សុខ ទូច ថាកម្ពុជាកំពុងជាប់គាំងនយោបាយ ដោយយោងលើ៣ចំណុច
ចាប់ពីក្រោយការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៣មក គណបក្សប្រជាជនកម្ពុជាបានអះអាងថា ប្រទេសកម្ពុជាមិនមាន ភាពជាប់គាំងនយោបាយនោះទេ។ រីឯគណបក្សសង្រ្គោះជាតិ បានអះអាងផ្ទុយពីនេះថា ប្រទេសកម្ពុជាកំពុងមានភាពជាប់គាំងនយោបាយ។ តែសម្រាប់អ្នកវិភាគនយោបាយឯករាជ្យបានលើកឡើងថា មានកត្តា៣សំខាន់ ដែលគេអាចវាយតម្លៃថា ប្រទេសកម្ពុជា កំពុងមានភាពជាប់គាំងនបោយ ដោយមិនអាចប្រកែកបាន។
អ្នកវិភាគនយោបាយឯករាជ្យកម្ពុជាលោកបណ្ឌិត សុខ ទូច។ (រូបថត ហ្វេសប៊ុក)
នយោបាយកម្ពុជា - អ្នកវិភាគនយោបាយឯករាជ្យកម្ពុជាលោកបណ្ឌិត សុខ ទូច បានអត្ថាធិប្បាយប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៤ ខែកុម្ភៈ នេះថា ស្ថានការណ៍នយោបាយរបស់ប្រទេសកម្ពុជា មានភាពជាប់គាំងនយោបាយ តាំងពីក្រោយការបោះឆ្នោតជាតិ ខែកក្កដា មកម្លេះ ហើយវិបត្តិនយោបាយនេះ នឹងត្រូវបិទបញ្ចប់នៅពេលណា គឺអាស្រ័យលើការសម្រេចចិត្តផ្នែកនយោបាយរបស់មេដឹកនាំកំពូលនៃគណបក្សទាំងពីរ។ លោក សុខ ទូច ពន្យល់ថា ប្រទេសកម្ពុជា កំពុងមានវិបត្តិនយោបាយ គឺគេមើលទៅលើទិដ្ឋភាព៣សំខាន់ៗ ក្នុងនោះរួមមាន៖
ទី១. រដ្ឋធម្មនុញ្ញកម្ពុជា ត្រង់មាត្រា«១» បានចែងច្បាស់ណាស់ថា ប្រទេសកម្ពុជាជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ សួរថា តើឥឡូវហ្នឹងប្រទេសកម្ពុជា មិនមានវិបត្តិនយោបាយ ហើយប្រទេសបានដើរតាមរដ្ឋធម្មនុញ្ញហើយឬនៅ? បើក្នុងសភា មានគណបក្សតែមួយ ហើយគណបក្សមួយទៀត មិនព្រមចូលសភា ហើយកំពុងតែបន្តការតវ៉ា។ គេបោះឆ្នោតឲ្យពហុបក្ស តែឥឡូវមានតែគណបក្សមួយនៅក្នុងសភា ហើយថាមិនជាប់គាំងយ៉ាងម៉េច?
ទី២. គេត្រូវមើលលើសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ឥឡូវនេះបណ្តាប្រទេសមួយចំនួន និងអង្គការមួយចំនួន ដែលជាដៃគូរសំខាន់ ក្នុងការផ្តល់ជំនួយ និងកម្ចី ដើម្បីដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជា គេបានបង្កកកិច្ចសន្យា ដោយសារគណបក្សប្រជាជកម្ពុជា និងគណបក្សសង្រ្គោះជាតិ មិនទាន់ត្រូវគ្នា។
ទី៣. គេត្រូវមើលលើទិដ្ឋភាពសង្គម ហើយទិដ្ឋភាពសង្គមកម្ពុជាបច្ចុប្បន្ននេះ បានប្រេះស្រាំតាំងពីថ្នាក់លើរហូតដល់ក្រោម។ អ្នកមាននិន្នាការទៅរកគណបក្សប្រជាជកម្ពុជា ត្រូវបានគេចោទប្រកាន់ថា«យួន» ឬមិនស្មោះត្រង់នឹងប្រទេសជាតិ។ រីឯអ្នកមាននិន្នាការទៅរកគណបក្សសង្រ្គោះជាតិ ត្រូវគេចោទថា «ពួកប្រឆាំង»។ បញ្ហា និងវិវាទ ទាំងអស់ហ្នឹងហើយ ដែលបង្ហាញថា ប្រទេសកម្ពុជា កំពុងមានភាពជាប់គាំងផ្នែកនយោបាយ។
ជុំវិញករណីនេះទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និងមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើការអត្ថាធិប្បាយបាននៅឡើយទេ។ តែបើយោងលើ មន្រ្តីរបស់ស្ថាប័នទាំងនោះ រាប់ចាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ជាម យៀប មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានអះអាង ជាបន្តបន្ទាប់ និងជារឿយៗថា ប្រទេសកម្ពុជា កំពុងដំណើរការទៅមុខយ៉ាងរលូន ហើយមិនមានភាពជាប់គាំងផ្នែកនយោបាយនោះទេ។
តែការអះអាងរបស់មន្រ្តីគណបក្សប្រជាជនកម្ពុជា ត្រូវបានក្រុមមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ដែលបានបន្តធ្វើពហិការ មិនចូលប្រជុំសភា តាំងពីក្រោយការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៣ ច្រានចោលជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ បានចោទប្រកាន់ រដ្ឋាភិបាល និងរដ្ឋសភា«ឯកបក្ស» បច្ចុប្បន្ន ថាត្រូវបានបង្កើតឡើង ដោយរំលោភរដ្ឋធម្មនុញ្ញ។
យ៉ាងណាក៏ដោយ ក៏វិបត្តិនយោបាយកម្ពុជា ត្រូវបានគេមើលឃើញថា ទំនងជាអាចទម្លាយភាពជាប់គាំងក្នុងពេលដ៏ខ្លីខាងមុខនេះ ព្រោះគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានផ្តើម ចរចាជាមួយគ្នាជាបន្តបន្ទាប់។ ហើយការចរចាជាថ្មី គ្រោង នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ ដោយមានតំណាងម្ខាង៦នាក់ មកពីគណបក្សទាំងពីរ៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ កុម្ភៈ ២០១៤