ហោ ណាំហុង ជា​«មេ​គុក​បឹង​ត្របែក»?

លោក ហោ ណាំហុង ជានរណាឲ្យពិត? គេបានស្គាល់លោក​ក្នុង​ពេលនេះ ជា​ប្រមុខការទូត​កម្ពុជា និង​​កាល​​ពី​​មុន​​សង្គ្រាម លោក​ក៏​ជា​អតីត​​មន្ត្រី​ការទូត​​ម្នាក់​ដែរ។ ចុះក្នុងសម័យខ្មែរក្រហម? ខ្លួនលោក​ផ្ទាល់​ប្រកាស​ថា ជាជន​រងគ្រោះ ខណៈឯកសារមួយចំនួន បាន​អះអាង​​ពី​​ការ​​ទទួល​ខុស​​ត្រូវ​របស់​លោក នៅក្នុងការ​សម្លាប់​រង្គាល​ពលរដ្ឋ​កម្ពុជា​ស្លូតត្រង់ នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២១ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 21, 2015
  • ប្រធានបទ: ស្រាវជ្រាវ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមពិតទៅ ករណីលោក ហោ ណាំហុង មានជាប់ទាក់ទង នឹងគុកបឹងត្របែក ក្នុងរបបខ្មែរក្រហម បាន​កប់​ទៅ​វិញ​បាត់ តាំងពីប៉ុន្មានឆ្នាំមុននេះ ទៅវិញហើយ។ ប៉ុន្តែលោក ហោ ណាំហុង ខ្លួនលោក តាមរយៈលោក​មេធាវី ការ សាវុត្ថ របស់លោកទេ ដែលបានគាស់រឿងនេះមកវិញ ដោយស្នើរទៅតុលាការសាលាដំបូង ឲ្យ​អនុវត្ត​សាលក្រម​ចូលជាស្ថាពរ របស់សាលាឧទ្ទរណ៍ កាលពីឆ្នាំ២០១៣ នោះគឺសុំឲ្យចេញ ដីកា​ឲ្យ​ចាប់​ខ្លួន​លោក សម រង្ស៊ី ដែល​ជា​មេបក្ស​ប្រឆាំង​ធំជាងគេនៅកម្ពុជា។ ការចេញដីកាឲ្យចាប់ខ្លួន លោក សម រង្ស៊ី នេះ មិន​​បាន​ធ្វើ​ឲ្យ​លោក ហោ ណាំហុង ឬគណបក្សប្រជាជនកម្ពុជា ចំណេញប៉ុន្មានឡើយ បើទោះជាក្រុមប្រឆាំង និង​អ្នក​ឃ្លាំ​មើល​ឯករាជ្យ មើលឃើញបែបផ្សេងថា មានរូបភាពបែបនយោបាយ ជាជាងការអនុវត្តច្បាប់​ក៏​ដោយ។

ហេតុអ្វី? ព្រោះលោក សម រង្ស៊ី ដែលបានឈ្នះក្ដី នៅតុលាការកំពូល របស់ប្រទេសបារាំង ទល់នឹងការប្ដឹង​ពី​បទ​បរិហាកេរ្តិ៍ ​របស់លោក ហោ ណាំហុង ករណី«មេគុកបឹងត្របែក» បានបន្តធ្វើការវាយលុក មិនសំចៃមាត់ ទៅ​លើ​ប្រមុខ​ការទូតកម្ពុជា ដែលមានប្រវត្តិ​យ៉ាងស្រពិចស្រពិល នៅក្នុងរបបខ្មែរក្រហម ជាពិសេស​នៅ​ពេល​ដែល​លោក បានវិលត្រឡប់ ចូលមកកម្ពុជាវិញ នៅក្រោយការកាន់អំណាច របស់ក្រុមខ្មែរ​ក្រហម​នា​ឆ្នាំ​១៩៧៥។

ក្នុងទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ម្សិលម៉ិញនេះ ប្រធាន​គណបក្ស​ប្រឆាំង បានសរសេរយ៉ាងច្បាស់ជាថ្មី ថាលោក ហោ ណាំហុង ហៅ មិត្តយ៉ែម ជាមេគុកបឹងត្របែក។ លោក សម រង្ស៊ី បានប្រាប់លោក ហោ ណាំហុង ឲ្យធ្វើការសុំទោស ទៅដល់ដួងវិញ្ញាណក្ខន្ធនៃជនរងគ្រោះ ដែល​បាន​ស្លាប់ ព្រោះ​ការមួលបង្កាច់ទាំងឡាយ ដើម្បីឲ្យលោក ណាំហុង អាចរស់រួចខ្លួនតែម្នាក់ឯង។

ឯកសារសម្ងាត់...

