សមាជិក​ទាំង៩ របស់ គ.ជ.ប ថ្មី ​ត្រូវ​បាន​បក្ស​ទាំង​ពីរ​សម្រេច​ជា​ផ្លូវ​ការ

សមាសភាពសមាជិកទាំង៩ របស់គ.ជ.ប ថ្មី ត្រូវបានគណបក្សទាំងពីរ ដែលមានសម្លេងក្នុងរដ្ឋសភា សម្រេច និង​ឯកភាព​គ្នា​រួច​រាល់​ហើយ នាព្រឹកថ្ងៃទី៨ ខែមេសានេះ បន្ទាប់ពីទទួលបាន បញ្ជីឈ្មោះសរុប ទាំង២៤រូប ពីរដ្ឋសភា កាលពីថ្ងៃទី៧ ខែមេសា ម្សិលម៉ិញនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី៨ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 08, 2015
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាមួយនឹងការសម្រេចទទួលស្គាល់ លើសមាជិក គ.ជ.ប ថ្មីនេះ គណបក្សប្រជាជនកម្ពុជា បានកំណត់បេក្ខភាពម្នាក់ ក្នុង​ចំណោមបេក្ខភាព ទាំងបួនរូប ដែលខ្លួនគាំទ្រ មានម្នាក់ អាចជាបេក្ខភាព ប្រធាន គ.ជ.ប ថ្មី ដែលមកពីគណបក្ស​ប្រជាជន​កម្ពុជា។ ឯបេក្ខភាព មកពីខាងសង្គមស៊ីវិល លោក ហង្ស ពុទ្ធា ដែលគណបក្សទាំងពីរ បានឯកភាពគ្នានោះ មិន​បាន​បញ្ជាក់​ថា ជាប្រធានឡើយ។

តាមលិខិតផ្លូវការមួយ របស់គណបក្សប្រជាជនកម្ពុជា ដែលចុះហត្ថលេខា ដោយលោក ហ៊ុន សែន ជំនួសមុខ​ឲ្យ​គណអចិន្ត្រិយ៍ (អនុប្រធានគណបក្ស) និងជានាយករដ្ឋមន្រ្តីកម្ពុជា បានគាំទ្រ ទៅលើបេក្ខភាពចំនួន៤រូប របស់​គណបក្ស​ខ្លួន ឲ្យធ្វើជាសមាជិក គ.ជ.ប ថ្មីនោះ ពីក្នុងចំណោមបេក្ខជន ទាំង២៤រូប ដែលបានដាក់ពាក្យ និងជាប់ជាផ្លូវការ ដែល​សម្រេច​ដោយរដ្ឋសភា កាលពីថ្ងៃទី៧ ខែមេសា ម្សិលម៉ិញនេះ។ លោកនាយករដ្ឋមន្រ្តី បានសម្រេចជ្រើសរើសលោក ស៊ិក ប៊ុនហុក ដែលបានសរសេរក្នុងលិខិតនោះថា ជាប្រធាន ឯលោក មាន សទិ - លោក ឌុច សុន និងលោក ឯម សូផាត ជា​សមាជិក។

ឯក្នុងលិខិត របស់គណបក្សសង្គ្រោះជាតិ ដែលមានលោក សម សង្ស៊ី ជាអ្នកចុះហត្ថលេខាវិញ បានធ្វើការជ្រើសរើស លោក គួយ ប៊ុនរឿន, លោក រ៉ុង ឈុន, លោក ហ៊ីង ធីឫទ្ធិ និងអ្នកស្រី តែ ម៉ានីរ៉ុង ជាសមាជិកថ្មី របស់ គ.ជ.ប ដែរ តែ​មិន​បានបញ្ជាក់ ថា បេក្ខភាពទាំង៤រូបនេះ ឬបេក្ខភាពម្នាក់ មកពីសង្គមស៊ីវិល លោក ហង្ស ពុទ្ធា នោះ ជាប្រធាន ឬ​អនុប្រធាន​ឡើយ។

ដោយឡែក សមាជិកទី៩ ដែលចេញមកពីសង្គមស៊ីវិល ក្រោមការឯកភាពគ្នា រវាងគណបក្សប្រជាជនកម្ពុជា និង​គណបក្ស​សង្គ្រោះជាតិនោះ គឺបានសម្រេចយក នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត ដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC) លោក ហង្ស ពុទ្ធា។ គណបក្សទាំងពីរក៏បាន បានផ្ញើរលិខិតនេះ ទៅ​កាន់​រដ្ឋសភារួចរាល់ហើយ នាព្រឹកនេះ ដើម្បីស្នើការគាំទ្រ និងបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ទៅលើសមាសភាព ប្រធាន អនុប្រធាន និងសមាជិកផ្សេងទៀត របស់ គ.ជ.ប នាថ្ងៃទី១៣ ខែមេសាខាងមុខ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់បន្ថែម ពីមន្រ្តីនាំពាក្យនៃគណបក្សទាំងពីរបានឡើយ ដោយគ្មាន​អ្នក​ទទួលទូរស័ព្ទ។ ឯអ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន មិនអាចភ្ជាប់ទំនាក់ទំនងបាន។

សូមអានលិខិតទាំងអស់ខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...