កឹម សុខា៖ កាកបាទ​ក្រហម​កម្ពុជា​ធ្វើ​ការ​លំអៀង

ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានចាត់ទុកសកម្មភាព របស់កាកបាទក្រហមកម្ពុជា ថាធ្វើ​ឡើងដោយគ្មានយុត្តិធម៌។ ការចោទប្រកាន់ របស់អនុប្រធានគណបក្សជំទាស់រូបនេះ ក៏ព្រោះតែកាកបាទ​ក្រហម​កម្ពុជា ផ្តល់បា្រក់ឧបត្ថមភ្លាមៗចំនួន៥លានរៀល និងសម្ភារៈជាច្រើន ដល់ក្រុមសន្តិសុខសាលារាជធានីភ្នំពេញ ដែលរងរបួសក្នុងការប៉ះទង្គិចគ្នា ពីថ្ងៃម្សិលមិញ ខណៈក្រុមបាតុករដែលរងរបួសដែរ មិនត្រូវទទួលបាន​ជំនួយ​ពី​ស្ថាប័នរដ្ឋមួយនេះទេ។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៦ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 16, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានចាត់ទុកសកម្មភាព របស់កាកបាទក្រហមកម្ពុជា ថាធ្វើ​ឡើងដោយគ្មានយុត្តិធម៌។ ការចោទប្រកាន់ របស់អនុប្រធានគណបក្សជំទាស់រូបនេះ ក៏ព្រោះតែកាកបាទ​ក្រហម​កម្ពុជា ផ្តល់បា្រក់ឧបត្ថមភ្លាមៗចំនួន៥លានរៀល និងសម្ភារៈជាច្រើន ដល់ក្រុមសន្តិសុខសាលារាជធានីភ្នំពេញ ដែលរងរបួសក្នុងការប៉ះទង្គិចគ្នា ពីថ្ងៃម្សិលមិញ ខណៈក្រុមបាតុករដែលរងរបួសដែរ មិនត្រូវទទួលបាន​ជំនួយ​ពី​ស្ថាប័នរដ្ឋមួយនេះទេ។


លោកស្រី ប៊ុន រ៉ានី ហ៊ុន​ សែន ទៅបោះឆ្នោត កាលពីអណត្តិទីបួន។ (រូបថត ឯកសារ)

យុត្តិធម៌ - លោកកឹម សុខា អនុប្រធាន និងជាប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ បានលើកឡើងថា កន្លងមក​មាន​ប្រជាពលរដ្ឋខ្មែរច្រើនណាស់ ដែលបានរងគ្រោះពីបញ្ហាផ្សេង ពិសេសបាតុកររងការបង្រ្កាបពីកម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល ហើយស្ថានភាពដុនដាបរបស់ពួកគេ សាកសមទទួលបានជំនួយជាបន្ទាន់ ពីស្ថាប័នកាកបាទក្រហម​កម្ពុជា។ តែផ្ទុយទៅវិញ ពួកគេមិនបានទទួលអ្វីនោះទេ។

ថ្លែងក្នុងសន្និសីទការសែត នៅទីស្នាក់ការកណ្តាលគណបក្សរបស់ខ្លួន ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ នេះ លោកកឹម សុខា បានសង្កត់ធ្ងន់ថា៖ «កាកបាទក្រហមកម្ពុជាជួយតែមួយជំហៀង បង្ហាញថាមិនមែនជាកាកបាទ​ក្រហម​ពិត​ប្រាកដ ព្រោះស្ថាប័នរដ្ឋនេះ ត្រូវមានកាតព្វកិច្ចអព្យាក្រិត្យ ជួយជនរងគ្រោះទាំងអស់ មិនរើសអើង។»


ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ក្នុងសន្និសីទសារព័ត៌មាន ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. bory)

កាកបាទក្រហមកម្ពុជាដែលមានលោកស្រី ប៊ុន រ៉ានីហ៊ុនសែន ជាភរិយារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជា​ប្រធាន បានផ្តល់ជំនួយដល់ក្រុមសន្តិសុខ សាលារាជធានីភ្នំពេញចំនួន២៣នាក់ ដែលរងរបួសធ្ងន់ ដោយក្នុង​ម្នាក់ៗ ទទួលបានប្រាក់៥លានរៀល ស្ករស៥គីឡូក្រាម ទឹកដោះគោ២ឡូ ទឹកក្រូច២កេស និងទឹកបរិសុទ្ធ២កេស។ អំណោយ​មនុស្សធម៌នេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីរងរបួសដោយសារការប៉ះទង្គិចគ្នា ជាមួយក្រុមបាតុករ​ដែលគាំទ្រ​គណបក្សសង្គ្រោះជាតិ។ តែក្រុមបាតុករ មិនត្រូវបានទទួលជំនួយមនុស្សធម៌ ដូចក្រុមសន្តិសុខនោះទេ។

ប៉ុន្មានខែមុននេះ ប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ធ្លាប់បានថ្កោលទោសកាកបាទក្រហមកម្ពុជា តាម​រយៈការទទូចឲ្យមានការដាក់សម្ពាធ ពីកាកបាទក្រហមអន្តរជាតិ។ បើតាមប្រធានគណបក្សជំទាស់ដដែលនេះ បាន​ហៅសកម្មភាពកាកបាទក្រហមកម្ពុជា ថាធ្វើឡើងដោយគ្មានយុត្តិធម៌ ព្រោះមានការរើសអើងពណ៌សម្បុរ​នយោបាយ ចំពោះជនរងគ្រោះ។

តែការចោទប្រកាន់របស់ប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី នៅគ្រានោះ ត្រូវបានមន្រ្តីជាន់ខ្ពស់​កាកបាទ​ក្រហមកម្ពុជា វាយតម្លៃថា គ្រាន់ជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងហេតុផលកេងចំណេញ​នយោបាយប៉ុណ្ណោះ។ ហើយថាកាកបាទក្រហមកម្ពុជាមានមូលដ្ឋានច្បាស់លាស់ ដើម្បីវាយតម្លៃចំពោះជនរងគ្រោះ ដែលគួរទទួលបានជំនួយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...