ចារកម្មអាមេរិកថា រ៉ូស្ស៊ីបានជួយ ដូណាល់ ត្រាំ ឲ្យឈ្នះឆ្នោត
ការវាយតម្លៃដ៏អាថ៌កំបាំងមួយ របស់ភ្នាក់ងារចារកម្មអាមេរិក ហៅកាត់ថា «CIA» បានឲ្យដឹងថា ប្រទេសរ៉ូស្ស៊ីបានជ្រៀតជ្រែក ចូលមកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដើម្បីជួយឲ្យបេក្ខជន មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) ឈ្នះឆ្នោត។ នេះបើតាមរបាយការណ៍លំអិតមួយ ចុះផ្សាយកាលពីថ្ងៃសុក្រនេះ ដោយសារព័ត៌មាន «Washington Post» ដោយបានយកសក្ខីកម្ម ពីការវាយតម្លៃនេះ តាមរយៈអ្នកទទួលខុសត្រូវច្រើននាក់ នៃស្ថាប័នចារកម្មដ៏ធំ របស់ប្រទេសមហាអំណាច មកបញ្ជាក់។
របាយការណ៍របស់សារព័ត៌មាន ត្រូវបានចេញផ្សាយ បន្ទាប់ពីលោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតីផុតតំណែង បានបញ្ជាទៅស្ថាប័ន «CIA» ឲ្យធ្វើរបាយការណ៍ដ៏ពេញលេញមួយ ទៅលើការលួចជ្រៀតចូល ផ្នែកព័ត៌មានវិទ្យា នៅក្នុងអំឡុងពេល នៃយុទ្ធនាការឃោសនាបោះឆ្នោត ដោយសង្កត់ធ្ងន់ទៅលើចំងល់ធំៗជាច្រើន [...]