ហ៊ុន សែន ថាមិនបានដឹង ពីការដូរឈ្មោះភ្នំបូកគោ

បុរសខ្លាំងកម្ពុជា បានអះអាងថា លោកមិនបានដឹង ពីការដូរឈ្មោះ រមណីយដ្ឋានភ្នំបូកគោ ឲ្យទៅជាឈ្មោះផ្សេងនោះទេ។ ជាការអះអាង ដែលបានធ្វើឡើង បន្ទាប់ពីដំណឹងនៃការប្ដូរឈ្មោះ រមណីយដ្ឋានប្រវត្តិសាស្ត្រ ពីឈ្មោះមុន «ឋានសួគ៌បូកគោ» មកជា «សុខាឋានសួគ៌»វិញ បានផ្ទុះឡើងយ៉ាងភ្ញាក់ផ្អើល ក្នុងថ្ងៃនេះ។
ហ៊ុន សែន ថាមិនបានដឹង ពីការដូរឈ្មោះភ្នំបូកគោ
ពីឆ្វេងទៅស្ដាំ៖ ក្លោងទ្វាឈ្មោះថ្មី «រមណីយដ្ឋានសុខាឋានសួគ៌» និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ កញ្ញា ២០១៧
  • កែប្រែចុងក្រោយ: September 23, 2017
  • ប្រធានបទ: ទេសចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ត្រូវរាប់ថា ប្រទេសកម្ពុជា ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺជាភ័ពសំណាងមួយខ្ពស់ណាស់។ យ៉ាងហោចណាស់ បុរសខ្លាំងកម្ពុជារូបនេះ បានធ្វើប្រតិកម្មខ្លាំងៗ នៅមុននេះបន្តិច ទៅនឹងការដូរឈ្មោះរមណីយដ្ឋាន ឋានសួគ៌បូកគោ ឲ្យទៅជាឈ្មោះមួយផ្សេង ដែលគ្មានពាក្យ«បូកគោ» បន្តទៅទៀត ពីសំណាក់ក្រុមហ៊ុនសុខា ដែលធ្វើវិនិយោគ នៅទីនោះ។

លោក ហ៊ុន សែន ដែលមានតំណែង ជាប្រធានគណបក្សប្រជាជនកម្ពុជា (កំពុងកាន់អំណាច) នោះផង បានសរសេរនៅលើទំព័រហ្វេសប៊ុក របស់លោកថា៖ «សូមអរគុណ បងប្អូនជនរួមជាតិ ដែលបានឲ្យខ្ញុំដឹង ពីការដូរឈ្មោះរមណីយដ្ឋានភ្នំបូកគោ ទៅជាឈ្មោះផ្សេង ដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនបានដឹង និងមិនបានអនុញ្ញាត»។

លោកបន្តថា៖ «ខ្ញុំបានបញ្ជារអោយអភិបាលខេត្តកំពត ទៅដកហូតចេញ នូវផ្លាកសញ្ញាអត់ច្បាប់ចេញ អោយបានមុនម៉ោង ១១ ថ្ងៃនេះ (ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧)»។

សារបង្ហោះខាងលើ មានអមមកជាមួយ នូវរូបថតរបស់លោកនាយករដ្ឋមន្ត្រី ក្នុងឯកសណ្ឋានជា«មេទ័ព» រួមនឹងពាក្យពេជន៍​សង្កត់ធ្ងន់ថា៖ «តំបន់ប្រវត្តិសាស្ត្រ ត្រូវតែរក្សាឈ្មោះដើម ជាដាច់ខាត»។

បញ្ជារបស់លោក ហ៊ុន សែន ត្រូវបានមន្ត្រីអាជ្ញាធរ នៅខេត្តកំពតអនុវត្តន៍តាមភ្លាម យ៉ាងមានប្រសិទ្ធិភាព។ ឈ្មោះថ្មី «សុខាឋានសួគ៌» របស់រមណីយដ្ឋាននោះ ត្រូវបានអភិបាលខេត្តកំពត លោក ចាន់ ចេស្តា ជាមួយនឹងមន្ត្រីអាជ្ញាធរខេត្ត ចុះទៅរុះរើចេញ អស់ជាស្ថាពរហើយ នៅវេលានេះ។

 

ក្រុមហ៊ុន សុខា ដែលគេស្គាល់ថា ជារបស់លោក សុខ គង់ មានដើមកំណើត​យួន​មួយ​រូប បានចេញសេចក្ដីជូនដំណឹងមួយ សម្រេចប្តូរឈ្មោះរមណីយដ្ឋាននេះ ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧មក ពី «រមណីយដ្ឋានឋានសួគ៌បូកគោ» ទៅជា «រមណីយដ្ឋានសុខាឋានសួគ៌»។ សេចក្តីជូនដំណឹង ដែលមានរៀបរាប់ ពីការផ្លាស់ប្ដូរផ្សេង ជាច្រើនទៀតនោះ មិនបានបញ្ជាក់ ពីមូលហេតុ នៃការផ្លាស់ប្តូរឈ្មោះ រមណីយដ្ឋាន​នេះឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...