ឆ្នេរសម្ដេច​តេជោ៖ «ចោរ​ប្លន់​ប្រវត្តិសាស្ត្រ» បើ​តាម កែម ឡី

រឿងវ៉ាវចង់ប្ដូរឈ្មោះ ឆ្នេរអូរឈើទាល ដាក់ទៅជា «ឆ្នេរសម្ដេចតេជោសែន» មិនមែនត្រូវបានបញ្ចប់ទៅ ដោយ​គ្រាន់​តែ​លោក ហ៊ុន ម៉ានិត កូនប្រុសលោក ហ៊ុន សែន ចេញមកនិយាយថា វារឿង«ចចាមអារាម»​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​លោក កែម ឡី អ្នក​ស្រាវជ្រាវ​​ផ្នែក​សង្គម បានចាត់ទុកករណីនេះ ស្មើ​នឹង​«ចោរ​ប្លន់​ប្រវត្តិសាស្រ្ត» ដោយសរសេរ​ពន្យល់​យ៉ាង​ក្បោះក្បាយ នៅលើ​បណ្ដាញ​សង្គម។
ឆ្នេរសម្ដេច​តេជោ៖ «ចោរ​ប្លន់​ប្រវត្តិសាស្ត្រ» បើ​តាម កែម ឡី
គម្រោងប្លង់ បង្ហាញជាលក្ខណៈរូបទស្សន៍ទូទៅ នៃការអភិវឌ្ឍន៍តំបន់ឆ្នេរ នៅខេត្តព្រះសីហនុ និងមានដាក់ឈ្មោះថា «ឆ្នេរសមុទ្រសម្ដេចតេជោសែន» បង្ហោះនៅលើគណនីហ្វេសប៊ុក របស់លោក ជា សុផារ៉ា។
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 23, 2016
  • ប្រធានបទ: ពុករលួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រសិនបើករណីនេះ មិនបានចេញពីគណនីផ្ទាល់ របស់រដ្ឋមន្ត្រីក្រសួងដែនដី នគរោបនីយកម្ម លោក ជា សុផារ៉ា ទេនោះ អ្នកទទួលខុសត្រូវ របស់រដ្ឋាភិបាល និងរបស់គណបក្សប្រជាជនកម្ពុជា ទំនងជាងាយស្រួល ក្នុង​ការ​ចេញសេចក្ដីបដិសេធ ដូចជា«ចាត់ទុកករណីនេះ ជាពាក្យចចាមអារាម» ឬអាចជា «ការលើកឡើង របស់​ក្រុម​ជន​អគតិ»​មួយចំនួន ដែលចង់បំផ្លាញកិត្តិនាម ដ៏ខ្ពង់ខ្ពស់ថ្លៃថ្លា របស់លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​តែ​មួយ​គត់​របស់កម្ពុជា តាំងពីជាង៣០ឆ្នាំមកហើយ។

បើមិនអញ្ចឹងទេ គេតោងសួរថា តើលោក ជា សុផារ៉ា បាននរូបថតនេះពីណា ហើយនរណាជាអ្នក​ផ្ដួចផ្ដើម​គំនិត។ ឬមួយលោក ហ៊ុន សែន ខ្លួនលោក ត្រូវការឲ្យគេឯងធ្វើអ្វីក៏ដោយ ត្រូវតែដាក់ឈ្មោះលោកដូច្នេះ ដូច​ជា​នៅ​តាម​សាលារៀន ស្ពានថ្នល់ មន្ទីរពេទ្យ សួនច្បារ។ល។ ដែលមានចំនួន​រាប់មិនអស់​មកនោះ?

សម្រាប់លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម បានប្រដូចករណីនេះ ទៅនឹង«ចោរប្លន់ប្រវត្តិសាស្ត្រ»។ លោក កែម ឡី បានយករូបថត ដែលមានក្លោងទ្វាសរសេរដាក់ឈ្មោះ «ឆ្នេរសមុទ្រសម្ដេចតេជោសែន» មក​បង្ហោះ​នៅលើទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់លោក ជាមួយនឹងការពន្យល់ថា៖ «ការដូរឈ្មោះ បន្ថែមឈ្មោះ​​ទៅ​លើ​ឈ្មោះ​ដែលជាមរតកជាតិ កេរដំណែលជាតិ កេរ្តិ៏ឈ្មោះដើម មិនត្រឹមតែក្លាយជាអ្នកប្លន់ប្រវត្តិសាស្រ្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ចង់​កែប្រែ​ប្រវត្តិសាស្រ្តខ្មែរ ឲ្យបាត់បង់ និងផុតរលត់ទៀតផង»។

