អេនសេឡូទី មិនរីករាយ ចំពោះលទ្ធផលស្មើជាមួយ បាសេឡូណា
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: April 03, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រូបង្វឹកក្រុម ប៉ារីស ហ្សិនជឺម៉ិន (Paris Saint-Germain) លោក កាឡូ អេនសេឡូទី (Carlo Ancelotti) បាននិយាយថា ក្រុមរបស់គាត់ចង់បានលទ្ធផលប្រសើរជាងនេះ ក្នុងការប្រកួត ឆែមពានលីក (Champions League) វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ ជើងទី១ ក្នុងទឹកដីខ្លួនឯង ជាមួយនឹងក្រុម បាសេឡូណា (Barcelona)។
កីឡាករ ស្លាតាន អ៊ីប្រាហ៊ីម៉ូវីក របស់ក្រុម ប៉ារីស ហ្សិនជឺម៉ិន ជួបជាមួយកំពូលក្រុមបាល់ទាត់ បាសឺឡូណា។
ខ្សែប្រយុទ្ធស៊ុយអែត ស្លាតាន អ៊ីប្រាហ៊ីម៉ូវីក (Zlatan Ibrahimovic) បានរកគ្រាប់បាល់តាមបានស្មើ ១-១ បន្ទាប់ពីម្ចាស់ពានរង្វាន់បាលមាស លីយ៉ូនែល ម៉េស៊ី (Lionel Messi) រកគ្រាប់បាល់ឲ្យបាសេឡូណា នាំមុខមុននៅការប្រកួតវគ្គទី១។
ខណៈដែលការប្រកួតដល់ចុងម៉ោងទី២ ក្រុមអ្នកមានបុណ្យ ទទួលបានបាល់ពិន័យប៉េណាល់ទី ហើយខ្សែបម្រើ ស្សាវី (Xavi) ជាអ្នកទាត់បាល់ចូលទីបានសម្រេច។ ប៉ុន្តែកីឡាករ ប្លៃសេ ម៉ាទ្វីឌី (Blaise Matuidi) បានរកគ្រាប់បាល់ចូលទីបានវិញ នៅម៉ោងបង្គ្រប់បន្ថែមនៃការប្រកួត ហើយបានជួយឲ្យក្រុមប៉ារីស ហ្សិនជឺម៉ិន តាមបានស្មើ ២-២ ជាមួយនឹងក្រុម បាសេឡូណា។
លោក អេនសេឡូទី បានប្រាប់ដល់ យូហ្វាដតខម (uefa.com) ថា កីឡាកររបស់គាត់ លេងបានយ៉ាងល្អ នៅក្នុងកីឡាដ្ឋាន ផាកដេស ព្រីនសេស (Parc des Princes) ហើយគួរតែទទួលបានលទ្ធផលនាំមុខគេ ក្នុងការប្រកួតជើងទី១។
គាត់បាននិយាយថា «ខ្ញុំគិតថា វាមិនមែនជាលទ្ធផលល្អនោះទេ។ ផ្នែកប្រយុទ្ធរបស់យើងធ្វើបានល្អ ដោយរកគ្រាប់បាន ២គ្រាប់ ហើយខ្សែការពារក៏ធ្វើបានល្អដែរ ប៉ុន្តែយើងសោកស្តាយ ចំពោះការគ្រាប់បាល់ទាត់បាន ចំនួន២គ្រាប់ដូចគ្នា។ ទោះបីជាយ៉ាងណា ខ្ញុំរីករាយចំពោះទម្រង់លេង របស់កីឡាកររបស់ខ្ញុំ។ ខ្ញុំរីករាយ ព្រោះឃើញពួកគេមានភាពក្លាហាន ហើយពួកគេបានបង្ហាញ ពីអាកប្បកិរិយាល្អ។ ប៉ុន្តែខ្ញុំគ្រាន់តែមិនរីករាយ ចំពោះលទ្ធផលដែលទទួលបាន។»
ការប្រកួតជើងទី២ នៃពានរង្វាន់ឆែមពានលីក វគ្គ១ភាគ៤ផ្តាច់ព្រត្រ រវាងក្រុម បាសេឡូណា និងក្រុម ប៉ារីស ហ្សិនជឺម៉ិន នឹងធ្វើការប្រកួតនៅថ្ងៃទី១០ ខែមេសា សប្តាហ៏ក្រោយ។
ចំណែកឯ ការប្រកួតមួយគូទៀត ក្រុម បាយឺន ម៉ូនិជ (Bayern Munich) របស់អាឡឺម៉ង់ បានបំបាក់ ក្រុមសេះបង្កង់ ជូវីនទូស (Juventus) ដែលធ្វើដំណើរមកពីអ៊ីតាលី ដោយលទ្ធផល ២-០ ដែលជាគ្រាប់បាល់របស់កីឡាករ ដេវ៊ីដ អាឡាបា (David Alaba) នៅនាទី១ និងគ្រាប់បាល់ទី២ របស់កីឡាករ ថូម៉ាស មុលឡឺ (Thomas Muller) ធ្វើបានសម្រេចនៅនាទី៦៣។
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