លោក សម រង្ស៊ី បានស្រង់ការអះអាង ពីឯកសារផ្ទៃក្នុងមួយ របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា មក​សរសេរ​បន្ថែម​ថា៖ «ហោ ណាំហុង បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីពួកខ្មែរក្រហម ឡើងកាន់អំណាច តែ​គាត់​បាន​រួចពីការស្លាប់ ពីព្រោះគាត់ធ្លាប់បានរៀនសូត្រ ជាមួយ អៀង សារី។ គាត់បានក្លាយទៅជាមេជំរំ (គុក) បឹង​ត្របែក ហើយគាត់ព្រមទាំងភរិយាគាត់ បានសហការជាមួយពួកខ្មែរក្រហម ក្នុង​ការ​សម្លាប់​មនុស្ស​ជា​ច្រើន ដែលជាប់ឃុំឃាំងនៅទីនោះ។»

គេមិនដឹងថា តើឯកសារផ្ទៃក្នុងនោះ ត្រូវបានលោក សម រង្ស៊ី ទទួលមកដាក់ក្នុងដៃពិតមែន និង​តាម​របៀប​ណា​នោះ​ឡើយ។ ប៉ុន្តែឯកសារមួយ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ស្រាវជ្រាវបានពីគេហទំព័រ វីគីលីគ (WikiLeaks) ដែលល្បីល្បាញខាងការទម្លាយជាសាធារណៈ នូវឯកសារសម្ងាត់ ឬឯកសារការទូត របស់​ប្រទេស​ធំៗ​ក្នុងពិភពលោកនោះ ក៏បានបញ្ជាក់ឲ្យដឹង ដូចការលើកឡើង របស់លោក សម រង្ស៊ី ខាង​លើ​នេះ​ដែរ។ ឯកសារ​នោះ មានលក្ខណៈជាទូរសារ ដែលត្រូវបានផ្ញើរចេញ ពីស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា (From: Cambodia Phnom Penh) ទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក (To: Secretary of State) ក្នុង​​អំឡុង​ខែ​មិថុនា ឆ្នាំ​២០០២។ ទស្សនាវដ្ដីសូមអញ្ជើញប្រិយមិត្តអ្នកអាន ចុះទៅអានទូរសារនោះ នៅ​ខាង​ក្រោម​អត្ថបទ​នេះ ដែល​ស្ថិតក្នុងសភាពច្បាប់ដើម និង​សរសេរជាភាសាអង់គ្លេស។

ឯកសារសារភាព...

ឯកសារមួយទៀត ដែលទស្សនាវដ្ដីទទួលបានដែរនោះ ជាសំបុត្រសារភាពកំហុស ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ​១៩៧៨ របស់លោក វ៉ាន់ ពីនី គណៈមន្ទីរកែប្រែ ក.១៧ ផែនរណសិរ្យ នៅចំពោះ«អង្គការ (របបខ្មែរ​ក្រហម)» ដែល​បាន​អះអាង​ក្នុងឃ្លាមួយ ត្រង់ចំណុចលេខរៀងទី៩៤ យ៉ាងដូច្នេះថា៖ «ហោ ណាំហុង សមាជិក​គណកម្មា​ធិការ​មន្ទីរ ក.១៧ បឹងត្របែក»។ លោក វ៉ាន់ ពីនី នេះ ជាអតីតប្រធានមន្ទីរកែប្រែ «ក.១៧» ឬ​បឹង​ត្របែក របស់​របប​ខ្មែរ​ក្រហម ហើយត្រូវបានចាប់ខ្លួន ដោយរបបនេះដដែល នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ​១៩៧៧ មុននឹងលោក ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន នៅមន្ទីរកែប្រែ «ស.២១» ឬទួលស្លែង ហើយត្រូវបានសម្លាប់ នៅ​ក្រោយ​ការ​សារភាពនោះ។ យ៉ាង​ណាក៏ដោយ ក៏ឯកសារសារភាព របស់លោក វ៉ាន់ ពីនី មិនអាច​ត្រូវ​បាន​បញ្ជាក់​ច្បាស់​លាស់ ពីប្រភព និង​ពីច្បាប់ដើមរបស់វា ថាស្ថិតក្នុងទម្រង់បែបនេះ ឬបែបណាឡើយ។

ការលាបពណ៌...

