ផ្ទុះពោងហោះនៅអេហ្សីប៖ ទេសចរណ៍១៩នាក់ស្លាប់
ទេសចរណ៍១៩នាក់ មកពីទ្វីបអាស៊ី និងមួយចំនួនពីទ្វីបអ៊ឺរ៉ុបផង បានស្លាប់នៅក្នុងព្រឹត្តិការណ៍ ផ្ទុះពោងហោះមួយ នាទីក្រុង លូស៊័រ (Louxor) ផ្នែកត្បូងប្រទេសអេហ្សីប កាលពីថ្ងៃអង្គារទី២៦កុម្ភះនេះ។
ពោងហោះ ហោះពីលើទីក្រុងលូស៊័រ ផ្នែកត្បូងប្រទេសអេហ្សីប។
ពោងហោះបានចាប់ផ្ដើមហើបជើងពីដី នៅព្រឹកទៀបភ្លឺ ជាមួយនឹងមនុស្ស២១នាក់ជិះនៅក្នុងនោះ។ ម៉ោងប្រមាណជា ០៧ម៉០០ ម៉ោងនៅក្នុងស្រុក អ្នកនៅទីក្រុងលូស៊័រ បានលឺសូរសម្លេងផ្ទុះមួយ យ៉ាងកក្រើក ដែលបន្ទាប់ពីនោះ គេដឹងថា ពោងហោះនេះកំពុងតែឆេះយ៉ាងសន្ធោសន្ធៅ នៅកំពស់ប្រមាណជា៣០០ម៉ែត្រពីដី។
គ្រោះថ្នាក់បានកើតឡើង នៅផ្នែកខាងលិចទន្លេនីល (Nil) ដែលសម្បូរទៅដោយ តំបន់កំណាយបូរាណវត្ថុ ឬទីក្រុងជំនាន់ដើមជាច្រើន ដូចជាប្រាសាទផារ៉ាអុង និងផ្នូររាជវង្សបូរាណ [...]