អេង រិទ្ធី ជាតួសម្ដែង«នយោបាយ» ឲ្យអ្នកនិពន្ធ«អាយ៉ង»?
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 06, 2016
- ប្រធានបទ: តារាសម្ដែង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើគេចាំមិនភ្លេចទេ អតីតតារាសម្ដែង អេង រិទ្ធី ដែលបានក្លាយជាពិធីករ នៅទូរទស្សន៍បាយ័ន្ត បានថ្លែងអះអាងនៅក្នុងវីដេអូមួយ កាលពីអំឡុងចុងឆ្នាំ២០១៣ ថានៅស្រុកខ្មែរ គ្មានយួនម្នាក់ឡើយ។ វីដេអូនោះ ដែលត្រូវបានជនអនាមិកម្នាក់យកមកបង្ហោះ នៅក្នុងបណ្ដាញសង្គម បានទទួលនូវការចែករំលែកយ៉ាងសន្ធឹកសន្ធាប់ ជាមួយនឹងការវាយប្រហារត្រឡប់ទៅលោក អេង រិទ្ធី វិញយ៉ាងចាស់ដៃ ពីសំណាក់មនុស្សជាច្រើន ជាពិសេសទស្សនិកជន របស់តារាសម្ដែងនេះផ្ទាល់តែម្ដង។
ប្រតិកម្មពីបណ្ដាប្រិយមិត្ត បានផ្ទុះឡើងជាថ្មីទៀត នៅក្រោយពេលធ្វើសន្និសីទការសែត កាលពីដើមខែធ្នូ ឆ្នាំ២០១៤ ពីសំណាក់ឪពុកម្ដាយរបស់លោកឧកញ៉ា ថោង សារ៉ាត់ ទាក់ទងនឹងឧក្រិដ្ឋកម្មដ៏សាហាវមួយ នៅកណ្ដាលរាជធានីភ្នំពេញ ដែលនៅចំពោះមុខអ្នកសារព័ត៌មានជាច្រើននាក់ អ្នកទាំងពីរនិយាយភាសាខ្មែរមិនច្បាស់ និងនៅមានសាច់សារលោហិត ឬខ្សែបណ្ដាញជាច្រើន នៅក្នុងប្រទេសវៀតណាមនោះទៀត។
ប៉ុន្តែសម្រាប់លោក កែម ឡី ដែលបានបង្ហោះរូបថត របស់លោក និងលោក អេង រិទ្ធី នៅលើទំព័រហ្វេសប៊ុករបស់លោក ទំនងគ្រាន់តែចាត់ទុកអតីតតារាសម្ដែង ថាជាតួសម្ដែងមួយរូបប៉ុណ្ណោះ ខណៈខ្លឹមសារល្អឬអាក្រក់ និងអាថ៌កំបាំងយ៉ាងណានោះ វាស្ថិតនៅលើអ្នកនិពន្ធ និងអ្នកដឹកនាំរឿង។ រីឯតួសម្ដែងវិញ ក៏មិនមែនមានត្រឹមតែលោក អេង រិទ្ធី នោះដែរ បើទោះជាអតីតតារាភាពយន្ដរូបនេះ ធ្លាប់បានសម្ដែងភាគច្រើន ជាតួឯកតែម្នាក់នោះក៏ដោយ។
លោក កែម ឡី បានសរសេរថា៖ «អ្នកនិពន្ធ និងអ្នកដឹកនាំរឿង ច្រើនស្ថិតនៅអាថ៌កំបាំង និងបង្កប់អត្តន័យ ខ្លឹមសារល្អ ឬអាក្រក់ទៅតាមសាច់រឿងនីមួយៗ។ ចំណែកតួសម្តែងមានគ្រប់ប្រភេទដូចជា តួឯក តួរង តួយក្ខ តួតាឥស្សី តួស្លូត។ល។»
ប៉ុន្តែផ្ទុយទៅវិញ គឺទស្សនិកជនទៅវិញទេ ដែលត្រូវឲ្យឆ្លាតវាងវៃបន្តិច។ លោក កែម ឡី បានលើកឡើង ពីអ្នកមើល ថាត្រូវសិក្សា និងសង្កេតមើល តើនរណាជាអ្នកនិពន្ធពិតប្រាកដ មុននឹងអ្នកស្រាវជ្រាវផ្នែកសង្គមរូបនេះ បានប្ដូរទិសដៅនៃសំណេររបស់លោក ទៅរករឿងរ៉ាវផ្នែកនយោបាយដូច្នេះថា៖ «ហើយនរណា ជាអ្នកនៅពីក្រោយខ្នង អ្នកដឹកនាំរឿងនយោបាយ បច្ចុប្បន្ន?»។
លោក កែម ឡី បានបន្តពន្យល់ថា៖ «នៅសម័យខ្មៅងងឹត (លោកចង់សំដៅទៅរបបខ្មែរក្រហម?) ចិន និង យួនបង្កប់ ដែលជាអ្នកនៅពីក្រោយខ្នងអ្នកនិពន្ធ និង អ្នកដឹកនាំរឿង។ លើសពីនេះ ក្រុមពីរដែលត្រូវបង្កើតឡើង រួចទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ក្នុងការសម្លាប់ពលរដ្ឋខ្មែរ។ ទីបំផុត តួអង្គស្លូតមួយក្រុម ដែលពុំបានសម្លាប់ខ្មែរ នៅសម័យអាវខ្មៅ ត្រូវបានអ្នកនិពន្ធ និងអ្នកដឹកនាំរឿង លាបពណ៌បានសម្រេចថាជាមេដឹកនាំ និងអ្នកទទួលខុសត្រូវខ្ពស់បំផុត នៃរបបអាវខ្មៅ។ ចំណែកតួសម្តែងមួយក្រុមទៀត ដែលជាតួសម្លាប់ពលរដ្ឋខ្មែរពិតប្រាកដ នៅរបបអាវខ្មៅ ត្រូវបានប្រែកាឡាជាតួអង្គជួយសង្រ្គោះ និងជាតួអង្គចិត្តល្អ។»
បើតាមន័យនេះ ធ្វើឲ្យគេសរុបសេចក្ដីមកថា លោក អេង រិទ្ធី អាចជាតួសំដែងក្នុងរឿង«នយោបាយ»មួយ ខណៈអ្នកនិពន្ធ និងដឹកនាំរឿងរបស់លោក អេង រិទ្ធី កំពុងត្រូវបាន«ញ៉ាក់ខ្សែ»ដោយតួសម្ដែងមួយទៀត ដែលនៅពីក្រោយខ្នង នៃឈុតឆាក«នយោបាយ»នេះ។ ហើយតួសម្ដែងដ៏អាថ៌កំបាំងនោះ អាចជាចិន និងយួន។ មិនអញ្ចឹងឬ?