រាំគ្រវីគូទ... បានប្រែក្លាយជាវិនាសកម្ម
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២២ មេសា ២០១៧
- កែប្រែចុងក្រោយ: March 07, 2018
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅតាមដងផ្លូវមួយ ក្នុងក្រុង «Járkov» ភាគខាងកើតប្រទេសអ៊ុយក្រែន យុវតីដ៏ស្រស់ស្អាតម្នាក់ បានបង្ហាញពីទេពកោសល្យរបស់ខ្លួន ក្នុងការរាំ«គ្រវីកំប៉េះគូទ (Twerk)» ប៉ុន្តែនាងមិនព្រៀងទុកជាមុនទេ ថាការរាំគ្រវីគ្រវាត់ ត្រគាករបស់នាងដូច្នេះ បានបង្កឲ្យកើតមាន នូវរឿងរ៉ាវ ដ៏អាណោចអាធមមួយឡើង។
សារព័ត៌មានអង់គ្លេស «Sun» បានរាយការណ៍ថា គឺមិត្តស្រីរបស់នាង ជាអ្នកប្រើទូរស័ព្ទ ថតវីដេអូពីឈុតឆាកនេះ នៅពេលដែលយុវតី កំពុងបញ្ចេញថ្វីដៃ ញាក់កំប៉េះគូទរបស់នាង។ ដោយទំនងជាកម្រ បានទស្សនានូវ«របាំ» ដ៏ពិសេសនេះ អ្នកកាន់ចង្កូតរថយន្ដមួយរូប បានភ្លឹកនិងវេចង្កូត ទៅបុកម៉ូតូមួយគ្រឿង ដែលបើកបរក្នុងទិសផ្ទុយគ្នា ពេញមួយទំហឹង។
បាក់ឆ្អឹងត្រគាក...
យុវតីទាំងពីរ ហាក់យល់ពីរឿងហេតុ ដែលកើតចេញ ពីការលេងសើចនេះ បានបញ្ឈប់សកម្មភាព និងការថតវីដេអូភ្លាម ហើយបានស្ទុះ ទៅរកជួយជនរងគ្រោះ នោះផង។ បើតាមសារព័ត៌មានដដែល បានអះអាងថា ជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូ បានបាក់ឆ្អឹងត្រគាកធ្ងន់ធ្ងរ មុននឹងត្រូវបានបញ្ជូនជាបន្ទាន់ ទៅព្យាបាលនៅឯមន្ទីរពេទ្យ។ ជាសំណាងល្អ ដែលហេតុការណ៍នេះ មិនបានប៉ះពាល់ ដល់ជីវិតរបស់បុរសរងគ្រោះទេ៕