តុលាការកោះហៅព្រះសង្ឃ ប៊ុត ប៊ុនតិញ - ប៉ា ងួនទៀង - មឿន តុលា ក្នុងបណ្ដឹង ពេជ្រ ស្រស់
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ កញ្ញា ២០១៧
- កែប្រែចុងក្រោយ: September 23, 2017
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពាក្យបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបានដាក់ចូល ទៅសាលាដំបូងរាជធានី កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ទទួលបានការចាត់វិធានការ ជាបន្តបន្ទាប់។ លោក គុជ គីមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង បានចេញដីកា នៅថ្ងៃម្សិលម៉ិញ កោះហៅ មនុស្សពាក់ព័ន្ធមួយចំនួន រួមមានព្រះតេជគុណ ប៊ុត ប៊ុនតិញ - លោក ប៉ាង ងួងទៀង និងលោក មឿន តុលា ឲ្យចូលខ្លួនទៅបំភ្លឺ នៅក្នុងពេលវេលាខុសៗគ្នា។
លោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជា សម្រាប់ការផ្សព្វផ្សាយឯករាជ្យ និងលោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា «Central» ត្រូវដីកានោះ បញ្ជាឲ្យចូលខ្លួន នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ (ខុសម៉ោងគ្នាបន្តិច) ខណៈព្រះសង្ឃ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ត្រូវដីកាបញ្ជា ឲ្យចូលព្រះកាយ នៅថ្ងៃទី១១ ខែតុលា។ នេះ តាមដីកាទាំងបីច្បាប់ ដែលបានធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន នៅមុននេះ។
ពាក្យបណ្ដឹង របស់លោក ពេជ្រ ស្រស់ ត្រូវបានដាក់ចូល ទៅតុលាការ ដើម្បីអ្វីមួយ ដែលលោកអះអាងថា ជាការ«បំភ្លឺ»ពីដំណើរស្វែងរកការពិត លើប្រាក់បច្ច័យ បានមកពីការចូលបុណ្យសព លោកបណ្ឌិត កែម ឡី។ ហើយរូបលោកផ្ទាល់ ក៏បានចូលខ្លួន ទៅបំភ្លឺលើពាក្យបណ្ដឹងរបស់លោក តាមការកោះហៅ របស់លោក គុជ គឹមឡុង រួចហើយដែរ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្ស ដែលមិនសូវមានប្រជាប្រិយភាព ក្នុងការបោះឆ្នោតកន្លងមក បានសរសេរក្នុងពាក្យបណ្ដឹងរបស់លោក បង្ហាញការសង្ស័យថា៖ «លុយបុណ្យសព ដែលបងប្អូនចូលបច្ច័យ នាពេលកន្លងមកនោះដែល ស្ថិតក្នុងការគ្រប់គ្រង របស់គណៈកម្មការបុណ្យ បានធ្វើឲ្យអ្នកចូលរួមបុណ្យខកចិត្ត និងធ្វើក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ជួបការលំបាកខ្វះខាតថវិកា ចំណាយផ្សេងៗ ជាពិសេសខ្វះខាតថវិកា ចំណាយលើការសាងសង់ចេតិយ ជូនលោកបណ្ឌិត កែម ឡី តែម្តង»។
ប៉ុន្តែទង្វើក្ដីក្ដាំ របស់លោកប្រធានគណបក្សរូបនេះ បានរងប្រតិកម្មពីព្រះអង្គ ប៊ុត ប៊ុនតិញ ក្នុងពេលកន្លងមក ដោយហៅលោក ពេជ្រ ស្រស់ ថាគ្រាន់តែ ជា«អ្នកស៊ីឈ្នួលប្ដឹង»ម្នាក់ប៉ុណ្ណោះ៕