ហ្វេសប៊ុក​នគរបាល​ជាតិ​ថា K01 គ្មាន​តួនាទី​ធ្វើ​ចរាចរណ៍​ទេ

តាំងខ្លួនជាអ្នកសារព័ត៌មាន តែបែរជាចេញ​ទៅដើរចាប់​ឃាត់​យានយន្ដ និងប្រើពាក្យសម្ដីមិនសមរម្យ ទៅ​លើ​អ្នក​បើកបរ។ តើ​បុរស​ម្នាក់ ដែល​ដាក់រហស្សនាម ថា «K01» មានតួនាទីអ្វីឲ្យច្បាស់? តើទង្វើរបស់​បុរស​រូប​នេះ ត្រូវ​ឬ​ខុស​ច្បាប់? ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ របស់ស្នងការ​ដ្ឋាន​នគរបាល​ជាតិ បាន​សម្រេច​ចិត្ត​ឆ្លើយតប ទៅនឹង​សំនួរ​ទាំង​នេះ និង​ចាត់​ទុក​សកម្មភាព​របស់ «K01» ថា​ជាសកម្មភាព​ដែល​ចង់​បាន​«មុខមាត់»។
ហ្វេសប៊ុក​នគរបាល​ជាតិ​ថា K01 គ្មាន​តួនាទី​ធ្វើ​ចរាចរណ៍​ទេ
សកម្មភាពចាប់ឃាត់ម៉ូតូ ដែលជិះបញ្ច្រាសទិស នៅលើដងផ្លូវបើសូម្បីគ្មានមនុស្ស។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 18, 2017
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សង្គ្រាមពាក្យសម្ដី បានផ្ទុះឡើងតាំងពីច្រើនសប្ដាហ៍មកហើយ ជុំវិញសកម្មភាពរបស់បុរស​ ជាអ្នកសារព័ត៌មាន​ម្នាក់ ដាក់រហស្សនាម «K01» និងគ្នីគ្នា ដែលបានដើរដាក់គោលដៅ ដើម្បីធ្វើការចាប់ឃាត់យានយន្ដ ដែលមិនបានគោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួន។ ការចុះឃាត់យានយន្ដនោះ ធ្វើឡើង​ក្រោមទម្រង់នៃការស្ម័គ្រចិត្ត និងមើលពីខាងក្រៅ ហាក់ដូចជាចង់បង្រៀន ទៅកាន់បណ្ដាជន ដែលប្រើប្រាស់ទ្រូងថ្នល់ ឲ្យយល់ដឹងពីការធ្វើចរាចរណ៍ និងច្បាប់ទម្លាប់។ សកម្មភាពនោះ ថែមទាំងត្រូវ​បាន​ថត​ផ្សាយ​បន្ត​ផ្ទាល់ ដាក់នៅលើបណ្ដាញសង្គម នោះផងទៀត។

ប៉ុន្តែ...

បញ្ហានៅត្រង់ថា តើបុរស «K01» និងក្រុមគូកន មានភាពស្របច្បាប់ប៉ុណ្ណា ក្នុងការចុះចាប់ឃាត់យានយន្ដ និងធ្វើការអប់រំមហាជន ហើយរហូតដល់​ពេល​ខ្លះ បានប្រើប្រាស់នូវពាក្យសម្ដីមិនសមរម្យ ដូចជាពាក្យ «លោកឯងអត់ខួរ» «លោកឯងល្ងង់» ឬ​«លោក​ឯង​មិនចេះគិតពិចារណា»ជាដើមនោះ? ឬមួយ​បុរស «K01» រូបនេះ មានអាជ្ញាបណ្ណពិសេស ក្នុងការធ្វើសកម្មភាពរបៀបនេះ?

តាមពិតទៅ ទង្វើ​របស់​បុរស «K01» ដែលមានឈ្មោះពេញថា ឃឿន សុឡា និងជានិពន្ធនាយក អង្គភាពសារព័ត៌មាន​កម្លាំងមនុស្សធម៌​បានបង្ក​ឲ្យមាន​ការមិន​ចុះ​សម្រុងគ្នា រវាងមតិនៃបណ្ដាអ្នករស់នៅ ក្នុងរាជធានីភ្នំពេញ។ ទស្សនៈរបស់ពលរដ្ឋខ្លះ បានគាំទ្រ និងសរសើរសកម្មភាព របស់លោក «K01» ដោយហេតុថា អាជ្ញាធរមានសមត្ថកិច្ច ដែលទទួលបន្ទុកខាងចរាចរណ៍ មិនសូវជាស្ទុះស្ទារ ធ្វើការងារអប់រំពលរដ្ឋ ដូចនេះឡើយ។

ដោយឡែក សាធារណៈមតិខ្លះទៀត រួមនឹងក្រុមអ្នកច្បាប់ផង បានពន្យល់ថា លោក ឃឿន សុឡា មិនមានតួនាទី ទៅធ្វើសកម្មភាពទាំងនេះទេ។ អ្នក​ច្បាប់​ខ្លះថែមទាំងព្រមាន ត្រឡប់ទៅលោក «K01» វិញថា ការឃាត់យានយន្ដ ឬការធ្វើដំណើររបស់ពលរដ្ឋ និងថតជារូបភាព ដាក់ផ្សាយ តាមបណ្ដាញ​សង្គមដូច្នេះ ជាអំពើរំលោភច្បាប់ រំលោភលើសិទ្ធិបុគ្គលធ្ងន់ធ្ងរ។

