា «អ្នកកាសែត រដ្ឋមន្ត្រី អាចដឹង និងជាអ្នកធ្វើរឿងនេះ ហើយរឿងអី មិនអាចជាប្រធានាធិបតីផង»?

លោកប្រធានាធិបតី ហ្វ្រង់ស៊័រ ហូឡង់ វិញ បានបដិសេធ ថាលោកមិនបានដឹង និងថា លោកត្រូវបានធ្វើឲ្យ «ច្រឡំ»។ តែគ្រប់គ្នាចោទជាសំនួរថា តើលោកអាចមិនដឹងយ៉ាងដូចម្ដេច បើគេហទំព័រសារព័ត៌មាន ដែលបានផ្សាយពីរឿងនេះ ធ្លាប់ជូនដំណឹងទៅលោក តាំ​ង​ពីខែធ្នូ ឆ្នាំមុនម្លេះនោះ? តែសមាជិកម្នាក់ស្និតនៅ លោកហ្វ្រង់ស៊័រ ហូឡង់ បានការពារលោកថា «លោកមិនបានចាប់​អារម្មណ៍ទេ។ ពេលនោះ តុលាការបានបើកសំនុំរឿងស៊ើបអង្កេត ក្នុងរឿងនេះហើយ។ ដូច្នេះ ជាគោលការណ៍នៃ​ការ​បែង​ចែក អំណាចនិតិប្រតិបត្តិ និងនិតិតុលាការ លោកមិនត្រូវលូកដៃ ឬបន្ថែមចលនាអ្វី នោះឡើយ។»

មានរឿងអ្វីទៅ?

កាលពីចុងឆ្នាំមុន លោក ហ្សេរ៉ូម កាហ៊ុយហ្សាក់ ត្រូវបានគេហទំព័រសារព័ត៌មានមួយ ឈ្មោះ មេឌីយ៉ាប៉ាត (mediapart) បកអាក្រាតថា លោកមានគណនីធនាគារ នៅបរទេស និងមានការបង្វិលប្រាក់សម្ងាត់ជាច្រើនពាន់អ៊ឺរ៉ូ តាមរយះគណនី​នោះ។ លោក កាហ៊ុយហ្សាក់ បានបដិសេធព័ត៌មាននេះ ហើយបានគម្រាមនឹងប្ដឹងបកទៅ គេហទំព័រនោះទៀតផង។

នៅថ្ងៃអង្គារមុននេះ លោកអតីតរដ្ឋមន្ត្រី បានសារភាពរឿងហេតុទាំងនេះ នៅចំពោះមុខចៅក្រមស៊ើបអង្កេត ថាលោក​ពិតជាមានគណនីនេះ តាំងពីជាង២០ឆ្នាំ មកហើយមែន។ តែអ្វីដែលធ្វើរឿងហេតុ ធ្ងន់ធ្ងរជាងនេះ និងជាមូលហេតុធ្វើ អោយតុលាការសម្រេចដាក់លោក ទៅក្នុង«ការត្រួតពិនិត្យ»នោះ គឺបញ្ហា ការ«លាងសម្អាត»ការគេចពន្ធ និងការ​«លាង​សម្អាត»ប្រាក់ជាច្រើន ទទួលបានពីក្រុមហ៊ុនមួយ ដែលជាក្រុមហ៊ុនឧបត្ថម្ភធុន ដោយប្រព័ន្ធថែរក្សាសុខភាពបារាំង (La Sécu)។ ប្រាក់ដែលទាក់ទង នឹងការលាងសម្អាតនោះ ត្រូវបានវាយតម្លៃថា មានប្រមាណជា ៣០ពាន់អ៊ឺរ៉ូ។

មេធាវីម្នាក់របស់លោក បាននិយាយថា «គណនីនោះ មិនត្រូវបានបោះបង់ចោលទេ តាំងពីឆ្នាំ២០០១ ហើយប្រាក់​សំខាន់ៗ របស់លោក កាហ៊ុយហ្សាក់ បានមកពីការងាររបស់លោក»។

អតីតរដ្ឋមន្ត្រីនេះ អាចនឹងមានទោសកម្រិតណា?

ទាក់ទងនឹងការគេចពន្ធ ជនប្រព្រឹត្តិល្មើស អាចនឹងមានទោសព្រហ្មទណ្ឌ ត្រូវដាក់ពន្ធនាគាររហូតដល់៥ឆ្នាំ និងពិន័យ​ជា​ប្រាក់ចំនួន ៣៧៥ពាន់អ៊ឺរ៉ូ។ ទោសទាំងនេះ នឹង«កើនឡើងទ្វេ» ប្រសិនបើគេរកឃើញ ថាជនល្មើសប្រព្រឹត្ត ជាលក្ខណៈ​ទម្លាប់ ឬបានប្រើប្រាស់មធ្យោបាយ ក្នុងអាជីពរបស់ខ្លួន ឬអាចនិយាយថា ប្រើប្រាស់អំណាចរបស់ខ្លួន មក​ប្រព្រឹត្តិបទ​ល្មើស។

សូមរលឹកថា នៅពេលឆ្លើយទៅនឹងសំនួរ របស់អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង ក្នុងរដ្ឋសភា កាលពីថ្ងៃទី០៥ ខែធ្នូ​ ឆ្នាំ​២០១២ លោក ហ្សេរ៉ូម កាហ៊ុយហ្សាក់ បាន«កុហក» ថាលោកមិនមានគណនីនេះទេ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងពី​ពេល​មុនមក។ ការកុហក នៅចំពោះតំណាងរប​ស់ជាតិ លោកនឹងត្រូវប្រឈម នឹង«ការផ្ដន្ទាទោស» ផ្សេងទៀត បើសិនជា​លោក​បាន​និយាយ នៅក្រោមពាក្យសម្បថ ដែលពេលនោះ មិនមាននរណានឹកឃើញថា ត្រូវធ្វើវាឡើយ។

រឿងអាស្រូវនេះ នៅតែមានបន្តរហូតមកដល់ម៉ោងនេះ។ ដូច្នេះ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ នឹងបន្តវគ្គថ្មី ក្នុងអត្ថបទក្រោយៗ​​របស់​ខ្លួន។ សូមអញ្ជើញប្រិយមិត្តរង់ចាំអាន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...