ទិវាថ្ងៃ ៧មករា ត្រូវបានប្រារព្ធធ្វើ ក្រោមបរិយាកាសដ៏តឹងតែង
«ជ័យជំនះ ៧មករា បានសង្គ្រោះប្រជាជនកម្ពុជាឲ្យរស់រានមានជីវិតឡើងវិញ បានទាន់ពេលវេលាល្អណាស់» នេះជាកាលើកឡើងរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឭកខួបទី៣៥ នៃទិវាជ័យជំនះ ៧មករា ខណៈបរិយាកាសនយោបាយមួយ កំពុងមានសភាពតឹងតែងខ្លាំងនៅឡើយ នៅរាជធានីភ្នំពេញ ក្រោយការបង្ក្រាបបាតុកម្មយ៉ាងរង្គាល នៅផ្លូវវេងស្រេង និងការបណ្ដេញចេញដោយហិង្សា នូវបាតុកម្មរបស់គណបក្សប្រឆាំង ពីទីលានប្រជាធិបតេយ្យ កាលពី២-៣ថ្ងៃមុន។
ប៉េងប៉ោង ដែលគេបម្រុងនឹងបង្ហោះឡើង ដើម្បីបញ្ចប់ទិវាថ្ងៃ៧មករាឆ្នាំ២០១៤នេះ។ (រូបថត MONOROOM.info/ SengHong)
៧ មករា ១៩៧៩-២០១៤ - ទិវារម្លឹកខួបលើកទី៣៥ ជ័យជំនះ ៧ មករា ជាការរំលឹកខួបជ័យជំនះលើ របបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយបានរំដោះប្រជាជនកម្ពុជាច្រើនលាននាក់ ដែលបានរស់ក្រោមសម័យកាលដ៏អប្រិយ ជាង៣ឆ្នាំ៨ខែ២០ថ្ងៃ។ ប៉ុន្តែព្រឹត្តិការណ៍នេះ មិនអាចរាប់ត្រឹមតែជាជ័យជំនះលើរបបនេះប៉ុណ្ណោះទេ តែគេត្រូវរំលឹកឡើងវិញផងដែរ ពីថ្ងៃជាប្រវត្តិសាស្ត្រមួយ ដែលកងទ័ពនៃប្រទេសវៀតណាម បានចូលឈ្លានពានប្រទេសកម្ពុជា ហើយបានបន្តុបរបប«អាយ៉ងថ្មី»មួយទៀត នៅកម្ពុជា។ នេះបើតាមអ្នកស្រាវជ្រាវ និងប្រវត្តិវិទូជាច្រើន ដែលបានសរសេរនៅក្នុងអត្ថបទ ឬសៀវភៅរាប់មិនអស់របស់ពួកគេ។
សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលបានតាំងខ្លួនថាជា«បិតាសន្តិភាព» និងរដ្ឋាភិបាលសព្វថ្ងៃ ថ្ងៃ៧មករា វាជាថ្ងៃកំណើតទីពីរសម្រាប់ប្រជាជនកម្ពុជា ប៉ុន្តែវាក៏បានបើកទំព័រថ្មី សម្រាប់ឲ្យពួកគេបានឡើងមកកាន់អំណាចរហូតដល់សព្វថ្ងៃនេះដែរ។ ហើយការប្រារព្ធទិវានេះដោយគណបក្សមួយនេះ មិនដែលត្រូវបានអាក់ខានមិនបានធ្វើសូម្បីតែមួយឆ្នាំឡើយ រហូតវាត្រូវបានអនុម័ត្រជាបុណ្យជាតិ ហើយតម្រូវឲ្យមន្ត្រីរាជការបានឈប់សម្រាកពេញមួយថ្ងៃ។
នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៤នេះ នាមជ្ឈមណ្ឌលសន្និសីទកោះពេជ្រ គេសង្កេតឃើញមានវត្តមាន នៃអ្នកចូលរួមក្នុងពិធីនេះ មានចំនួនជាច្រើនម៉ឺននាក់ មានក្មេងចាស់ ប្រុសស្រី តែអ្វីដែលជាការកត់សម្គាល់នោះ មានមនុស្សវ័យចំណាស់ មានចូលរួមប្រហែលជាហុកសិបភាគរយ ដែលបានធ្វើដំណើរមកពីតាមខេត្តនានា។ លោក ជា ស៊ីម ប្រធានគណបក្សដែលអវត្តមាននៅឆ្នាំមុន បានចេញមុខសារជាថ្មីក្នុងមិទ្ទិញថ្ងៃនេះ អបដោយលោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ហេង សំរិន ប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា។
