ទ្រង់ រណឫទ្ធិ គាំទ្រការ​ចាប់​ខ្លួន កឹម សុខា

ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ បានប្រកាសគាំទ្រ ទៅលើចំណាត់ការរបស់ អាជ្ញាធររដ្ឋាភិបាលកម្ពុជា ចំពោះ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរងការឃុំខ្លួន នៅក្នុងពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជិតព្រំដែនខ្មែរ-យួន។ ព្រះអង្គម្ចាស់ ថែមទាំងមានបន្ទូលចំអក ទៅដល់លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង នោះផងទៀត។
ទ្រង់ រណឫទ្ធិ គាំទ្រការ​ចាប់​ខ្លួន កឹម សុខា
ពីឆ្វេងទៅស្ដាំ៖ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ និងលោក ហ៊ុន សែន កាលពីនៅជានាយករដ្ឋមន្ត្រីទី១ និងទី២ នៃព្រះរាជាណាចក្រ។ (រូបថត EPA)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ កញ្ញា ២០១៧
  • កែប្រែចុងក្រោយ: September 23, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«អ្វីមួយ ដែលសម្ដេច (ហ៊ុន សែន) ធ្វើ គឺគណបក្សហ្វ៊ុនស៊ិនប៉ិច គាំទ្រទាំងអស់» នេះជាបន្ទូលរបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ បន្ថែមពីលើការគាំទ្ររបស់ព្រះអង្គ និងគណបក្សហ្វ៊ុនស៊ិនប៊ិច ចំពោះការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីដើមខែកញ្ញានេះ ក្រោមបទចោទពីសំណាក់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញការថ្លែងមួយ របស់ប្រធានគណបក្សប្រឆាំង កាលពីជិត៤ឆ្នាំមុន។

នៅចំពោះអង្គសមាជវិសាមញ្ញ របស់គណបក្សហ៊្វុនស៊ិនប៉ិច នៅមណ្ឌលកោះពេជ្រ ក្នុងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីផ្លាស់ប្តូររូបសញ្ញាថ្មី​ និង​កែសម្រួល​ប្រការ​មួយចំនួននៃលក្ខន្តិកៈ របស់គណបក្ស ឲ្យស្របតាមច្បាប់ថ្មី ស្តីពីគណបក្សនយោបាយនោះ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ បានឲ្យដឹងថា៖ «ខ្ញុំបានសសេរសំបុត្រមួយ ទៅជូនសម្តេច ហ៊ុន សែន ក្នុងនាមខ្ញុំ ជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ថាអ្វីមួយដែលសម្តេចធ្វើ ចំពោះលោក កឹម សុខា ដែលខ្ញុំស្គាល់ច្បាស់ និងលោក សម រង្សី ទៀត​ គឺរាំងហើយបានស៊ីទៀត គឺអត់ស៊ីមុនទេ គឺចាំរាំងសិន (...) គឺគណបក្សហ្វ៊ុនស៊ិនប៉ិចគាំទ្រទាំងអស់»។

រាជបុត្ររបស់អតីតព្រះមហាក្សត្រ នរោត្ដម សីហនុ បានបន្តបន្ទូលទៀតថា «ប្រសិនបើលោក កឹម​ សុខា ពិតជាអ្នកស្នេហាជាតិពិតប្រាកដមែន មិនបាច់ទៅពឹងពាក់បរទេស មកជួយគណបក្សរបស់ខ្លួន និងក្រុមខ្លួននោះទេ។ ហេតុអ្វីមិនពឹងពាក់ លើពលរដ្ឋខ្មែររបស់ខ្លួនទៅវិញ បើខ្លួនជាអ្នកស្នេហាជាតិពិតនោះ?»។

ប្រធានគណបក្សប្រឆាំង ធំជាងគេនៅកម្ពុជា លោក កឹម សុខា ត្រូវបានមន្ត្រីប្រដាប់ដោយអាវុធ ចូលទៅចាប់ខ្លួន នៅយប់រំលងអាធ្រាត្រ ឈានចូលព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងគេហដ្ឋានរបស់​លោក ដែលស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីវីដេអូ នៃការថ្លែងផ្ទាល់មាត់មួយរបស់លោក ត្រូវបានយកមកបង្ហោះឡើងវិញ នៅប៉ុន្មានថ្ងៃ មុនដំណើរឈានទៅដល់ការចាប់ខ្លួន។

បើទោះជាលោក នៅមានអភ័យឯកសិទ្ធិសភាក៏ដោយ ក៏ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានី សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន ក្រោមបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ឬ«ការឃុបឃិតជាមួយបរទេស» ដែលមានចែកក្នុងបទល្មើស «ក្បត់ជាតិ» នៃក្រមព្រហ្មទណ្ឌកម្ពុជា។

ការចាប់ខ្លួន និងការឃុំខ្លួននោះ ត្រូវបានគណបក្សសង្គ្រោះជាតិ ប្រកាសថ្កោលទោស និងទាមទារឲ្យដោះលែងវិញ ជាបន្ទាន់។ ខុសពីប្រទេសចិន ដែលប្រកាសគាំទ្ររដ្ឋាភិបាលលោក ហ៊ុន សែន ស្ថាប័នអន្តរជាតិក្នុងពិភពលោក ដូចជាអង្គការសហប្រជាជាតិ  សហភាពអ៊ឺរ៉ុប អង្គការអន្តរជាតិជាច្រើន រួមនឹងប្រទេសធំៗដូចជា អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ អូស្ត្រាលី កាណាដា ជាដើម បាន​សម្តែង​ការព្រួយបារម្ភ បែបការទូតរបស់ផងខ្លួន នៅចំពោះ​ការចាប់​ខ្លួននេះ និងព្រមានពីការប៉ះពាល់ ដល់ភាពស្របច្បាប់ នៃការបោះឆ្នោតជាតិ ក្នុងឆ្នាំខាងមុខ ប្រសិនណាជាគណបក្សប្រឆាំង នៅតែត្រូវបានរឹតត្បិត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...