ABC គាស់​កកាយ​«ទ្រព្យមហាសាល​នៃ​ត្រកូល ហ៊ុន»​នៅ​អូស្ត្រាលី

បន្ទាប់ពីបណ្ដាញទូរទស្សន៍ «Al Jazeera» នៅថ្ងៃនេះគឺបណ្ដាញវិទ្យុ និងទូរទស្សន៍ «ABC» របស់ប្រទេសអូស្ត្រាលីតែម្ដង ដែលបានតាមស្រាវជ្រាវ រកឃើញពីទ្រព្យសម្បត្តិ ត្រកូល ហ៊ុន នៅក្នុងប្រទេសអូស្ត្រាលី ដែលមានតម្លៃរាប់លានដុល្លារ។ ការគាស់បង្ហាញ ដែលធ្វើឲ្យសំនួរជាច្រើនបានផ្ទុះឡើង ជុំវិញប្រភពចំណូល នៃទ្រព្យសម្បត្តិទាំងនោះ ខណៈសមាជិកខ្លះនៃត្រកូល ហ៊ុន មានប្រាក់បៀវត្សន៍ប្រចាំខែ មិនដល់១០០០ដុល្លារផងទេ។
ABC គាស់​កកាយ​«ទ្រព្យមហាសាល​នៃ​ត្រកូល ហ៊ុន»​នៅ​អូស្ត្រាលី
លោក ឌី វិជ្ជា ថើបថ្ពាល់ភរិយាលោក គឺអ្នកស្រី ហ៊ុន ម៉ាណា ដែលជាកូនស្រីនាយករដ្ឋមន្ត្រី។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៦ តុលា ២០១៨
  • កែប្រែចុងក្រោយ: October 28, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ឌី វិជ្ជា ស្វាមីអ្នកស្រី ហ៊ុន ម៉ាណា និងលោក ហ៊ុន តូ សាច់ឈាមជិតដិតបំផុត នៃបុរសខ្លាំងកម្ពុជា មានទ្រព្យសម្បត្តិច្រើនលានដុល្លារ នៅក្នុងប្រទេសអូស្ត្រាលី ហើយបើគ្រាន់តែគណនា សម្រាប់ឆ្នាំ២០១៨នេះ ទ្រព្យសម្បត្តិត្រួសៗរបស់ពួកគេ មានយ៉ាងតិច ក៏១០លានដុល្លារដែរ។ នេះ បើតាមរបាយការណ៍ដ៏វែងអន្លាយមួយ របស់បណ្ដាញវិទ្យុ និងទូរទស្សន៍ «ABC» របស់កោះអូស្ត្រាលី ដែលបានចេញផ្សាយជាសាធារណៈ កាលពីម្សិលម៉ិញ។

«ABC» បានអះអាងថា បានប្រើប្រាស់បញ្ជី នៃអចលនទ្រព្យ និងសហគ្រាសឯកជន ក៏ដូចជាឯកសារស្រាវជ្រាវមួយទៀត ដែលទទួលបានពីប្រទេសកម្ពុជា ដើម្បីរកឃើញពីទំហំ ដ៏មហាសាលនៃទ្រព្យសម្បត្តិ របស់ពួកគេទាំងនោះ ដែលភាគច្រើនបាន និងកំពុងរស់នៅ ក្នុងតំបន់ជាយក្រុងដ៏ប្រណិតៗ នៃក្រុងមែលប៊ន (ភាគខាងត្បូងអូស្ត្រាលី)។

អគ្គ​ស្នងការ​រង​នគរបាល​​​​​​​​​​​​​ជាតិ លោក ឌី វិជ្ជា ដែលជាកូនប្រសារ របស់លោក ហ៊ុន សែន និងជាកូនប្រុស របស់អតីត​អគ្គស្នងការ​នគរបាល​ជាតិ​ លោក ហុក ឡងឌី ត្រូវបានសារព័ត៌មាន អះអាងថា ​មាន​គេហដ្ឋានដ៏ធំមួយ (មាន៧បន្ទប់) ដែលមាន​តម្លៃ ប្រមាណជា ១.៥ លាន​ដុល្លារ នៅក្នុងក្រុង «Point Cook» ចម្ងាយ​២៥គីឡូម៉ែត្រ ខាងលិចក្រុង មែលប៊ន។ ​កាលពីខែឧសភា ក្រុមហ៊ុនរបស់​លោក ឌី វិជ្ជា បាន​លក់​ឃ្លាំង​មួយ​ មានតម្លៃ​ជាង ៥,០៨ លាន​ដុល្លារ នៅក្នុងសង្កាត់កិច្ចការជំនួញ ដ៏ល្បីមួយ ឈ្មោះ «Dandenong South»។

