ហ៊ុន សែន តម្លើងនិងបន្ថែមផ្កាយ ឲ្យមន្ត្រីនគរបាល៤៥រូប
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០២ សីហា ២០១៥
- កែប្រែចុងក្រោយ: August 03, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្រះរាជក្រឹត្យទីមួយ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ និងព្រះរាជក្រឹត្យទីពីរ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥ ឡាយព្រះហស្តលេខា ដោយព្រះមហាក្សត្រ បានតែងតាំងមន្ត្រីនគរបាល ជូនដល់នាយនគរបាលជាតិ និងនាយនគរបាលជាន់ខ្ពស់ ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ពីវរសេនីយ៍ឯក ទៅជាថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ចំនួន ២៨រូប និងពីថ្នាក់ឧត្តមសេនីយ៍ត្រី ទៅជាថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ចំនួន ១៧រូប។
ព្រះរាជក្រឹត្យទាំងពីរ ដែលបានតែងតាំង មន្ត្រីនគរបាលទាំង៤៥រូប យោងទៅតាម «សេចក្តីក្រាបបង្គំទូលថ្វាយ» របស់នាយករដ្ឋមន្ត្រីកម្ពុជានោះ បានត្រាស់បង្គាប់ត្រឡប់ មកលោក ហ៊ុន សែន វិញ ថាត្រូវទទួលបន្ចុក ការអនុវត្តព្រះរាជក្រឹត្យទាំងពីរ ចាប់ពីថ្ងៃឡាយព្រហស្តលេខាតទៅ។ សូមអានព្រះរាជក្រឹត្យទាំងពីរ នៅខាងក្រោមអត្ថបទ។
ការតែងតាំងមន្ត្រីនគរបាលជាច្រើន ដោយតម្លើងថានន្តរស័ក្ដិ ឲ្យពាក់ស័ក្ដិបន្ថែមពេញស្មារនេះ បានធ្វើឡើងខណៈប្រទេសកម្ពុជា នៅតែល្បីរហូតមកដល់ពេលនេះថា ជាប្រទេសដែលសម្បូរទៅដោយចោរកម្ម ការកាប់សម្លាប់ បាញ់បោះ វាយតប់ និងគ្រោះថ្នាក់ចរាចរណ៍ កើតឡើងសឹងជារៀងរាល់ម៉ោង។ សូមស្វែងរកអានអត្ថបទរាប់រយ ឬសំនុំរឿង ដែលទាក់ទងនឹងហេតុការណ៍ទាំងនេះ ដោយចុចនៅលើទីនេះ /ទីនេះ និងទីនេះ។
បើទោះជាករណីបទល្មើសជាច្រើន ត្រូវបាននគរបាលនិងអាជ្ញាធរ ធ្វើការបំបែកបាន និងឈានទៅចាប់ជនល្មើស ឬជនបង្ក មកផ្ដន្ទាទោសក៏ដោយ ប៉ុន្តែក៏នៅមានសំនុំរឿងធំៗ ជាច្រើនទៀត ដែលនគរបាលនិងអាជ្ញាធរ មិនដែលរកឃើញជនល្មើស យកមកផ្តន្ទាទោសនោះឡើយ។ ផ្ទុយទៅវិញ នៅក្នុងសំនុំរឿងខ្លះ ក្រុមនគរបាលថែមទាំង បានបង្កើតជនល្មើសសិប្បនិម្មិត ឲ្យមកទទួលទោស ជំនួសជនល្មើសពិតប្រាកដ នោះផងទៀត។
ការតែងតាំងនេះទៀតសោធ ក៏បានកើតឡើងជួនចំពេល តែប៉ុន្មានថ្ងៃក្រោយការប្រកាស របស់នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន ដែលបានអះអាងថា លោកប្រឆាំងដាច់ខាត់ នូវ«បដិវត្តន៍ពណ៌» ដែលមានគោលបំណង បំបាត់រាជបល័ង្គ និងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ បច្ចុប្បន្ន។ ការថ្លែងនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២៣ ខែកក្កដា ក្នុងពិធីជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ មកពីអង្គភាពនានា ទូទាំងប្រទេស។
អតិផរណា«សក្តិ» ឬ«ផ្កាយ»
សម្រាប់អ្នកតាមដានបញ្ហាសង្គម និងនយោបាយនៅកម្ពុជា បានហៅការតម្លើងបុណ្យស័ក្តិ ដែលមានជាហូរហែរនេះ ថានឹងអាច ធ្វើឲ្យមានអតិផរណា«ស័ក្តិ» ឬ«ផ្កាយ»។ អ្នកស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី ធ្លាប់បានផ្ដល់បទសម្ភាស ឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នាពេលកន្លងមក នៅក្នុងករណីនៃការតម្លើងថានន្តរស័ក្ដិនេះ ដោយបានធ្វើការរម្លឹកថា «តម្លើងផ្កាយ និងសក្តិច្រើនពេក» នឹងធ្វើឲ្យតម្លៃនៃ«ផ្កាយ និងស័ក្ដិ»នោះ ចុះមកវិញ។
លោក កែម ឡី បានលើកពីគោលការណ៍ប្រាំយ៉ាង មកពន្យល់សម្រាប់ល័ក្ខខ័ណ្ឌ នៃការតម្លើងថានន្តរស័ក្តិថា៖
ទីមួយ) ត្រូវមានជំនាញពិតប្រាកដ ទីពីរ) ត្រូវមានបទពិសោធខ្ពស់ ទីបី) ត្រូវមានការរៀនសូត្រ ពីផ្នែកជំនាញ (យោធា ឬនគរបាល) ឲ្យបានច្បាស់លាស់ ទីបួន) ត្រូវមានសីលធម៌ល្អ ក្នុងការប្រតិបត្តិការងារ និងទីប្រាំ) ត្រូវមានស្នាដៃក្នុងការរក្សាសន្តិភាព សន្តិសុខសង្គម និងការកសាងសមត្ថភាព ដោយខ្លួនឯង។ ជាមួយគ្នានេះ លោកក៏ស្នើសុំឲ្យជៀសវាង នូងការលក់ដូរ ក្នុងការតម្លើងឋានៈនេះ ដែលជាមុខរបរសម្រាប់រកផលចំណេញ និងជៀសវាងនូវបក្សពួកនិយម ធ្វើយ៉ាងណា ឲ្យមាន«សុច្ចរិតភាព»សង្គម៕
» ព្រះរាជក្រឹត្យទាំងពីរ ដែលប្រកាសតម្លើងថានន្តរស័ក្ដិ ឲ្យមន្ត្រីនគរបាលទាំង៤៥រូប (ចុចពីលើ ដើម្បីពង្រីកអាន)៖