លោក កែម ឡី បានសរសេរទៀតថា៖ «លើសពីនេះ អ្នកដែលយកលុយរដ្ឋ លុយពលរដ្ឋ និងធនធានរដ្ឋ ទៅ​បម្រើ​ឲ្យបុគ្គលឯកជន ដាក់ឈ្មោះបុគ្គលដោយពុំមានការធ្វើប្រជាមតិ មិនត្រឹមតែជាការប្រមាថ​លើរាស្រ្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងជាការបង្ក ឲ្យមានទំនាស់ផលប្រយោជន៏ ឬតាមនិយមន័យ នៃអំពើពុករលួយ​អន្តរជាតិ ជា​អំពើ​ពុករលួយ»។

អ្នកស្រាវជ្រាវផ្នែកសង្គម ដែលបានសរសេរពន្យល់ករណីនេះ ដោយមិនចំឈ្មោះនរណានោះ បានរៀបរាប់​ថា៖ «សាលា​រៀន មន្ទីរពេទ្យ វត្តអារាម និងសំណង់នានាដែលយកលុយញើស​ឈាមពលរដ្ឋ ដែលបង់ពន្ធដារ និង​លុយ​កម្ចី​ក្នុង​នាមជាតិខ្មែរ ទៅសាងសង់ ហើយដាក់ឈ្មោះខ្លួនឯង មិនត្រឹមតែមិនចេះអៀនខ្មាស់ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​ជា​អំពើ​លោភលន់»។

រូបថតដែលបង្ហាញគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរ ដែលដាក់ឈ្មោះហៅថា «ឆ្នេរសម្ដេចតេជោសែន» ត្រូវបាន​លោក​រដ្ឋមន្ត្រី ជា សុផារ៉ា បង្ហោះនៅប៉ុន្មានថ្ងៃមុន (ក្នុងខែមិថុនា ឆ្នាំ២០១៦) នេះ ដោយលោក​បាន​សរសេរ​អមថា៖ «ឆេ្នរសមុទ្រខេត្តព្រះសីហនុ នឹងចាប់ផើ្តមសាងសង់ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ និង​ជា​បន្តបនា្ទប់ ដោយ​មាន​ការ​ចូលរួម ពីប្រជាពលរដ្ឋ និងសប្បុរសជនក្នុងប្រទេស»។

មកទល់នឹងពេលនេះ រូបថតទាំងនោះត្រូវបានលប់ចេញ ពីគណនីរបស់លោកហើយ។ តែដូចជាហួស​ពេល​បន្តិច ព្រោះការបង្ហោះរបស់លោក សុផារ៉ា ត្រូវបានសារព័ត៌មានជាច្រើន យកទៅផ្សព្វផ្សាយបន្ត ជា​មួយ​នឹង​ការ​​ចែក​រំលែក​យ៉ាង​សន្ធឹក​សន្ធាប់ នៅតាមបណ្ដាញសង្គម។ មនុស្សជាច្រើនបានសំដែងចម្ងល់ និងមួយ​ចំនួន​ទៀត បាន​​សំដែង​​ការ​ប្រឆាំង ដោយហៅការប្ដូរឈ្មោះដើម ដាក់ទៅជា «ឆ្នេរសម្ដេចតេជោសែន»នេះ គឺ​ជា​ការ​ទទួល​យក​មិន​បាន»។ តារាហ្វេសប៊ុកដ៏ល្បីឈ្មោះ ប៉ីប៉ី ឌី (PeyPey Dy) បានថ្លែងឡើងថា៖ «ការ​អភិវឌ្ឍន៍ និង​ការ​អភិរក្ស វា​មាន​ភាព​​ខុស​​គ្នា។ បើការអភិវឌ្ឍន៍ជ្រុលនិយម​ វាអាច​បំផ្លាញ​ការ​អភិរក្ស។ អ៊ីចឹង បើក្មេង​ជំនាន់​ក្រោយ​​សុំ​​អភិរក្ស ឈ្មោះ​ដើម (នោះ គឺ) ដើម្បីឲ្យអ្នកជំនាន់ក្រោយ​ចងចាំថា នេះជាឆ្នេរ​អូរឈើ​ទាល»។

យ៉ាងណា លោក កែម ឡី បានទទួលស្គាល់ថាជារឿងត្រឹមត្រូវ ចំពោះជនណាក៏ដោយ ដែលយកធនធាន​ឯកជន​ស្អាតស្អំមកកសាង ហើយដាក់ឈ្មោះខ្លួនឯង។ ប៉ុន្តែចំពោះបុគ្គលសាធារណៈ ដែលយកតំណែង អំណាច​រដ្ឋ ដើម្បីចលនាធនធាននោះ ហើយថាជាធនធានឯកជននោះ បើយោងតាម​និយមន័យស្តង់ដារ​អន្តរជាតិ វា​ជា​ប្រភេទ​ទំនាស់​​ផល​ប្រយោជន៏ ឬត្រូវចាត់ទុកថា ជាអំពើពុករលួយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...