គន់ គីម នៅពីក្រោយក្រុមហ៊ុនចិន «UDG» ដែលប្ដឹងឈូសផ្ទះពលរដ្ឋនៅកោះកុង?
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៨ កញ្ញា ២០១៨
- កែប្រែចុងក្រោយ: September 09, 2018
- ប្រធានបទ: ជម្លោះដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពលរដ្ឋ ដែលអះអាងថា ខ្លួនជាជនរងគ្រោះ ព្រោះការឈូសឆាយទន្ទ្រាន រំលោភយកដីផ្ទះសម្បែង ពីសំណាក់ក្រុមហ៊ុនចិន ឈ្មោះ «UDG (Union Development Group)» និងដែលកំពុងរស់នៅ សេសសល់ចុងក្រោយ នៅលើដីដែលមានជម្លោះ បានថ្លែងថា អតីតអគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ លោក គន់ គីម និងអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ម៉ុក ម៉ារេត ធ្លាប់បានចុះ ទៅចាត់ចែងគម្រោងអភិវឌ្ឍ នៅលើតំបន់មានជម្លោះ មុននឹងតំបន់នោះ ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន ផ្ដល់ទៅឲ្យក្រុមហ៊ុនចិនខាងលើ សម្រាប់ការអភិវឌ្ឍរយៈពេល៩៩ឆ្នាំ ដែលបង្កឲ្យមានការឈូសឆាយ និងការប្ដឹងផ្ដល់ យ៉ាងចម្រូងសម្រាស់។
អ្នកស្រី ជៀន ក្រៀប ត្រូវបានអង្គការមាតាធម្មជាតិ ធ្វើកិច្ចសម្ភាសមួយ ថតជាវីដេអូ និងបង្ហោះតាមសម្លេងដើម ទាំងស្រុងថា៖ «មុនដំបូងហ្នឹង មាន ម៉ុក ម៉ារេត មកវត្តពយជប៉ុនហ្នឹង លើកទីមួយ។ លើកទីពីរ មាន គន់ គីម - ម៉ុក ម៉ារេត មកពយស្ងាវ មកសិក្សារឿងដីចម្ការ។ ម៉ុក ម៉ារេត - គន់ គីម ហ្នឹងហៅប្រជាជនម៉ាស្រុក គីរីសាគរ ហ្នឹងទៅទាំងអស់ កន្លែងពយស្ងាវហ្នឹង។ ដោះស្រាយថា មួយហិចតា ៨០០០ដុល្លារ។ ដល់ការពិត បានតែ១៥គ្រួសារទេ មួយហិតា ៨០០០ដុល្លារហ្នឹង។ ក្រៅពីនោះមក ២៥០ បាន ១០០០ បាន ៥០០ យូរទៅបាន១៥០ អាណាមិនយក អត់!»។
សម្រាប់លោក អ៊ុក សាវ៉ន ពលរដ្ឋមួយរូបទៀត នៅក្នុងជម្លោះដីធ្លីនោះ បានថ្លែងឡើងថា៖ «ខ្ញុំសួរទៅ[ព្រះរាជអាជ្ញា]វិញ ខ្ញុំថា ក្រុមហ៊ុនទើបមក ២០០៨ ទេ រួចចុះខ្ញុំ តាំងពីឆ្នាំ ១៩៨៦ឯណោះ ហើយចុះហេតុម៉េច ក៏មកដាក់កំហុសឲ្យខ្ញុំ ថាខ្ញុំនៅលើដីក្រុមហ៊ុន? វាអត់ទំនង អត់យុត្តិធម៌ទេ។ បាន [ព្រះរាជអាជ្ញា] ថា យើងសព្វថ្ងៃនៅលើដី ដែលរដ្ឋាភិបាលជួលឲ្យក្រុមហ៊ុន បើមិនចេញក៏ឈូស បើចេញក៏ឈូស។»។
