បរទេស​រាំ​ឱប​ស្រើប​ស្រាល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន នៅ​សៀម​រាប

ជនបរទេស១០នាក់ ត្រូវបានអាជ្ញាធរខេត្តសៀមរាប ឃាត់ខ្លួន និងកសាងសំនុំរឿង បញ្ជូនឡើងទៅតុលាការ បន្ទាប់ពីពួកគេត្រូវបានសង្ស័យថា បានរៀបចំ ឲ្យមានការរាំឱប ដែលអាជ្ញាធរខ្មែរពន្យល់ថា មានលក្ខណៈបែប«អាសអាភាស»។ មន្ត្រីអាជ្ញាធរបានអះអាងថា ទង្វើរបស់ពួកគេទាំងនោះ បានធ្វើឡើងផ្ទុយ ពីវប្បធម៌ប្រពៃណីខ្មែរ។
បរទេស​រាំ​ឱប​ស្រើប​ស្រាល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន នៅ​សៀម​រាប
ទិដ្ឋភាពរាំច្រៀង របស់ក្រុមជនបរទេស ដែលអាជ្ញាធរខ្មែរអះអាងថា មានលក្ខណៈបែប«អាសអាភាស»។ (រូបថតពីនគរបាលជាតិ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - បារីស ថ្ងៃទី២៨ មករា ២០១៨
  • កែប្រែចុងក្រោយ: January 28, 2018
  • ប្រធានបទ: សង្គម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនបរទេស១០នាក់ ក្នុងនោះ៦នាក់ ជាជនជាតិអង់គ្លេស ពីរនាក់ជាជនជាតិកាណាដា ម្នាក់ជាជនជាតិ ញ៉ូហ្សេឡែន និងម្នាក់ទៀតមិនស្គាល់សញ្ជាតិ ត្រូវបានកងកម្លាំងនគរបាល នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ប្រចាំខេត្តសៀមរាប ចាប់ខ្លួន នៅក្នុងទីតាំង«ឯកជន»មួយកន្លែង ស្ថិតនៅភូមិគ្រួស​ សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប កាលពីថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមករាកន្លងមកនេះ។ នេះ បើតាមការអះអាង របស់អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃអាទិត្យនេះ។

ជនបរទេសចំនួន ៧៧នាក់ផ្សេងទៀត ក្នុងនោះ មានស្ត្រី៣៦នាក់ ដែលត្រូវបានចាត់ទុកថា ជា«ភ្ញៀវ» ក៏ត្រូវបានអាជ្ញាធរប្រមូល យកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដែរ តែត្រូវបានដោះលែង នៅពេលក្រោយមក បន្ទាប់ពីក្រុមអាជ្ញាធរអះអាងថា បាន«អប់រំ»ពួកគេទាំងនោះរួច។

គេហទំព័រនគរបាលជាតិ បានរាយការណ៍ពី«ករណីចុះបង្ក្រាប»ខាងលើនេះ ថាត្រូវបានដឹកនាំសម្របសម្រួល ដោយលោក​ កើត​ វណ្ណារ៉េត​ ព្រះរាជអាជ្ញា​អមសាលាដំបូងខេត្តសៀមរាប និងអ្នកស្រីឧត្តមសេនីយ៍ត្រី​ ដួង​ ថាវរី​ ស្នងការរងនគរបាលខេត្ត។ គេហទំព័របានសរសេរថា៖ «ជនសង្ស័យ​ទាំង​១០​នាក់​ ​ត្រូវបាន​ឃាត់ខ្លួន តាម​បញ្ជា​លោក កើត វណ្ណា​រ៉េត (...)។ ក្នុងករណីនេះ ​កម្លាំង​ជំនាញ​យើង​កំពុង​កសាង​សំ​ណុំ​រឿង​ បញ្ជូនទៅ​តុលាការខេត្ត​ [ដើម្បី]ចាត់ការ​តាម​នីតិវិធី។»។

គេហទំព័រដដែល បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដោយមិនបានបិតបាំងមុខ បង្ហាញឲ្យឃើញ ពីក្រុមជនបរទេស ដែលទំនងជាកំពុងជួបជុំស៊ីផឹក រួមជាមួយ​សកម្មភាពរាំឱបជាគូៗ ដែលមានលក្ខណៈស្និតស្នាល ដេកដួលនៅលើក្ដាកម្រាល។ បុរសជាដៃគូរាំខ្លះ ចំហរទ្រូងមិនមានពាក់អាវទេ។

