មកដល់ពេលនេះ លិខិតជូនដំណឹង ដែលចុះហត្ថលេខាតាំងពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នោះ ត្រូវបានដកចេញ ពីទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡារួចជាស្រេចហើយ។
ប៉ុន្តែក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម មិនបានទុកឲ្យលិខិតនេះ បាត់ស្លាកស្នាមទៅវិញ ដោយងាយស្រួលដូច្នេះឡើយ ដោយហេតុថា វាជាក្រដាសស្នាមផ្លូវការ ដែលចេញផ្សាយ ដោយក្រសួង«អ្នកប្រាជ្ញ» ហើយវាជាកំហុសថ្មីមួយទៀត ខណៈក្រសួង«អ្នកប្រាជ្ញ»មួយនេះ ទើបនឹងធ្វើកំហុសដ៏ធំ ជុំវិញការបូកសរុបលទ្ធផល នៃការប្រឡងយកសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដែលត្រូវបានទម្លាក់កំហុស ទៅលើប្រព័ន្ធកំព្យូទ័រ។
លោក រ័ត្នន៍ សេនា មន្ត្រីមកពីក្រសួងការពារជាតិ បានយកលិខិតជូនដំណឹង របស់ក្រសួងអប់រំខាងលើ មកបង្ហោះ ដោយនិយាយចំអក ជាមួយកូនស្រីលោកថា «នែកូនស្រី! កូនកុំបាច់ទៅយក វិញ្ញាបនបត្រអាសន្ន អី!»។ លោក រ័ត្នន៍ សេនា ដែលមានជំនាញខាងការនិពន្ធនោះ បានបន្ទោសក្រសួងអប់រំថា៖ [...]