កាលពីខែឧសភា ឆ្នាំ២០០៨ ក្រុមហ៊ុន «UDG» បានទទួលដីសម្បទានសេដ្ឋកិច្ច សរុបចំនួន ៤៥.១០០ហិកតា ពីរដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីសាងសង់ទីក្រុងទេសចរណ៍ដ៏ធំមួយ ដែលត្រូវចំណាយទឹកប្រាក់ ៣,៨ពាន់លានដុល្លារ។ គម្រោងទីក្រុងទេសចរណ៍ ដ៏សម្បើមនេះ កំពុងដំណើរការ នៅចំកណ្ដាលឧទ្យានជាតិបុទុមសាគរ ក្នុងខេត្តកោះកុង។
កញ្ញា លីម គីមស័រ ដែលតំណាងឲ្យអង្គការមាតាធម្មជាតិ បានចោទជាសំនួរឡើងថា៖ «តើរបបសម្ដេច ហ៊ុន សែន ផ្ដល់សិទ្ធិវិនិយោគ ទៅឲ្យក្រុមហ៊ុនចិនមួយនេះ ក្នុងគោលបំណងអ្វី? ឬមួយ គ្រាន់តែជារូបភាពអភិវឌ្ឍក្លែងបន្លំ ដើម្បីផ្ដល់ឱកាស ឲ្យមន្ត្រីមានអំណាច ឃុបឃិតគ្នា លួចឆក់ប្លន់ដីធ្លី របស់ប្រជាពលរដ្ឋ?»។
នេះ ជាការលើកឡើងថ្មី និងចុងក្រោយបំផុត ពីសំណាក់ក្រុមពលរដ្ឋខាងលើ ខណៈសំនុំរឿងដីធ្លី ក្នុងតំបន់ពយជប៉ុន បានផ្ទុះកើតមានជាហូហែរ រាប់ទាំងព្រឹត្តិការណ៍បិទផ្លូវ តាំងពីចុងឆ្នាំ២០១១ និងការសន្យាក្នុងខែសីហា ឆ្នាំ២០១៥ ពីសំណាក់លោក វ៉ា សំអឿន ទីប្រឹក្សានាយករដ្ឋមន្ត្រី និងជាអនុប្រធានអាជ្ញាធរដោះស្រាយវិវាទដីធ្លី ថ្នាក់ជាតិ ដែលអះអាងថា នឹងយករឿងរ៉ាវទាំងនេះ ទៅប្រាប់លោក ហ៊ុន សែន។
ក្នុងពេលភ្លាមៗ មិនអាចស្វែងរកប្រតិកម្ម ពីលោក គន់ គីម និងលោក ម៉ុក ម៉ារេត តបនឹងការចោទសួរ ខាងលើនេះបានទេ។ លោក គន់ គីម ទើបនឹងត្រូវបានលោក ហ៊ុន សែន តម្លើងឋានៈលោក ជា«ទេសរដ្ឋមន្ត្រី» បន្ទាប់ពីលោកបានចាកចេញ ពីតំណែងជា «មេទ័ពរង» ទៅធ្វើជាតំណាងរាស្ត្រវិញនោះ។
មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តកោះកុង លោក ហួរ អ៊ីន ត្រូវបានវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) ស្រងសំដី កាលពីចុងខែឧសភាកន្លងទៅ ថាសព្វថ្ងៃនេះ នៅលើតំបន់ពយជប៉ុន ក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ នៅមានសេសសល់ពលរដ្ឋរស់នៅ ចំនួនបួនគ្រួសារ។ ប៉ុន្តែអង្គការមាតាធម្មជាតិ បានអះអាងក្នុងពេលនេះថា នៅសល់តែ៣គ្រួសារប៉ុណ្ណោះ ដែលមិនព្រមចាកចេញពីលំនៅដ្ឋាន ដោយសារពួកគេ មិនអាចបោះបង់ធនធានធម្មជាតិ និងផ្នូរដូនតា របស់ពួកគេបាន៕