ហេតុការណ៍នៃការឃាត់ខ្លួនខាងលើ ត្រូវបានសារព័ត៌មាននៅបរទេស ជាពិសេសនៅបស្ចឹមលោក យកទៅចុះផ្សាយព្រោងព្រាត នៅថ្ងៃអាទិត្យនេះ។ សារព័ត៌មានទាំងនោះ បានស្រង់សំដីអ្នកស្រី ដួង ថាវរី ស្នងការរងខេត្ត មកបញ្ជាក់ថា ពីក្នុងចំណោមជនបរទេសទាំងនោះ មានមួយភាគ ជាជនអន្តោប្រវេសន៍ (មករស់នៅ ឬមកធ្វើការ) និងមួយភាគទៀត ជាអ្នកទេសចរណ៍។ អ្នកស្រីថា៖ «យើងបានធ្វើអន្តរាគមន៍ ព្រោះពួកគេបានប្រព្រឹត្តិទង្វើ ប្រាសចាកពីវប្បធម៌ប្រពៃណី របស់យើង»។

ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា មិនបានបញ្ចេញប្រតិកម្ម ជាផ្លូវការទេ តែក្រសួងការបរទេសរបស់ចក្រភពអង់គ្លេស អះអាងថាបានដឹង ពីការឃាត់ខ្លួនខាងលើ តែបានបញ្ជាក់ថា ជនជាតិអង់គ្លេស ដែលត្រូវបានចាប់ខ្លួននោះ មានចំនួនតែ៥នាក់ប៉ុណ្ណោះ ដែលផ្ទុយពីការអះអាងរបស់អាជ្ញាធរខ្មែរ (ថាមានចំនួន៦នាក់)។

ដោយឡែក ចំណាត់ការខាងលើ ទទួលបានប្រតិកម្មយ៉ាងច្រើន ត្រឡប់មកវិញ ដែលអាចនឹងប៉ះពាល់ ដល់វិស័យទេសចរណ៍កម្ពុជា ខណៈការរាំច្រៀង របស់ជនបរទេសខាងលើ ធ្វើឡើង ជាលក្ខណៈ«អសាធារណៈ» នៅក្នុងទីកន្លែង«ឯកជន»មួយ ដែលអាជ្ញាធរអះអាងថា គ្មានជនជាតិខ្មែរ ចូលរួមសូម្បីម្នាក់។ ប្រតិកម្មទាំងនោះ ធ្វើឡើងដោយផ្ទាល់ នៅលើគេហទំព័រនគរបាលជាតិកម្ពុជា ដោយហៅការឃាត់ខ្លួននេះ ថាជារឿងគួរឲ្យអស់សំណើច។ អ្នកខ្លះបានលើកឡើងថា ទង្វើរបស់ពួកគេ អាចគ្រាន់តែជា «ល្បែងកំសាន្ដ» ប៉ុណ្ណោះ និងមិនមានស្រាតខោអាវ ចេញពីខ្លួនឡើយ។ ខ្លះទៀតបានព្រមានគ្នីគ្នា ឲ្យឈប់ទៅលេងប្រទេសកម្ពុជា នោះផង។

ការប្រព្រឹត្តិទង្វើស្រើបស្រាល មិនមែនជាចំណូលចិត្ត របស់បណ្ដាជនខ្មែរទូទៅ ដែលនៅតែ​និយមការអភិរក្សដ៏ខ្លាំងក្លា នោះឡើយ។ ជាពិសេស ទង្វើរបស់ជនបរទេស ដែលចូល​មក​ថតរូប​«ស្រាត» នៅ​ក្នុងតំបន់អង្គរ បានបង្កឲ្យផ្ទុះជារឿងអាស្រូវ ដ៏ខ្លាំងក្លារួចហើយ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ​២០១៥កន្លងទៅ រហូតលុះត្រាអាជ្ញាធរ​«អប្សារា» ដែលគ្រប់គ្រង​តំបន់អង្គរ បានបង្កើនការ​យាមកាម​យ៉ាង​តឹង​រ៉ឹង ហើយបានធ្វើការឃាត់ខ្លួនជនបរទេស ជាច្រើននាក់ថែមទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...