ដើម្បីតុលាការអាចប៉ះតំណាងរាស្ត្របាន តើមាននិតិវិធីអ្វីខ្លះ?
- ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 21, 2014
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អភ័យឯកសិទ្ធតំណាងរាស្ត្រ - លើកលែងតែបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ដូចជា«ចោរកម្ម បង្ករបួសស្នាម ឃាតកម្ម ឬការបំពារបំពានដោយផ្ទាល់ (ចាប់រំលោភ ...)» តំណាងរាស្ត្រមួយរូប នឹងមិនត្រូវបានតុលាការ ធ្វើការចោទប្រកាន់ ឬមន្ត្រីនគរបាលយុត្តិធម៌ ធ្វើការចាប់ចងស្រេចនឹងចិត្តនោះទេ។ ប៉ុន្តែក្នុងករណីមួយចំនួន ដូចជាតំណាងរាស្ត្រនោះ មានជាប់ទាក់ទងនឹងការរត់គ្រឿងញៀន ឬការលាងសម្អាតលុយកខ្វក់ជាដើម (ដែលជាបទល្មើសមិនផ្ទាល់) តុលាការអាចបើកការស៊ើបអង្កេត ប៉ុន្តែនៅតែមិនអាចចាត់និតិវិធី ចោទប្រកាន់ ឬចាប់ចងតំណាងរាស្ត្ររូបនោះ បានឡើយ។
ច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសកម្ពុជា មាត្រា៨០ បានចែងថា៖
«តំណាងរាស្ត្រ មានអភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្ររូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួនឬឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិ ក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។
ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ ក្នុងករណីខាងក្រោយនេះ ក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្ដីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាជាបន្ទាន់ ដើម្បីសម្រេច។
សេចក្ដីសម្រេច របស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។ ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់តំណាងរាស្ត្រណាមួយត្រូវផ្អាក ប្រសិនបើរដ្ឋសភាបានបញ្ចេញមតិ ឱ្យផ្អាកតាមមតិភាគច្រើនបីភាគបួន នៃចំនួនសមាជិករដ្ឋសភាទាំងមូល។»
នៅក្នុងវាក្យខណ្ឌទីពីរខាងលើ បើទោះជានៅក្នុងករណីបទល្មើសជាក់ស្ដែង ដែលបានសេចក្ដីថា តំណាងរាស្ត្រជាប់ពិរុទ្ធរូបនោះ ត្រូវបានចាប់ខ្លួនហើយក៏ដោយ ក៏ចាំបាច់ត្រូវក្រសួងមានសមត្ថកិច្ច (ដូចជាក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងមន្ត្រីនគរបាល ឬក្រសួងយុត្តិធម៌ ដែលស្និតនឹងស្ថាប័នតុលាការជាដើម) រាយការណ៍ជូនរដ្ឋសភា ដើម្បីសម្រេចលើការដកចេញនូវអភ័យឯកសិទ្ធតាមក្រោយដែរ។
មតិមួយចំនួន បាននិយាយនៅក្រោយព្រឹត្តិការណ៍ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ពីការចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំង ច្រើនរូប ថាជាករណីបទល្មើស«ជាក់ស្ដែង» បើទោះជាមន្ត្រីទាំងនេះ រាប់ជាតំណាងរាស្ត្រពេញសិទ្ធិក៏ដោយ ដោយសារតែក្រុមបាតុករតវ៉ា ក្រោមការដឹកនាំរបស់មន្ត្រីបក្សប្រឆាំង បានតដៃធ្វើការវាយសំពង បកទៅលើកងសន្តិសុខស៊ីឈ្នួលវិញ ធ្វើឲ្យមានរបួសច្រើននាក់។
សកម្មភាពរបស់មន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិទាំងនោះ ជាបាតុកម្មតវ៉ាបញ្ចេញមតិ។ ដូច្នេះគេត្រូវយកច្បាប់ ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី របស់ប្រទេសកម្ពុជា មកមើលនិងអនុវត្ត។ មាត្រាមួយ នៅក្នុងច្បាប់នេះ បានចែងថា៖ «ប្រសិនបើដំណើរការ នៃការធ្វើបាតុកម្មដោយសន្តិវិធី បង្កជាអំពើហិង្សា បណ្ដាលឲ្យអន្តរាយ ដល់ទ្រព្យសម្បត្តិឯកជនក្តី ឬទ្រព្យសម្បត្តិសាធារណៈក្តី ការជួសជុលការខូចខាត ត្រូវជាបន្ទុករបស់ជនល្មើស និងអ្នកសមគំនិត។ មួយវិញទៀត ជនណាដែលបានប្រព្រឹត្តល្មើស បណ្ដាលឲ្យអាជ្ញាធរមានសមត្ថកិច្ច ឬបាតុករ ឬបុគ្គលដទៃទៀតមានរបួសស្នាម ឬបណ្ដាលឲ្យស្លាប់ ជននោះ (ជនល្មើស និងអ្នកសមគំនិត) នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។»
តើឃ្លា«ត្រូវជាបន្ទុករបស់ជនល្មើស និងអ្នកសមគំនិត» អាចត្រូវយកមកបកស្រាយ ដើម្បីដាក់បន្ទុកលើ មន្ត្រីគណបក្សប្រឆាំងទាំងនោះបានឬទេ? តើមានមនុស្សបានឃើញ និងមានភស្ដុតាងបង្ហាញថា មន្ត្រីទាំងនោះជាជនដៃដល់ (ដែលអាចចោទ ជាករណីបទល្មើសជាក់ស្ដែង) ឬជាអ្នកបញ្ជា ឬអ្នកគ្រោងរៀបចំឲ្យមានការវាយតប់ (ដែលអាចចោទ ជាករណីបទផ្សំគំនិត) ហើយឬនៅ? នេះគេនៅមិនទាន់រាប់បញ្ចូន នូវករណីវាយតប់នោះ ថាជាប្រតិកម្មតបតរ ឬការការពារខ្លួនរបស់ក្រុមអ្នកតវ៉ា នៅបន្ទាប់ពីក្រុមមន្ត្រីសន្តិសុខស៊ីឈ្នួល បានបើកការវាយតប់មកលើពួកគេមុន នោះផង។ សូមរំលឹកដែរថា មន្ត្រីសន្តិសុខស៊ីឈ្នួលទាំងនោះ មិនមានយុត្តិកម្មខាងផ្លូវច្បាប់សូម្បីបន្តិចឡើយ ក្នុងការមកធ្វើអន្តរាគម នៅពេលមានបាតុកម្មសម្ដែងមតិរបស់ពលរដ្ឋ។
ប៉ុន្តែការពន្យល់បកស្រាយច្បាប់ ដោយមហាបណ្ឌិតមកកពីទើសមេឃណាក៏ដោយ វានឹងមិនអាចទៅរួចទេ នៅពេលដែលការចាប់ចង់តំណាងរាស្ត្រណាម្នាក់ ត្រូវបានធ្វើដោយសារមូលហេតុ«នយោបាយ»។ ជាពិសេសនៅពេលដែល ស្ថាប័នបកស្រាយ និងយល់ពីច្បាប់ ត្រូវបានធ្វើឲ្យ«ឃ្លោង»ឬ«អណ្ដែត» ដោយសារតែ«នយោបាយ»ដែរនោះ៕