នៅចំពោះភាពមិនចុះសម្រុងគ្នា រវាងមតិពលរដ្ឋខាងលើ ទំព័រហ្វេសប៊ុកផ្លូវការរបស់​ស្នងការដ្ឋាន​នគរបាលជាតិ បានសម្រេចចិត្តធ្វើប្រតិកម្ម ដោយបាន​ស្រង់​ការបកស្រាយ របស់មន្រ្តីនគរបាលជាន់ខ្ពស់ម្នាក់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកបញ្ជាក់ថា៖ «ទង្វើរបស់ K01 ធ្វើឲ្យមហាជនយល់ថា គាត់សកម្មណាស់ ប៉ុន្តែចំពោះនីតិវិធី គឺមិនត្រូវទៅតាមច្បាប់ឡើយ។ ចំណុចនេះហើយដែល K01 មិនយល់។»។

គ្មាននិតិសប្បទាគ្រប់គ្រាន់...

ទំព័រហ្វេសប៊ុកដដែល បានស្រង់សម្ដីមន្ត្រីជាន់ខ្ពស់ មកពន្យល់ថា៖ «ចំពោះផ្លូវច្បាប់ K01 អត់មាននិតិសប្បទាគ្រប់គ្រាន់ ក្នុងការដោះស្រាយ​សណ្តាប់​ធ្នាប់​ចរាចរណ៍ នៅលើដងផ្លូវទេ ក្នុងច្បាប់ស្តីពីចរាចរផ្លូវគោក ស្តីអំពីតួនាទីភារកិច្ច មានសមត្ថកិច្ចនគរបាល មានកម្លាំងកងរាជអាវុធហត្ថ មន្ទីរសាធារណៈការ ដែលមានសិទ្ធធ្វើការងារ នៅលើដងផ្លូវសាធារណៈ ក្រៅពីសមត្ថកិច្ច មានក្រុមយុវជនស្ម័គ្រចិត្ត របស់សាលាក្រុង ក្រុមកាយរិទ្ធ ដែលចុះជួយផ្សព្វផ្សាយ ស្តីពីបញ្ហាចរាចរណ៍»។

មន្ត្រីរូបនោះ បានលើកឧទាហរណ៍ថា៖ «ប្រសិនបើមានឧបទ្ទវហេតុកើតឡើង តើអ្នកណាជាអ្នកទទួលខុសត្រូវ? តើ K01 មានការឯកភាព ពីស្ថាប័ន​ណា​មួយ ដែលអាចឲ្យធ្វើការងារ នៅលើដងផ្លូវ ចុះក្នុងករណីមានឡាន ឬម៉ូតូ ជិះទៅបុកបុគ្គលិកគាត់ស្លាប់ សួរថាតើ K01 គាត់បានបំពេញលក្ខណៈត្រឹមត្រូវ ទៅតាម​បទ​បញ្ញត្តិច្បាប់ហើយឬនៅ? មុនចុះអនុវត្តន៍នៅលើដងផ្លូវ តើក្រុមកាងាររបស់ K01 បានទទួលការបណ្តុះបណ្តាលឬទេ អំពីការរៀបចំ អំពីការ​ឃាត់​មធ្យោបាយ និងនីតិវិធីផ្សេងៗ ដែលច្បាប់ត្រូវបានកំណត់? មិនមែនចង់ទៅដាក់គោលដៅណា ក៏បាននោះទេ។ តើ K01បាន​បង្រៀនក្រុម​ការងារ​របស់ខ្លួន ហើយឬនៅ អំពីការធ្វើការងារនៅតាមដងផ្លូវ?»។

ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន?

មន្ត្រីជាន់ខ្ពស់ ដែលទំព័រហ្វេសប៊ុកមិនបង្ហាញឈ្មោះ បានបន្ថែមថា៖ «បើលោក K01ចង់ធ្វើសកម្មភាពនេះ ត្រូវសហការជាមួយសមត្ថកិច្ច មិនមែនឯករាជ្យ​តែ​ឯង​នោះទេ។ តើលោក K01 មានសិទ្ធអីទៅឃាត់រថយន្តប្រជាពលរដ្ឋ មានតែកម្លាំងសមត្ថកិច្ចទេ ទើបមានសិទ្ធឃាត់ និងបញ្ជាយានយន្ត​នៅលើ​ដង​ផ្លូវ។»។

ទំព័រហ្វេសប៊ុក របស់ស្នងការដ្ឋាននគរបាលជាតិ បានស្រង់ការអះអាងរបស់មហាជនមួយចំនួន មកបញ្ជាក់ថា ក្រុមកាងាររបស់ K01 ធ្វើនេះ គឺដើម្បីតែ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លះៗ តែប៉ុណ្ណោះ ព្រោះពេល Live ម្តងៗ បានដាក់ធុងរៃអង្គាស ដើម្បីចិញ្ចឹមអង្គភាពរបស់ខ្លួន និងលក់ផលលិតផល ឲ្យក្រុមហ៊ុន​មួយចំនួនទៀត។ តើនេះជាការប្រកបអាជីវកម្ម ឬជាការងារប្រកបដោយភក្តីភាព (ដោយការស្ម័គ្រចិត្ត)?

តើការពន្យល់ខាងលើ របស់ទំព័រហ្វេសប៊ុកផ្លូវការ នៃស្នងការដ្ឋាននគរបាលជាតិនេះ អាចជាការ​ព្រមាន​ដោយប្រយោលមួយ គ្រប់គ្រាន់សម្រាប់ឲ្យលោក ឃឿន សុឡា និងគ្នីគ្នាបញ្ឈប់សកម្មភាពទាំងនេះឬ? 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...