ពិធីដែលត្រូវបានចាប់ផ្តើមពីព្រឹកម៉ោង៧ និង៣០នាទីនោះ បានបញ្ចប់ទៅនៅម៉ោងប្រមាណជា ៩ព្រឹក ដោយមានការដោះលែងសត្វព្រាប និង ការបង្ហោះប៉េងប៉ោង អមដោយពាក្យស្លោកមួយចំនួន។ តែបើទោះជាមានផ្សាយបន្តផ្ទាល់ទៅតាមទូរទស្សន៍ និងប្រព័ន្ធឃោសនាការជាច្រើនលើសលប់ នៅក្នុងប្រទេសក៏ដោយ តែទិវានេះមិនសូវជាបានទាក់ទាញការចាប់អារម្មណ៍ បណ្ដាជនទូទៅនោះឡើយ។ ផ្ទុយទៅវិញ ក្រុមអ្នករិះគន់ និងអ្នកគាំទ្រគណបក្សប្រឆាំង បានផ្សព្វផ្សាយពត៌មានជាច្រើន តាមប្រព័ន្ធផ្សព្វផ្សាយរបស់គេ និងនៅតាមបណ្តាញសង្គមហ្វេសបុក ដើម្បីបង្ហាញពីការមិនគាំទ្រ របស់ពួកគេចំពោះថ្ងៃនេះ ហើយថែមទាំងបរិហាពីការឈ្លានពានចូលប្រទេសកម្ពុជា និងដាក់ប្រទេសនេះ នៅក្រោមអាណានិគមនិយម ពីសំណាក់ប្រទេសវៀតណាមនោះទៀត។
សម័យកាល«ទៅជិះឡាន មកជិះចាន»
វីដេអូ រូបភាព និងការបកស្រាយជាច្រើន ត្រូវបានគេផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក ធ្វើការបរិហាយ៉ាងចាស់ដៃទៅលើព្រឹត្តិការណ៍នេះ។ មនុស្សមួយចំនួនទៀត ដែលបានរស់នៅទាន់សម័យកាលនោះ បានរំលឹកមកវិញនូវព្រឹត្តិការណ៍ដ៏រន្ធត់ នៃយុទ្ធនាការ«ក៥»ដែលខ្មែររាប់សិបម៉ឺននាក់ ត្រូវបានអាជ្ញាធរនៅក្រោមបញ្ជារបស់វៀតណាម បញ្ជូនឲ្យទៅកាន់សមរភូមិជួរមុខ ហើយបានស្លាប់នៅទីនោះ ដោយជាន់មីន មានជំងឺ។ល។ អ្នកកំប្លែងដ៏ល្បីឈ្មោះម្នាក់ ក៏ធ្លាប់បានច្រៀងចំអកនឹងរឿងនេះដែរ ដូចជានៅក្នុងឃ្លាថា«ទៅជិះឡាន មកជិះចាន»ជាដើម។
នៅក្នុងវីដេអូមួយ លោក ប៉ែន សុវណ្ណ ដែលគេស្គាល់ថាធ្លាប់ជាអតីតសមមិត្តកៀកស្មា ជាមួយនឹង លោក ជា ស៊ីម លោក ហេង សំរិន និងលោក ហ៊ុន សែន នោះ បានបកស្រាយនូវព្រឹត្តិការណ៏មួយចំនួន ប្រឆាំងនឹងថ្ងៃ ៧ មករា ដែលរូបលោកធ្លាប់ជាអ្នកចូលរួមផ្ដួចផ្ដើមដែរ។ អតីតនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ចំណាស់ជាង ៧០ឆ្នាំរូបនេះ បានផ្សាយវីដេអូតាមទំព័រហ្វេសប៊ុករបស់លោកថា ថ្ងៃ៧ មករា ជាថ្ងៃដែលយួនចូលកាន់កាប់ប្រទេសកម្ពុជា ក្នុងលេសថា បានសង្គ្រោះកម្ពុជាពីសង្គ្រាម។ លោក ប៉ែន សុវណ្ណ បានបញ្ជាក់ទៀតថា ដោយសារតែរូបលោក បានប្រឆាំងនឹងបំណងចង់ដាក់ប្រទេសកម្ពុជា ទៅក្នុងអាណានិគមនិយមបែបថ្មី របស់ប្រទេសវៀតណាមនេះហើយ ទើបធ្វើឲ្យរូបលោក ត្រូវបានគេដកចេញពីតំណែង ហើយយកលោក ទៅដាក់គុកងងឹតអស់ជាង១០ឆ្នាំ ក្នុងពន្ធនាគារនៃប្រទេសកុម្មុយនីស។
រីឯនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិវិញ មេដឹកនាំគណបក្សនេះ បានធ្វើសន្និសីទកាសែតមួយ ដែលបានផ្សាយពីយុទ្ធការនយោបាយរបស់ខ្លួនជាបន្តទៅមុខទៀត ប្រឆាំងនឹងមេដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ដែលបានបញ្ជាឲ្យបង្ក្រាបយ៉ាងជូរចត់ ក្រុមអ្នកតវ៉ាប្រឆាំងនៅតាមបណ្ដោយផ្លូវវេងស្រេង និងបណ្ដេញចេញដោយហិង្សាពីទីលានប្រជាធិបតេយ្យ នូវបាតុកម្មដោយសន្តិវិធីរបស់ក្រុមប្រឆាំង។ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងនៅពេលនោះថា គណបក្សរបស់លោក កំពុងសិក្សាជាមួយក្រុមមេធាវីអន្តរជាតិមួយក្រុម ដើម្បីប្ដឹងជនអ្នកទទួលខុសត្រូវមួយចំនួន នៅក្នុងព្រឹត្តិការណ៍ទាំងនេះ ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ៕
សូមទស្សនារូបភាព ពីទិវាបុណ្យថ្ងៃ៧មករា៖
--------------------------------------
ដោយ៖ ក. សេងហុង ថ្ងៃ០៧ ខែមករា ឆ្នាំ ២០១៣
រក្សាសិទ្ឋដោយ៖ ទស្សនាវដ្តីមនោរម្យព័រអាំងហ្វូ