ហ៊ុន សែន គ្រោងកែច្បាប់កុំឲ្យ សម រង្ស៊ី នៅពីក្រោយ CNRP
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៨ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 28, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅចំពោះសមាជិក និងអ្នកគាំទ្ររាប់ពាន់នាក់ ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨ ខែមិថុនានេះ នៅលើមជ្ឈមណ្ឌលកោះពេជ្រ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា លោកស្នើសុំឲ្យសមាជិកសភាព មកពីគណបក្សកាន់អំណាច ពិនិត្យមើលពីលទ្ធភាព ដើម្បីធ្វើវិសោធនកម្មច្បាប់ ស្ដីគណបក្សនយោបាយ ដើម្បីធ្វើយ៉ាងណា រារាំងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ កុំឲ្យនៅពីក្រោយ ឬកុំឲ្យមានទំនាក់ទំនង (ទោះមិនផ្លូវការក៏ដោយ) ជាមួយគណបក្សសង្គ្រោះជាតិ។
លោក ហ៊ុន សែន បានថ្លែងឡើងថា ការធ្វើវិសោធនកម្មច្បាប់ដដែលនេះ កាលពីប៉ុន្មានខែមុន គ្រាន់តែហាមប្រាម កុំឲ្យទណ្ឌិត ដែលមានទោសសម្រេចដោយតុលាការ អាចមកដឹកនាំ ឬជាសមាជិកថ្នាក់ដឹកនាំ របស់គណបក្សនយោបាយតែប៉ុណ្ណោះ។ លោក ហ៊ុន សែន បានសំដៅទៅលោក សម រង្ស៊ី ដោយមិនចេញឈ្មោះ ថាបន្ទាប់ពីពេលនោះមក មេដឹកនាំប្រឆាំងរូបនេះ ដែលបានដាក់លិខិតលាលែងជាផ្លូវការ ពីតំណែងប្រធានគណបក្សប្រឆាំងហើយនោះ នៅតែមានសកម្មភាព«ផ្សារភ្ជាប់»ជាមួយ ជាមួយគណបក្សសង្គ្រោះជាតិដដែល។
បុរសខ្លាំងកម្ពុជា បានបញ្ជាទៅសមាជិកសភា មកពីគណបក្សកាន់អំណាច ឲ្យកែច្បាប់ ស្ដីពីគណបក្សនយោបាយនេះ ជាថ្មីម្ដងទៀត ដែលទំនងជាជំហានមួយទៀត ឈានទៅរំលាយគណបក្សសង្គ្រោះជាតិចោល ដោយយោងពីមូលហេតុ ថាប្រសិនជាលោក សម រង្ស៊ី នៅមានសកម្មភាព នៅជាមួយគណបក្សសង្គ្រោះជាតិ ទោះក្នុងទម្រង់ណាក៏ដោយ។ លោកនាយករដ្ឋមន្ត្រីថា លោកមិនបានខ្លាចលោក សម រង្ស៊ី ទេ និងថែមទាំងបានចំអក ដោយហៅមេដឹកនាំប្រឆាំង ដែលកំពុងរស់នៅនិរទសខ្លួន នៅក្រៅប្រទេស ឲ្យត្រឡប់ចូលមកក្នុងប្រទេសវិញ ជាមួយនឹងការអះអាងថា «ទ្វាបើកចំហរហើយ»។
បញ្ជាថ្មីរបស់លោក ហ៊ុន សែន បានធ្វើឡើងពីរថ្ងៃ ក្រោយការបង្ហោះវីដេអូមួយ ពីសំណាក់លោក សម រង្ស៊ី នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ ដែលជាការរំលឹកឡើងវិញ ពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ដែលមានអតីតភាព ចេញពីគណបក្សកុម្មុយនីសឥណ្ឌូចិន បង្កើតឡើងកាលពី៦៦ឆ្នាំមុន ដោយអតីតមេដឹកនាំយួន លោក ហូ ជីមិញ។ លោក សម រង្ស៊ី បានបកស្រាយនៅក្នុងវីដេអូនោះថា គណបក្សប្រជាជនកម្ពុជា ជាគណបក្ស«យួនបង្កើត» ដឹកនាំដោយ«យួនបង្កប់» និងធ្វើតាម«យួនបង្គាប់»៕
វីដេអូរបស់លោក សម រង្ស៊ី៖