នៅចំពោះព្យុះសង្ឃរា ដែលត្រឡប់មកបោកបក់លើរូបលោក ខណៈវាបានស្ងប់ទៅវិញ អស់មួយ​រយៈ​ពេល​ទៅ​ហើយ​នោះ លោក ហោ ណាំហុង បាន​សម្តែង​ការឈឺចាប់​ នៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២១ ខែ​វិច្ឆិកា​នេះ ចំពោះពាក្យសម្ដី ដែលលោកហៅថា ជាការ«លាបពណ៌»របស់លោក សម រង្ស៊ី មកលើរូបលោក និង​គ្រួសារ។ លោកបាន​រំឭកថា សាច់ញាតិ​របស់​លោក​ជិត ៣០​នាក់ ​ត្រូវបាន​សម្លាប់​ជា​បន្តបន្ទាប់ ​នៅក្នុង​គុក​​បឹង​ត្របែក ​នា​សម័យខ្មែរក្រហម។​ បន្ថែមពីលើនេះ រដ្ឋមន្ត្រី​​ការបរទេស​កម្ពុជា​ បានធ្វើការអំពាវនាវ ​ឱ្យ​អាជ្ញា​ធរ​មាន​សមត្ថកិច្ច ​អនុវត្ត​សាលដីកា តាម​ចាប់ខ្លួន​មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ​ដែល​កំពុង​គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស​។​

សូមរំលឹកជូនដែរថា បន្ទាប់ពីការទម្លាយ ឯកសាសម្ងាត់របស់ស្ថានទូតអាមេរិក ដោយ វីគីលីគ កាល​ពី​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ២០១១នោះហើយ លោក ហោ ណាំហុង ខ្លួនលោកបាន​កោះហៅ លោក «Jeff Daigle» អនុប្រធាន​បេសកកម្ម និង​ជា​ភារធារី​ នៃ​ស្ថានទូត​​អាមេរិក ​ប្រចាំ​ក្នុងរាជធានី​ភ្នំពេញ ដើម្បី​សំដែង​​ការ​​តវ៉ា​ជំទាស់​​នឹង​​របាយ​ការណ៍​​នោះ ហើយ​ទាមទារ​ឲ្យ​មាន​ការ​កែ​តម្រូវ។ នេះបើតាមសេចក្ដីថ្លែងការណ៍ របស់​ក្រសួង​​​ការបរទេស​​កម្ពុជា កាល​​ពី​​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ២០១១ កន្លងមក។

ដោយឡែក លោក នី ចរិយា មន្រ្តីស៊ើបអង្កេត​នៃសមាគមការពារសិទ្ធិមនុស្ស​អាដហុក ធ្លាប់បានផ្តល់​កិច្ច​សម្ភាស ជា​មួយ​​ទស្សនាវដ្តីថា លោក សម រង្ស៊ី បានឈ្នះក្តីជាមួយលោក ហោ ណាំហុង ក្នុងរឿងដដែលនេះ នៅ​តុលាការ​កំពូល​នៃប្រទេសបារាំង ហើយលោក ហោ ណាំហុង ក៏បានទទួលយកយុត្តាធិការ នៃការ​សម្រេច​​សេចក្តី​របស់​តុលាការ​​បារាំងនោះដែរ។ បើដូច្នេះ វាដូចជាចម្លែកបន្តិច ដែលលោក ហោ ណាំហុង មក​​សម្ដែង​​ការ​ឈឺចាប់​នៅ​ពេល​នេះ ពីក្នុងសំនុំរឿងដដែល និងដែលត្រូវបានទុកចោល រហូតអស់​អាជ្ញាយុ​កាល នៃ​​បណ្តឹ​ង​នៅ​សាលា​ឧទ្ធរណ៍ ទៅហើយនោះ។ ប៉ុន្តែប្រវត្តិសាស្ត្រ នៅតែមានការកត់ត្រាជាប់រហូត។ បើ​ទោះ​ជា​ពេល​នេះ គេអាចបង្ខំ ឲ្យ​ផ្លាស់​ប្ដូរ​ប្រវត្តិសាស្ត្រ ឬយ៉ាងណាក្ដី តែគេមិនអាចមើលឃើញពីអ្វី ដែល​នឹង​កើត​​ឡើង នៅ​ក្នុង​ពេលអនាគត​នោះ​ឡើយ៕


» ឯកសារ វីគីលីគ និយាយពីរទូរសារសម្ងាត់ របស់ស្ថានទូតអាមេរិកនៅកម្ពុជា ផ្ញើរទៅរដ្ឋមន្ត្រី​ការបរទេស​អាមេរិក៖

» ឯកសារសារភាពកំហុស របស់លោក វ៉ាន់ ពីនី (នឹងត្រូវត្រួតពិនិត្យឡើងវិញ ដើម្បីបញ្ជាក់ពីច្បាប់ដើម​របស់​វា)៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...