ហ៊ុន សែន ចំអក​ ស៊ន តារា នឹង​ឃ្លា​«ហ៊ុន សែន ចប់ហើយ! ប្ដូរ»

បុរសខ្លាំងកម្ពុជា បានបន្ថែមមុខព្រួញថ្មីមួយទៀត សម្រាប់ការវាយប្រហារ នៅក្នុងការថ្លែង ជាសាធារណៈរបស់លោក នៅថ្ងៃនេះ។ មុខព្រួញរូបនោះ គឺលោក ស៊ន តារា អតីតសាស្ត្រាចារ្យទស្សនវិជ្ជា ស្និតគណបក្សប្រឆាំង ដែលពេលនេះកំពុងស្នាក់នៅ ក្នុងប្រទេសបារាំង តាមរយៈសំដីមួយឃ្លារបស់លោក ស៊ន តារា ដូច្នេះថា៖ «ហ៊ុន សែន ចប់ហើយ! ប្ដូរ!»។
ហ៊ុន សែន ចំអក​ ស៊ន តារា នឹង​ឃ្លា​«ហ៊ុន សែន ចប់ហើយ! ប្ដូរ»
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ស៊ន តារា អតីតសាស្ត្រាចារ្យស្និតគណបក្សប្រឆាំង។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 15, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ស្ទើរណាស់ ក្មួយអើយ ប្អូនអើយ! ស្ទើរណាស់» ជាប្រសាសន៍​របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិកម្ពុជា តបដោយមិនបញ្ចេញឈ្មោះ ទៅនឹងពាក្យមួយឃ្លា «ហ៊ុន សែន ចប់ហើយ! ប្ដូរ!» ដ៏ពេញនិយម របស់លោក ស៊ន តារា ដែលអតីតសាស្ត្រាចារ្យទស្សនវិជ្ជា ស្និតគណបក្សប្រឆាំងរូបនេះ តែងលើកឡើងមិនដែលខាន នៅរៀងរាល់លោកធ្វើការផ្សាយផ្ទាល់ ឬបញ្ចេញទស្សនៈ យោបល់ នៅលើបណ្ដាញសង្គម។

ប្រតិកម្មតបនឹងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលសព្វថ្ងៃ កំពុងស្នាក់នៅប្រទេសបារាំង បានធ្វើឲ្យលោក ស៊ន តារា ក្លាយជាមុខព្រួញថ្មី និងជាលើកដំបូងបំផុត នៃការវាយប្រហារតាមវោហាស័ព្ទ ពីសំណាក់មេដឹកនាំកម្ពុជា ដែលអង្គុយនៅលើកៅអីនាយករដ្ឋមន្ត្រី តាំងពីជាង៣ទសវត្សរ៍មកនោះ។

ថ្លែងនៅចំពោះកម្មករ កម្មការិនី ច្រើនពាន់នាក់ នៅរោងចក្រតំបន់ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ លោក ហ៊ុន សែន បានហៅការលើកឡើងដូច្នេះ របស់លោក ស៊ន តារា និងក្រុមសកម្មជនគណបក្សប្រឆាំង ដទៃទៀត ថាជាការ«ព្រូសដូរបាយ» ដោយពាក្យពេជន៍ចំអកជាច្រើន។ ប្រធានគណបក្សប្រជាជនកម្ពុជា ដែលទំនង​ជាអ្នកតាមដាន​​ទំព័រហ្វេសប៊ុក​លោក ស៊ន តារា យ៉ាងដិតដល់នោះ បានថ្លែងថា៖

«បើកហ្វេសប៊ុកឡើង ហ៊ុន សែន ចប់ហើយ ប្ដូរ! ហ៊ុន សែន ចប់ហើយ ប្ដូរ! ត្រឹមត្រូវណាស់ អាប្អូន ប្អូនឯងនិយាយពិតជាត្រឹមត្រូវណាស់។ ហ៊ុន សែន ចប់ហើយ ប្ដូរ ៗ ថ្ងៃណាក៏ចប់ហើយ ដូរ ត្រូវហើយចប់ពិតប្រាកដ។ និយាយនេះ ត្រឹមត្រូវតាំងពីពេលមុន ត្រឹមត្រូវនៅថ្ងៃនេះ ហើយត្រឹមត្រូវ នៅថ្ងៃខាងមុខ។ ថ្ងៃនេះ ថ្ងៃពុធចប់ហើយ ថ្ងៃស្អែកដូរ។ (...) ម៉ោង៩ជិតចប់ ម៉ោង១០ដូរ។ អាណ្នឹងនិយាយត្រូវ អានេះនិយាយត្រូវ អស់ទាស់តែម្ដង មិនមែនឌឺទេ។ ឥឡូវនេះ ហ៊ុន សែន នឹងចប់ហើយ នៅថ្ងៃទី៦ ចប់ហើយ គឺចប់រដ្ឋាភិបាលអាណត្តិទី៥ នឹងដូរទៅរដ្ឋាភិបាលអាណត្តិទី៦ ដូរ។»។

ដោយបង្គាប់ឲ្យលោក ស៊ន តារា កាត់សក់វែងចេញផងនោះ បុរសខ្លាំងកម្ពុជា បានថ្លែងបន្តថា៖

«អ្នកដែលធ្លាប់ [និយាយតទល់] ជាមួយបង [លោក ហ៊ុន សែន] ឯណេះ មិនមែនត្រឹមអស់លោកប៉ុណ្ណឹងទេ។ ជាមួយថ្នាក់ប្រធានាធិបតី តាមប្រទេស ប្រាប់ទៅឲ្យហើយទៅ រាប់ទាំងប្រធានាធិបតីអាមេរិកាំង សុំផ្ដាំ! អ្នកឯងអាចយល់។ ហើយបើមិនប៉ុណ្ណឹងទេ មិនអាចឈរជើង នៅកន្លែងហ្នឹងបានទេ ៗ មិនអាចផ្ដួលរំលំប៉ុលពតបាន មិនអាចទប់ស្កាត់ប៉ុលពតបាន។»។

លោក ហ៊ុន សែន បានជេរអតីតសាស្ត្រាចារ្យថា៖ «អាឡប់»!

ជារឿយៗ នៅក្នុងការបង្ហោះដោយសំណេរ ឬដោយការផ្សាយបន្តផ្ទាល់ ទៅកាន់ប្រិយមិត្តរបស់លោក នៅលើបណ្ដាញសង្គម លោក ស៊ន តារា តែងលើកឡើងនៅចុងបញ្ចប់ ដោយឃ្លា​បីបួន​ម៉ាត់ថា «ហ៊ុន សែន ចប់ហើយ។ ប្ដូរ!» ដូចនៅក្នុងវីដេអូចុងក្រោយបង្អស់មួយ របស់លោក ដែលបង្ហោះផ្សាយ កាលពីយប់ម្សិលម៉ិញ៖

 

ដោយសារពេលនេះ ស្ថិតក្នុងវេលាយប់ (ទៀបភ្លឺ) ក្នុងប្រទេសបារាំង គេនៅមិនទាន់ឃើញលោក ស៊ន តារា ឆ្លើយតបទៅលោក ហ៊ុន សែន វិញនៅឡើយ។ ប៉ុន្តែសកម្មភាពដ៏សកម្ម របស់អតីតសាស្ត្រាចារ្យ នៅលើបណ្ដាញសង្គម នឹងមិនធ្វើឲ្យអ្នកផងសង្ស័យទេ ថាលោកមិនប្រតិកម្ម តបលោក ហ៊ុន សែន វិញនោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...