ពេជ្រ ស្រស់ ចាប់​អារម្មណ៍​នឹង​ការ​ផ្ដល់​តំណែង​ពី ហ៊ុន សែន

បន្ទាប់ពីលោក ហ៊ុន សែន ប្រកាសផ្ដល់តំណែង សម្រាប់ក្រុមគណបក្ស ដែលមិនជាប់ឆ្នោត ដើម្បីអាចចូលក្នុងរដ្ឋាភិបាល កាលពីព្រឹកម៉ិញនោះរួច ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ក៏បានឆ្លើយ ជាបន្ទាន់ភ្លាមដែរ ប្រកាសគាំទ្រគំនិតនោះ ក្រោមហេតុផល ដើម្បីឆ្ពោះទៅរកការផ្សះផ្សារជាតិ។
ពេជ្រ ស្រស់ ចាប់​អារម្មណ៍​នឹង​ការ​ផ្ដល់​តំណែង​ពី ហ៊ុន សែន
ពីឆ្វេងទៅស្ដាំ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 15, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រញាប់ឡើង ព្រោះកន្លែងមានកំណត់! តែមិនអាចលឿន ជាងប្រធានគណបក្សយុវជនកម្ពុជាទេ។ ដោយហេតុថា លោក ពេជ្រ ស្រស់ បានឆ្លើយតប​ភ្លាមៗ កាលពីព្រឹកម៉ិញ ទៅនឹងការបើកភ្លើងខៀវ របស់លោក ហ៊ុន សែន ដែលអនុញ្ញាតឲ្យក្រុមថ្នាក់ដឹកនាំ គណបក្សដែលមិនជាប់ឆ្នោត មានតំណែង​នៅក្នុង​រដ្ឋាភិបាល អាណត្តិថ្មី ដែលបុរសខ្លាំងកម្ពុជា ត្រៀមនឹងបង្កើត ក្នុងពេលខាងមុខ។

ចំណាប់អារម្មណ៍ របស់លោក ពេជ្រ ស្រស់ ធ្វើឡើង តែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីលោក ហ៊ុន សែន បានអះអាងថា លោកនឹងបង្កើតវេទិកា ពិគ្រោះយោបល់ ជាមួយគណបក្សនយោបាយ ដែលមិនជាប់ឆ្នោត ហើយនឹងផ្ដល់ឱកាស ឲ្យតំណែងទៅមេដឹកនាំគណបក្សទាំងនោះ ឲ្យមានតំណែងរហូតដល់រដ្ឋលេខាធិការ នៅក្នុងរដ្ឋាភិបាល។

ប្រធានគណបក្សយុវជនកម្ពុជា ដ៏ល្បីល្បាញ បានអះអាង​នៅលើបណ្ដាញ​សង្គម​ថា៖ «បើតាមគំនិតរបស់ខ្ញុំ ពេជ្រ ស្រស់ ផ្ទាល់ គឺជាចំណុចគួរឲ្យចាប់អារម្មណ៍ ដោយហេតុថា ជារបត់នយោបាយថ្មីមួយ សំរាប់ប្រទេសកម្ពុជា ឆ្ពោះទៅរកការផ្សះផ្សារជាតិ និងការអភិវឌ្ឍន៍ជាតិខ្មែរយើង ឲ្យមានការរីកចំរើន យ៉ាងឆាប់រហ័ស»។

កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះថា លោក ហ៊ុន សែន បានថ្លែងនៅមុខកម្មករ-កម្មការិនី រាប់ពាន់នាក់ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញថា រដ្ឋាភិបាល អាណត្តិទី០៦ របស់លោក នឹងផ្តល់ឱកាសឱ្យមានការចូលរួម ពីបណ្តាគណបក្សដទៃ ដែលមានសមត្ថភាព ក៏ប៉ុន្តែអ្នកទាំងនោះ អាចមានឋានៈត្រឹមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាស្ថាប័ន ឬទីប្រឹក្សារាជរដ្ឋាភិបាលតែប៉ុណ្ណោះ មិនមែនជាសមាជិករដ្ឋាភិបាល ដែលត្រូវបោះឆ្នោតផ្ដល់ការទុកចិត្ត ដោយរដ្ឋសភានោះទេ។

លោក ហ៊ុន សែន ថ្លែងឡើងថា៖ «មួយឆាវដំបូងនេះ មានតែគណបក្សប្រជាជនកម្ពុជាទាំងអស់ នៅក្នុងរាជរដ្ឋាភិបាល អត់មានលាយឡំទេ។ បន្តទៅទៀត ចាំខ្ញុំពិនិត្យ ទៅដល់គណបក្សមួយចំនួន ដែលមានធនធានមនុស្សគ្រាន់បើ ខ្ញុំអាចអញ្ជើញគេ មកធ្វើជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬទីប្រឹក្សាស្ថាប័ន ឬទីប្រឹក្សារាជរដ្ឋាភិបាល ខ្ញុំនឹងពិនិត្យតាមក្រោយ ប៉ុន្តែធ្វើដូច្នេះ គឺចូលមកអនុវត្ត តែគោលនយោបាយគណបក្សប្រជាជនទាំងស្រុង តែប៉ុណ្ណោះ»។

យ៉ាងណា គេមិនយល់ថា តើពាក្យ«ផ្សះផ្សារជាតិ» របស់លោក ពេជ្រ ស្រស់ ចង់សំដៅលើអ្វីនោះទេ ខណៈចលនា​នយោបាយ​តូចតាច​របស់​លោក មិនមានរឿងរកាំរកូសអ្វី ឲ្យខ្លាំងក្លា ជាមួយគណបក្សប្រជាជនកម្ពុជា ឬរដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងពេលកន្លងមក នោះឡើយ។

រីឯពាក្យបណ្ដឹង​មួយច្បាប់ ដែលគណបក្សយុវជនកម្ពុជា បានដាក់កាលពីម្សិលម៉ិញ ឡើងទៅគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដើម្បីសុំរាប់សន្លឹកឆ្នោតឡើងវិញ នៅតាមមណ្ឌលមួយចំនួននោះ ក៏ត្រូវបានលោក ពេជ្រ ស្រស់ សុំដកចេញមកវិញដែរ ក្រោមហេតុផលផ្លូវការថា បណ្ដឹងនោះ «មិនមានលក្ខណៈគ្រប់គ្រាន់ តាមនីតិវិធី» ខណៈហេតុផលមួយទៀត ត្រូវបានលោកលើកឡើងដោយផ្ទាល់ថា គឺ​ដើម្បី​ដក​ឃ្លា​មួយ​រយៈ និង​រៀប​ចំ​ពាក្យ​បណ្តឹង​មក​ គ.ជ.ប ម្តង​ទៀត ដោយ​ភ្ជាប់​មក​ជាមួយ ​នឹង​ឯកសារ​ឱ្យ​បាន​គ្រប់គ្រាន់ជាងមុន។

តែមកដល់ពេលនេះ គេក៏កាន់តែមិនយល់ដែរ ថាតើពាក្យបណ្ដឹង ដែលលោក ពេជ្រ ស្រស់ ត្រៀមដាក់ជាថ្មី ដែលមានឯកសារ​គ្រប់គ្រាន់នោះ នៅឯណា?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...