ប្រព័ន្ធផ្សព្វផ្សាយ បាន​រក​ឃើញ​ថា ក្មួយ​ប្រុសលោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ បានទិញ​ផ្ទះ ក្នុង​តម្លៃ​ប្រមាណជា ១.៣ លាន​ដុល្លារ នៅ​អូស្ត្រាលី​ដែរ ខណៈប្រពន្ធ​របស់​លោក ហ៊ុន តូ មានអចលនទ្រព្យ​មួយ​កន្លែង​ទៀត​ ដែលមានតម្លៃ​ជាង ៦​សែន​ដុល្លារ។ ក្រោយមក អចលនទ្រព្យនោះ ត្រូវបានផ្ទេរ​កម្មសិទ្ធិ ទៅឲ្យ​បងប្អូន​បង្កើត​របស់​គាត់ ជាអ្នក​គ្រប់គ្រង​វិញ។

» លោក ហ៊ុន តូ អង្គុយពីលើកេសស្រា (រូបថតលើហ្វេសប៊ុក)៖

នេះជាការគាស់កកាយថ្មីទៀត ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយបរទេស ទៅលើទ្រព្យសម្បត្តិរាប់លានដុល្លារ នៃក្រុមសាច់ឈាមជិតដិត របស់លោក ហ៊ុន សែន នៅត្រឹមតែក្នុងរយៈពេល បីខែចុងក្រោយ។ កាលពីដើមខែកក្កដា បណ្ដាញទូរទស្សន៍ «Al Jazeera» បានអង្កេតរកឃើញ ការបង្វិល និងការផ្ទេរប្រាក់ ដ៏គួរឲ្យសង្ស័យ ក្នុងកម្រិតរាប់សិបលានដុល្លារផ្សេងទៀត ដែលទំនងជាជាប់ទាក់ទង នឹងលោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា។ ប៉ុន្តែតបនឹងការអង្កេត របស់ស្ថានីយ៍ទូរទស្សន៍នោះ លោក គង់ វិបុល បានបដិសេធថា ជាការរកឃើញមិនត្រឹមត្រូវ និងបានភ្ជាប់រឿងរ៉ាវផ្ទាល់ខ្លួនទាំងនេះ ទៅនឹងការប៉ុនប៉ង​បង្ខូច​ឈ្មោះរដ្ឋាភិបាលកម្ពុជា។

យ៉ាងណា លោក គង់ វិបុល នៅតែត្រូវបានបណ្ដាញវិទ្យុ និងទូរទស្សន៍ «ABC» អង្កេតជាថ្មីទៀត ដោយរកឃើញថា ​ទីប្រឹក្សាផ្ទាល់របស់​លោក ហ៊ុន សែន រូបនេះ មាន​ភាគហ៊ុនក្នុង​ដី​មួយ​កន្លែង ដែលត្រូវបានទិញ ​កាលពី​ខែ​មីនា ឆ្នាំ​២០០៧ ក្នុង​ទឹកប្រាក់ប្រមាណជា ២១,៤ លាន​ដុល្លារ។ «ABC» នៅបន្តរក​ឃើញទៀត​ថា លោក គង់ វិបុល មានអចលនទ្រព្យ​ជាច្រើន​កន្លែង​ទៀត ​នៅលើកោះ​អូស្ត្រាលី រួម​ទាំងគេហដ្ឋានដ៏ស្កឹមស្កៃរបស់លោក ដែលមាន​តម្លៃ ៦​សែន​ដុល្លារ នោះ​ផង។

» លោក គង់ វិបុល និងអ្នកស្រី ហ៊ុន ម៉ាណា (រូបថតលើហ្វេសប៊ុក)៖

ការទម្លាយចេញ​របស់​ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី ដែលបានពន្យល់ ពីលទ្ធភាពជាប់សង្ស័យ ទៅនឹងវិធីសាស្ត្រលាងលុយកខ្វក់ ពីប្រទេស​កម្ពុជា​ខាងលើ ត្រូវបានមន្ត្រីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា លោក ផៃ ស៊ីផាន ច្រានចោល និងបញ្ជាក់ជំហរ មិនខ្វាយខ្វល់អ្វីឡើយ ដោយហេតុថា នេះគ្រាន់តែជាការចុះផ្សាយ របស់សារព័ត៌មានប៉ុណ្ណោះ។ លោកថា បើទោះជាមន្ត្រីរដ្ឋាភិបាលកម្ពុជា មានប្រាក់បៀវត្សរ៍តិចក៏ដោយ តែពួកគេនៅតែអាចមានប្រាក់ និងទ្រព្យសម្បត្តិ រហូតដល់រាប់លានដុល្លារបាន ដោយសារមន្ត្រីទាំងនោះ រកស៊ីទិញលក់ដីធ្លី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...