៦ចំណុច ដែលប្រលោមលោកខ្មែរមិនសូវចាប់អារម្មណ៍ពីអ្នកអាន
បើតាមការស្ទង់មតិរបស់អ្នកនិពន្ធ ទៅលើក្រុមយុវវ័យដែលមានអាយុចន្លោះ ពី១៨ឆ្នាំ ទៅដល់៣០ឆ្នាំ បានឱ្យដឹងថា មូលហេតុដែលរឿងប្រលោមលោកខ្មែរ មិនសូវពេញនិយមពីអ្នកអាន ព្រោះមានហេតុផល៦យ៉ាង ដែលធ្វើឱ្យពួកយុវជនជាអ្នកអានទាំងនោះ មិនចាប់អារម្មណ៍ជាមួយនឹងរឿងប្រលោមលោកខ្មែរ។ ក្រុមអ្នកនិពន្ធ បានធ្វើការជជែកពិភាក្សា ពីប្រធានបទយុវជន និងការអានប្រលោមលោកនេះ កាលពីសប្ដាហ៍កន្លងទៅ ហើយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមយកមកជម្រាបជូនដូចតទៅ។
ទី១ - កំហុសឆ្គងខាងអក្ខរាវិរុទ្ធ
ចំពោះបញ្ហានេះ លោក ខៀវ កុសល មេសេនាធិការ នៃសមាគមអ្នកនិពន្ធខ្មែរ បានបញ្ជាក់ថា ចំពោះកំហុសអក្ខរ៉ាវិរុទ្ធ ជាបញ្ហាមួយ ដែលធ្វើឱ្យអ្នកអានបោះសៀវភៅចោល នៅពេលដែលគេអានបានតែមួយទំព័រ ឬពីរទំព័រ ប៉ុន្តែឃើញមានបញ្ហាខុសអក្ខរាវិរុទ្ធច្រើន។ លោកថា [...]